បន្ទាយមានជ័យ: ឱកាសបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតចូលមកដល់ មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យកាន់តែបន្តដុតដៃដុតជើងក្នុងការចុះត្រួតពិនិត្យ និងរិតបន្តឹងគុណភាពម្ហូបអាហារដើម្បីធានាដល់សុវត្ថិភាព សុខភាពប្រជាពលរដ្ឋអ្នកទទួលទាន។ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះដែរ មន្ត្រីសាខាកាំកុងត្រូលដឹកនាំដោយ លោក សាន វិជ្ជាសារ៉ាវុធ សហការមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តបានបន្តចុះតាមបណ្តាផ្សារនៅក្នុងទីរួមក្រុងសិរីសោភ័ណដើម្បីត្រួតពិនិត្យរាល់ផលិតផលម្ហូបអាហារនិងផលិតវេចខ្ចប់។
ក្នុងប្រតិបត្តិការនោះលោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងថា ដោយទទួលបានការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានឲ្យសាខាកាំកុងត្រូលទាំងអស់ទូទាំងប្រទេស អនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាន ជាពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌនោះ លោក រួមទាំងមន្ត្រីកាំកុងត្រូលខេត្ត តែងសហការជាមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យជាប់ជាប្រចាំនូវការតាំងលក់ផលិតផលម្ហូបអាហារដែលសង្ស័យថាហួសសុពលភាពប្រើប្រាស់និងប្រើប្រាស់គីមីហាមឃាត់របស់អាជីករ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្ត បានធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពអោយច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានធ្វើការបិទ Poster ពន្យល់ណែនាំពីរបៀបជ្រើសរើស ម្ហូបអាហារ ដែលមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ សម្រាប់យកមកទទួលទានផងដែរ៕