header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ កាន់តែខិតជិតចូលមកដល់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងថា មានអ្នកទោសនៅកម្ពុជា បានស្នើសុំលើកលែង និងបន្ធូរបន្ថយទោសចំនួន៣១៩នាក់ ខណៈគណៈកម្មធិការលើកលែងទោស និងបន្ធូរបន្ថយទោស កំពុងតែពិចារណា ចំពោះការស្នើសុំមកពីតាមបណ្តាពន្ធនាគារ។

កាលឆ្នាំ២០១៧ ព្រះមហាក្សត្រកម្ពុជា បានបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន១៥៧នាក់ ក្នុងនោះ ស្រី២០នាក់, ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចំនួន៧២នាក់, ពិធីបុណ្យពិសាខបូជា ចំនួន៣៥នាក់ និងពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ចំនួន៥០នាក់។

ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅអាមេរិក នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា នៅឆ្នាំ២០១៨ សម្ដេចនឹងស្នើសុំព្រះមហាក្សត្រ ដើម្បីឲ្យព្រះអង្គព្រះរាជទានលើកលែងទោស និងបន្ធូរបន្ថយជាទ្រង់ទ្រាយធំ បន្ថែមលើកម្មវិធីលើកលែងទោសប្រចាំឆ្នាំ ដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យឯករាជ្យជាតិ និងការប្រារព្ធខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ ការលើកលែងទោស ធ្វើឡើងដើម្បីឲ្យខ្មែរ រួបរួមគ្នា កុំឲ្យបែកបាក់គ្នា និងឲ្យជនទាំងនោះ បានចេញមកកែប្រែខ្លួន កុំឲ្យប្រមាថ មាក់ងាយគ្នាតទៅទៀត។

លោក ជិន ម៉ាលីន នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ថា “មកដល់ពេលនេះ គឺគណៈកម្មការកំពុងតែពិចារណាលើសំណើស្នើសុំពីតាមពន្ធនាគារ តាមមណ្ឌលអប់រំកែប្រែទាំងបួន។ ចំនួនដែលស្នើសុំ៣១៩នាក់ ក្នុងនោះ មានចំនួន១៣៣នាក់ជាស្ដ្រី”

ចំពោះការសម្រេចលើកលែង និងបន្ធូរបន្ថយទោសប៉ុន្មាននាក់នោះ លោកបញ្ជាក់ថា ក្រសួងយុត្តិធម៌ មិនទាន់សម្រេចនៅឡើយ ហើយក៏អត់ទាន់កំណត់ថ្ងៃបើកកិច្ចប្រជុំដែរ។ លោកថា ការលើកលែង និងបន្ធូរបន្ថយទោសនេះ ដោយផ្អែកលើគោលការណ៍ច្បាប់ និងមនុស្សធម៌ ដូច្នេះគោលការណ៍មនុស្សធម៌ រួមមាន ស្ដ្រីមានផ្ទៃពោះ, ស្ដ្រីដែលមានកូនក្នុងពន្ធនាគារ, ជនចាស់ជរា, អ្នកមានជំងឺ និងអ្នកកែប្រែខ្លួនជាដើម។

សូមជម្រាបថា ចំពោះអ្នកជាប់ឃុំក្នុងពន្ធនាគារ នៅកម្ពុជា ឆ្នាំ២០១៧ មានចំនួន២៨,៤១៤នាក់ ក្នុងនោះ មានស្រី្ត២,៤៤៣នាក់។ ក្នុងចំណោមជនជាប់ឃុំទាំងអស់ មានជាង៥១ភាគរយ ត្រូវបានចោទពីបទល្មើសគ្រឿងញៀន, ជាង១៨ភាគរយ ពីបទប្លន់ និងលួចមានស្ថានទម្ងន់ទោស, មានជិត៨ភាគរយ ពីបទឃាតកម្ម, មនុស្សឃាត មានជាង៧ភាគរយ និងបទរំលោភសេពសន្ថវៈ និងបទល្មើសផ្សេងៗមានជាង១៣ភាគរយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post