
ភ្នំពេញៈ អ្នកនាំពាក្យសាលាឧទ្ធរណ៍ កាពីថៃទី២៩ តុលា ឆ្នាំ២០១៨ បានចេញសារព្រមានចាត់វិធានការណ៍តាមផ្លូវច្បាប់ លើម្ចាស់អាខោនហ្វេសបុកចំនួន២ ដែលបង្ហោះសារវាយប្រហាចៅក្រមសាលាឧទ្ធរណ៍ ភ្ជាប់ជាមួយរូបភាពទណ្ឌិត និងសកម្មភាពផ្សេងៗនៅក្នុងរឿងក្ដីឃាតកម្មមួយនៅខេត្តកំពត ដែលចៅក្រមសាលាឧទ្ធរណ៍ បានសម្រេចដោះលែង កាលពីពេលថ្មីៗនេះ។
គ្រួសារជនរងគ្រោះ បានចោទប្រកាន់ លោក ប៉ុល សំអឿន និង ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ថា បានដោះលែងជនជាប់ចោទ ករណីអំពើឃាតកម្ម។
គណនីហ្វេសប៊ុកឈ្មោះ Bong Veth សរសេរថា "នេះជារូបចៅក្រម ប៉ុល សំអឿន ដែលហ៊ានដោះលែងអ្នកទោសឃាតកម្មទាំងមុខស្រស់មិនខ្លាចញញើតនឹងច្បាប់ទាំងខ្លួនជាអ្នកកាន់ច្បាប់ ដោយសារទទួលលុយសំណូកពីក្រុមឃាតកមិនគិតដល់ហានិភ័យរបស់សាក្សី និងជនរងគ្រោះ"។
គណនីហ្វេសប៊ុកដដែល បន្តថា "អាស្រ័យដូចបានជម្រាបខាងលើនេះ គ្រួសារខ្ញុំជាជនរងគ្រោះសុំឱ្យក្រសួងពាក់ព័ន្ធនិងក្រសួងប្រឆាំងអំពើពុករលួយមេត្តាចុះអង្កេត"។
ដោយឡែកគណនីហ្វេសប៊ុកមួយទៀតឈ្មោះ Moly Van សរសេរថា "យុត្ដិធម៌នៅឯណា លោកចៅក្រម ប៉ុល សំអឿន បានចេញសាក្រមលើកលែងទោសឃាតក ដែលសម្លាប់មនុស្ស ឱ្យរួចពីទោស ! តើនេះជាច្បាប់ស្រុកខ្មែរមែនទេ ប្រសិនបើរឿងបែបនេះកើតលើបងប្អូនទាំងអស់គ្នាមានអារម្មណ៍បែបណា សូមជួយរកយុត្ថិធម៌ផងឱ្យគ្រួសារខ្ញុំផង"។
ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបង្ហាញលទ្ធផលស៊ើបអង្កេតលំអិតអំពីករណីនេះ ។
សាលាឧទ្ធរណ៍ ក៏បានស្នើសុំឱ្យម្ចាស់គណនីហ្វេសប៊ុកទាំង២ គឺ Moly van និង ឈ្មោះ Bong Veth និង អ្នកចែកចាយបន្ត បញ្ឈប់ការបង្ហោះសារមិនត្រឹមត្រូវចាប់ពីពេលនេះតទៅ បើលោក លោកស្រី មិនបញ្ឈប់តាមការជូនដំណឹងនេះទេ សាលាឧទ្ធរណ៍នឹងចាត់វិធានការតាមផ្លូវច្បាប់ ។
តាមសចក្ដីប្រកាសរបស់សាលាឧទ្ធរណ៍ បានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែ៩ ឆ្នាំ២០១៨ ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍បានប្រកាសសាលដីកាសម្រេចតម្កល់ទុកសាលក្រមសាលាដំបូងខេត្តកំពតទុកជាបានការដដែល លើកលែងតែឈ្មោះ ទៀង ញ៉េន ឈ្មោះ គង់ ភិរុណរ័ត្ន ឈ្មោះ កឹង យ៉ាត ដែលក្រុមប្រឹក្សាយល់ថា ជនជាប់ចោទនេះ មានភស្តុតាងថ្មី ដែលបញ្ជាក់ថា មានជនល្មើសផ្សេងជាអ្នកប្រព្រឹត្តបទល្មើស ត្រូវសម្រេចអោយរួចផុតពីបទចោទ និងដោះលែងអោយមានសេរីភាពវិញ។ ចំណែកជនជាប់ចោទឈ្មោះ ចាន់ រ័ត្ន ត្រូវរក្សាផ្ដន្ទាទោសនិងសំណង៣០លានរៀលដដែល។ ចំពោះជនសង្ស័យឈ្មោះ ម៉ៅ គឹមអេង និងឈ្មោះ លឹម ភី ដោយសារតែមិនទាន់បានចោទប្រកាន់នៅឡើយ សាលាឧទ្ធរណ៍សម្រេចបង្វិលសំណុំរឿងអោយទៅសាលាដំបូងខេត្តកំពតចាត់ការបន្តតាមច្បាប់៕

