header ads

Sponsor

រិទ្ធី

ដើមឡើយ បឹងព្រែកទប់ មានផ្ទៃដីទាំងមូល ចំនួន ២៧០ហិចតា (ផ្ទៃបឹង រួមទាំងដីផ្ទៃ រងទឹកភ្លៀងក្រវាត់ការពារជុំវិញបឹង) ក្រោយមកក៏មានការទន្ទ្រាន យកដីផ្ទៃរងទឹកភ្លៀង កាន់កាប់ដោយគ្មានច្បាប់ ក៏នៅសល់តែ ៩២ហិចតាប៉ុណ្ណោះ (ជំនាន់ ឯកឧត្តម សាយ ហាក់ អភិបាលខេត្ត) ។ លុះដល់ជំនាន់ឯកឧត្តម ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុ ដីផ្ទៃរងទឹកភ្លៀង ដែលនៅសល់ចំនួន ៩២ហិចតា ត្រូវបានឃុបឃិតគ្នា រំលោភយកអស់គ្មានសល់។ ដោយលោក ស្បោង សារ៉ាត បានសម្រេចការពារតែផ្ទៃបឹងព្រែកទប់ ចំនួន ១៤ហិចតា ប៉ុណ្ណោះ ។

បច្ចុប្បន្ននេះ ដីនៅតំបន់នេះ ត្រូវបានលោក ហ៊ុន ភី (ប្រធានមនី្ទរសុរិយោដី) ចុះហត្ថលេខាចេញប្លង់ឲ្យគេវិញ អស់ទៅហើយ ដូចជាដីរបស់លោក ខាត់ ប៊ុណ្ណា នេះជាដើមដែលសម្តេចតេជោ ធ្លាប់បញ្ជាឱ្យចៅហ្វាយក្រុង លោក សាយ ហាក់ កម្ទេចចោល និងមិនអនុញ្ញាតផ្តល់កម្មសិទ្ធិឲ្យទេ ឥឡូវនេះលោក ហ៊ុន ភី ស៊ីញ៉េឲ្យគេខ្ទេចអស់។ ជាងនេះទៅទៀត គេឃើញលោកឧត្តមសេនីយ៍ទោ តាក វណ្ណថា ស្នងការនគរបាល ខេត្តព្រះសីហនុ ក៏បានរំលោភយកដីតំបន់នេះដែរ ហើយថែមទាំងបានសង់ភូមិគ្រឹះមួយយ៉ាងធំ ដោយគ្មានច្បាប់ទម្លាប់អ្វីទាំងអស់ ។

រឿងចាក់ដីលុបបឹងព្រែកទប់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកនៃ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រកាសប្រឆាំងដាច់អហង្ការចំពោះការចាក់ដីលុបបឹងព្រែកទប់។ តាមរយៈហ្វេសប៊ុក លោក ពេជ្រ ស្រស់ បានសរសេរថា៖ បឹងព្រែកទប់កំពុងរំកិលបាត់បង់ តើនរណាជាអ្នកទទួលខុសត្រូវ? បើអនុក្រឹតក៏បានការពារដែរនោះ លោករដ្ឋមន្រ្តី សាយ សំអាល់ គួរគិតយ៉ាងណាស្របពេលលោកជាអ្នកទទួលដឹងឮផងដែរ.....?

ក្នុងនាមខ្ញុំជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយរូបសូមប្រឆាំងយ៉ាងដាច់អហង្ការចំពោះការចាក់ដីលុបបឹងព្រែកទប់ដែលស្ថិតនៅក្នុង ខេត្តព្រះសីហនុ ក្នុងន័យនេះដែរ ខ្ញុំសូមអំពាវនាវ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយទប់ស្កាត់សកម្មភាពការចាក់ដីលុបបឹងព្រែកទប់ផង ដោយហេតុបឹងព្រែកទប់នេះមានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋខ្មែរ រស់នៅក្នុងខេត្តព្រះសីហនុនេះ។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានចេញអនុក្រឹត្យកំណត់ ផ្ទៃបឹងដល់ទំហំ ១៦.៣ហិចតា ជាតំបន់ការពារប្រភពទឹកសាប បឹងព្រែកទប់ សំរាប់ប្រើប្រាស់ ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងព្រះសីហនុ ។

ថ្មីៗនេះ ក្នុងឱកាសចូលរួមពិធីផ្ទេរ និង ចូលកាន់មុខតំណែង អភិបាលខេត្តព្រះសីហនុ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាដាច់ខាត ឱ្យអភិបាលខេត្តថ្មី លោក ឈុន សុខុន ត្រូវតែការពារឲ្យខាងតែបាន ចំពោះតំបន់ និង ផ្ទៃបឹងព្រែកទប់ ព្រោះវានឹងផ្តល់ប្រភពទឹកសាប មិនមែនសម្រាប់តែប្រជាជន នៅក្រុងព្រះសីហនុទេ ក៏ប៉ុន្តែសម្រាប់បម្រើឲ្យទេសចរ ដែលចេះតែកើនឡើងទៅកាន់ តំបន់ឆ្នេរនេះទៀតផង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post