ភ្នំពេញៈ អាជ្ញាធរចម្រុះខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងមានការចូលរួមពីលោក ឃាង ម៉ារិទ្ធិ អនុប្រធានការិយាល័យផលិតកម្ម និងបង្សុ នៃមន្ទីរកសិកម្មរាជធានីភ្នំពេញ នៅវេលាម៉ោង៩៖២០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះ បានចុះផ្អាកអាជីវកម្មសិប្បកម្មលក់មាន់ ចំនួន២កន្លែង ស្ថិតតាមបណ្តោយផ្លូវ២៩បេតេ ភូមិសន្សំចំរើនផល៣ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ក្រោយមានផលប៉ះពាល់លើបញ្ហាគ្មានអនាម័យ និងមានក្លិនស្អុយជះឥទ្ធិពលដល់ពលរដ្ឋក្បែរខាង។
ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងទាំងពីរមានម្ចាស់ឈ្មោះ ទី១-ឈ្មោះ ប្រាក់ ស្រីមុំ ជាម្ចាស់អាជីវកម្មខ្នាតតូចល្មម ផ្ទះគ្មានលេខ និងទីតាំងទី២ មានម្ចាស់ឈ្មោះ ឡុង សុវណ្ណារិទ្ធិ ជាម្ចាស់អាជីវកម្មមាន់ខ្នាតធំ ចំណុចផ្ទះលេខ៨២២។ ទីតាំងទាំង២នេះ ស្របនៅលើផ្លូវរួមជាមួយគ្នា។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានឲ្យដឹងថា មុនឈានដល់ការដឹកនាំកម្លាំងចម្រុះ ចុះមកផ្អាកអាជីវកម្មទាំង២ខាងលើ បណ្តោះអាសន្ននោះ គឺកន្លងមកអាជ្ញាធរខណ្ឌធ្លាប់បានធ្វើលិខិតណែនាំឲ្យម្ចាស់អាជីវកម្មទាំង២ ត្រូវរុះរើរសម្ភារៈរបស់ខ្លួន ដែលមានក្នុងទីតាំងចេញឲ្យអស់ និងត្រូវលាងសម្អាតឲ្យបានស្អាតល្អ មុនពេលបញ្ឈប់អាជីវកម្ម។
លោកអភិបាលរង បានបន្តថា កន្លងមក គឺអាជ្ញាធរធ្លាប់ទទួលបានបណ្តឹងជាច្រើនពីប្រជាពលរដ្ឋក្បែរខាង ប្តឹងទៅកាន់អាជ្ញាធរ អំពីផលប្រឈមលើបញ្ហាអនាម័យ ពោលគឺជះក្លិនស្អុយបំផុតចេញពីទីតាំងទាំង២ បង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ក្រោយទទួលបានបណ្តឹងមក កម្លាំងអាជ្ញាធរ ក្នុងនោះមានមន្ត្រីជំនាញ បានចុះទៅពិនិត្យជាក់ស្តែង ក៏រកឃើញថា ទីតាំងទាំង២ខាងលើ ពិតជាមានផលប្រឈមដូចអ្វីដែលពលរដ្ឋបានប្តឹងប្រាកដមែន ហើយអ្វីពិសេសនោះ គឺទីតាំងទាំង២នេះ មិនមានអនាម័យល្អ លើសង្វាក់អាជីវកម្មរបស់ខ្លួនផងដែរ។
យ៉ាងណាមិញ នៅវេលាព្រឹកថ្ងៃខែដដែល អាជ្ញាធរបានធ្វើកំណត់ហេតុ ផ្អាកទីតាំងអាជីវកម្មមាន់ទាំង២នេះ និងមិនតម្រូវឲ្យម្ចាស់អាជីវកម្មទាំង២ អាចបន្តអាជីវកម្មបានទៀតឡើយ ពោលគឺតម្រូវឲ្យពួកគាត់បញ្ឈប់អាជីវកម្មដោយខ្លួនឯង ដោយត្រូវប្រមែប្រមូលសម្ភារៈទាំងអស់ ចេញពីទីតាំងរបស់ខ្លួន ហើយត្រូវលាងសម្អាតទីតាំងឲ្យបានស្អាតល្អជាមុនសិន មុនពេលបញ្ឈប់អាជីវកម្មរបស់ខ្លួន។ ម្យ៉ាងទៀតពួកគេអាចផ្លាស់ប្តូរទីតាំងរបស់ខ្លួនពីតំបន់កំពុងមានផលប្រឈមខាងលើ ទៅតាំងទីទួលនៅតំបន់ដាច់ស្រយ៉ាល់សមស្របណាមួយបាន ដែលមិនមែនជាទីប្រជុំជន ដើម្បីជៀសវៀងការប៉ះពាល់ដល់បរិក្ខាអនាម័យសង្គម ពិសេសរំខានដល់ការរស់នៅរបស់ប្រជាជនក្បែរខាង។
លោកអភិបាលរងខណ្ឌបន្តថា ក្នុងករណីដែលម្ចាស់ទីតាំងទាំង២ខាងលើ មិនគោរពទៅតាមកំណត់ហេតុ ឬគោលលការណ៍ណែនាំរបស់អាជ្ញាធរនោះ អាជ្ញាធរនឹងមានវិធានការចាត់ការតាមច្បាប់ជាក់ជាមិនខានឡើយ៕