header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីមើលឃើញនូវក្តីកង្វល់អាជីវករផ្សារឯករាជ្យ២ ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ទើបនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ អាជ្ញាធររាជធានីភ្នំពេញ ខណ្ឌ សង្កាត់  រួមជាមួយតំណាងផ្សារ ចុះទៅធ្វើការ​សម្របសម្រួលជា​មួយបងប្អូនអាជីវករ ដែលមានតូបលក់ដូរក្នុងផ្សារទាំង១៧៦តូប ក្រោយថៅកែផ្សារបិទទ្វារផ្សារមិនអនុញ្ញាតឲ្យបងប្អូនអាជីវករចូលលក់ដូរ ក្នុងថ្ងៃបុណ្យជាតិ ឈប់សម្រាក ទើបផ្ទុះជារឿងតវ៉ាចំនួន២លើក លើកចុងក្រោយនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ បងប្អូនអ្នកលក់ចំនួន១៧៦នាក់ តវ៉ាទាមទារឲ្យ​អាជ្ញាធរមេត្តាជួយដោះស្រាយ សុំឲ្យពួកគាត់បានចូលលក់ជាធម្មតាវិញ។

ក្រោមវត្តមានលោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិសែនជ័យ លោកចៅសង្កាត់ចោមចៅទី៣ មន្រ្តីសង្កាត់ ខណ្ឌ ក្រុង អាជ្ញាធរមូលដ្ឋាន មេភូមិ បងប្អូនអាជីករផ្សារឯករាជ្យ២ ដែលមានវត្តមានក្នុងព្រឹកថ្ងៃទី៣០ ខែតុលានេះចំនួន១៥៦នាក់ ក្នុងចំណោមអាជីវករសរុបចំនួន១៧៦នាក់ ។

លោកអភិបាលខណ្ឌ តែងតែចុះជួយដល់បងប្អូនប្រជាពលរដ្ឋ ជួបបញ្ហា បានឲ្យដឹងថា លោកគ្រាន់តែចុះមកធ្វើការសម្របសម្រួលជាមួយបងប្អូន ហើយសម្រេចយ៉ាងណានោះ លោកអភិបាលរងរាជធានីភ្នំពេញ ចុះមកបន្តសម្រួលរវាងអាជីវករជាមួយ ភាគីខាង លោកឧកញ៉ា ព្រំ សុធី ជាម្ចាស់ផ្សារឯករាជ្យ២ ។

លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ តំណាងឲ្យ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានវត្តមាននៅផ្សារឯករាជ្យ២ ក្នុងការសម្របសម្រួល អស់រយៈពេលច្រើនម៉ោង រហូតដល់វេលាម៉ោង១២និង១០នាទីរសៀលថ្ងៃដដែល ដំណោះស្រាយមិនទាន់ចប់សព្វគ្រប់ទាំងស្រុងនោះទេ ហើយបានឯកភាពគ្នា សម្រេចរក្សាឲ្យអាជីវករចូលលក់ដូរជាធម្មតាវិញសិន ហើយពាក់ព័ន្ធទៅ​នឹងតម្លៃសេវា អនាម័យ សន្តិសុខ ដែលខាងផ្សារចង់ដំឡើងថ្លៃដល់ទៅ៣០ដុល្លារក្នុងមួយខែនោះ ឲ្យផ្អាកសិន ខណៈដែលបច្ចុប្បន្ន តម្លៃសេវា២៥ដុល្លារ ក្នុងមួយខែ ។

ហើយបញ្ហាថៅកែផ្សារចង់ដំឡើងថ្លៃ អនាម័យ និងសន្តិសុខ ដល់ទៅ៣០ដុល្លារ នៅរង់ចាំដើមឆ្នាំ២០១៩ នឹងលើកយកមកពិភាក្សាដោះស្រាយគ្នាជាំថ្មី តែអ្វីដែលត្រូវដំណោះស្រាយចំពោះមុខ គឺ​ត្រូវឲ្យអាជីវករចូលលក់ដូរជាធម្មតាវិញសិន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post