
កំពតៈ គណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន ក្រោយពីបានពិភាក្សាស្វែងយល់អំពីភូមិសាស្ត្រ និងសត្តានុពលនៃខេត្តកំពតរួចមក បានបញ្ហាអំពីជំហរខ្លួនថា នឹងស្វែងរកលទ្ធភាពទាំងការរៀបចំផែនការវិនិយោគ និងការសម្របសម្រួលផ្នែកផ្លូវច្បាប់នៃប្រទេសទាំងពីរ(កម្ពុជា-ចិន) ដើម្បីដាក់សំណើធ្វើការវិនិយោគដ៏ធំបំផុតមួយនៅក្នុងទឹកដីនៃខេត្តកំព ពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានលក្ខណៈទំនើបរីកចម្រើនដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា។
នៅក្នុងកិច្ចសម្ភាសន៍ក្រោយជំនួបពិភាក្សាជាមួយរដ្ឋបាលខេត្តកំពត ក្រោមកិច្ចដឹកនាំ និងស្វាគមន៍ដ៏កក់ក្តៅពីសំណាក់លោក ជាវ តាយ អភិបាលខេត្តកំពត នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ លោក ហុង ងៀន ប្រធានប្រតិភូចិន និងជាស្ថាបនិកក្រុមហ៊ុន សៀងហៃ ហុងងៀន ក៏បានប្រាប់ឲ្យដឹងអំពីគោលបំណង នៃទស្សនៈកិច្ច និងកិច្ចពិភាក្សារបស់ខ្លួនថា គឺដើម្បីសិក្សាស្វែងយល់ អំពីភូមិសាស្ត្រ សក្ដានុពល និងស្វែងលទ្ធភាពដែលខេត្តកំពតមានដើម្បីធ្វើការវិនិយោគដ៏ធំបំផុតមួយ។
លោកបានបញ្ជាក់ថា ក្រោយបានជួបពិភាក្សា ក្រុមហ៊ុនមានបំណងមកដាក់ទុនរកស៊ីនៅខេត្តកំពត និងមានមហិច្ឆតា ចង់ប្រែក្លាយខេត្តកំពត ជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំបំផុត មិនធ្លាប់មាននៅកម្ពុជា និងខ្លាំងផ្នែកសេដ្ឋកិច្ច ពោលគឺចង់អោយមានការអភិវឌ្ឍជឿនលឿន ដូចនៅក្នុងខេត្តស៊ិនចូវ ប្រទេសចិន ឬក៏ដូចនៅសិង្ហបុរី ដែលតាមការសម្លឹងមើលឃើញនៅកម្ពុជា ពុំទាន់មានគម្រោងដូចនេះនៅឡើយទេ។
ក្រៅពីនេះ លោក ហុង ងៀន ក៏បានចាប់អារម្មណ៍លើការវិនិយោគវិស័យគមនាគមន៍ ដូចជាការធ្វើកំពង់ផែ ទីលានយន្តហោះ ផ្លូវរថភ្លើងល្បឿនលឿន កំពតភ្នំពេញ-កំពតខេត្តព្រះសីហនុ និងគម្រោងជាច្រើនទៀត។ ប្រធានប្រតិភូក្រុមហ៊ុនវិនិយោគចិនក៏ស្នើអោយអាជ្ញាធរខេត្ត ឬជំនាញពាក់ព័ន្ធ មានការសហការគាំទ្រព្រមទាំងថែមការធានាទាំងសន្តិសុខ និងផ្លូវច្បាប់គ្រប់គ្រាន់ផងដែរ ហើយបើតាមការរំពឹងរបស់លោក ថាគម្រោងវិនិយោគដ៏ធំនៅខេត្តកំពតនេះ នឹងអាចដំណើការរហូតដល់ទៅ៨០%។
ជាការឆ្លើយតបលោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ប្រទេសជាតិមានសុខសន្តិភាព និងការធានាស្ថេរភាពនយោបាយ ព្រមទាំងការធានាផ្លូវច្បាប់គ្រប់គ្រាន់ពេញលេញ សម្រាប់អ្នកវិនិយោគនានាទាំងក្នុង និងក្រៅស្រុកមកដាក់ទុនរកស៊ីនៅកម្ពុជា។ លោក បានបញ្ជាក់ទៀតថា គម្រោងធំៗដូចនេះ ក្រោយពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគហើយ គម្រោងនឹងសំណើវិនិយោគផ្សេង ត្រូវដាក់ឆ្លងទៅក្រុមប្រឹក្សាអភិវឌ្ឍជាតិ(CDC) ឬក៏រាជរដ្ឋាភិបាលនិង រដ្ឋសភាជាអ្នកសម្រេច។
លោក ជាវ តាយ បានសំដែងនូវការគាំទ្រ និងក្តីសង្ឃឹមយ៉ាងដូច្នេះ៖
សូមបញ្ជាក់ថា គម្រោងដ៏ធំមួយនេះ នៅមិនទាន់បានពិភាក្សា ថាតើនឹងជ្រើសយកតំបន់ណានៃខេត្តកំពត ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសបែបទំនើប(មានក្រុង អគារទំនើប រោងចក្រ កំពង់ផែរ ប្រលានយន្តហោះ និងកន្លែងទេសចរណ៍.......) ហើយក៏មិនទាន់ដឹងអំពីទំហំនៃការវិនិយោគក្នុងកញ្ចប់ថវិកាប៉ុន្មាននោះដែរ៕