
ភ្នំពេញៈ ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុញ្ញាតឲ្យលោក ម៉ាក ស្ទេនទ្បេ (Mark Stanley) អ្នកសម្របសម្រួលតំបន់ កម្មវិធីត្រួតពិនិត្យកុងតឺន័រ របស់អង្គការ UNODC ដើម្បីជួបពិភាក្សាការងារពាក់ព័ន្ធ នឹងការអនុវត្តកម្មវិធីត្រួតពិនិត្យគ្រឿងញៀន នៅតាមកំពង់ផែអន្តរជាតិ ។
ក្នុងឱកាសនោះ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា ភាគីយើងទាំងពីរបានជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធការពង្រឹង និងលើកកម្ពស់កិច្ចការងារ នៃកម្មវិធីត្រួតពិនិត្យកុងតឺនរ័ រួមជាមួយការគាំទ្រឲ្យមានដំណើរការនូវយន្តការនេះប្រកបដោយនិរន្តរភាព ពីភាគីផ្តល់ជំនួយតាមរយ:អង្គការUNODC ។

ជាមួយគ្នានេះ លោកម៉ាក ស្ទេនឡេ តំណាងភាគីUN ក៏បានលើកឡើងពីការបំពាក់ឧបការណ៍សម្ភារសម្រាប់ដំណើរការការិយាល័យត្រួតពិនិត្យ ការដឹកជញ្ជូនតាមផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយត្រៀមសុំកិច្ចសហការដើម្បីបើកសម្ពោធការិយាល័យនៅដើមខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ដោយតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿញៀន និងឧក្រិដ្ឋកម្ម UNODC និងស្ថាប័នពាក់ពន័្ធរបស់ភាគីកម្ពុជា។
ដោយឡែកនៅល្ងាចថ្ងៃដដែលនោះ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានទទួលជួបលោក គូណាល់ នាយករងអង្គការសម្ព័ន្ធភាពឥណ្ឌាប្រយុទ្ធ នឹងជំងឺអេដស៍ ដើម្បីពិភាក្សា និងស្វែងរកការគាំទ្រលើកម្មវិធីកាត់បន្ថយគ្រោះថ្នាក់នៅកម្ពុជា ហើយភាគីកម្ពុជាព្រមទទួលយកកិច្ចសហការក្រោមឆត្រ័របស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿញៀន និងឧក្រឹដ្ឋកម្មUNODCលើបីចំណចរួមមាន:
១.បណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់សម្រាប់កម្មវិធីកាត់បន្ថយគ្រោះថ្នាក់
២.បង្កើតឲ្យមានគោលការណ៍ណែនាំពីការងារព្យាបាលអ្នកញៀនគ្រឿងញៀនប្រភេទសំយោគ
៣.ការគ្រប់គ្រងលើការរប្រើប្រាស់គ្រឿងញៀនហួសកម្រិត ៕




