Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកមកជួយបានត្រឹមតែ​អន្ទះសារ​ ខណៈម្តាយក្មេក កំពុងមានអាការៈតឹងដើមទ្រូង ចង់ស្ទះដង្ហើម តែបែរជាលោក​គ្រូផ្សំឱសថបុរាណ ភូ យ៉ុងងៀន ដែលជាកូនប្រសារ ស្រវឹង បានចាក់សោទ្វារជាប់ មិនឲ្យម្តាយក្មេកដែលមានជំងឺបេះដូងចេញមកក្រៅទេ ទោះប្រឹងស្រែក​ដង្ហើយហៅពីក្នុងផ្ទះឲ្យគេជួយ​ ហើយទាក់ទងសមត្ថកិច្ចអស់ជិតមួយខណ្ឌរាប់ម៉ោង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០០:១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ​អង្គារ៍​ ទី១៦ ខែតុលា ឆ្នាំ២០១៨ នៅផ្ទះល្វែង​ស្កឹមស្កៃ​មួយ​កន្លែង​យីហោ "ឱសថបុរាណអមតៈ​កំលាំងសេះខ្មៅ របស់​លោកគ្រូ ភូ​ យ៉ុងនៀន ហៅ​ កៃ​ យឺ" តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ​។

បើតាមសម្ដីបុរសម្នាក់ ដែលជាប្អូនថ្លៃបង្ហើបឲ្យដឹងថា លោក ភូ​ យ៉ុងនៀន ហៅ​ កៃ​ យី អាយុ៦០ឆ្នាំជាង​ មុខរបរ​គ្រូផ្សំឱសថបុរាណ មានប្រពន្ធ៤នាក់ រួមទាំង​បងស្រីរបស់គាត់ ស្នាក់នៅផ្ទះកើតហេតុខាងលើ នៅពេលដែលស្រវឹងស្រា គឺតែងតែមិនស្គាល់ចាស់មិនស្គាល់ក្មេងនោះទ ហើយ​យក​កាំភ្លើង​មកលេងសើច គំរាម​គេឯង​ជារើយៗ​ ជាពិសេស​សាច់ញាតិ​ ទាំងប្រពន្ធក៏ធ្លាប់​ភ័យខ្លួន​ច្រើនដងហើយ ដោយសារតែគាត់​យកកាំភ្លើង មកគំរាម​លេង នៅចំពោះមុខឪពុកម្ដាយក្មេក​ច្រើនលើកច្រើនសា​ហើយដែរ។

បុរសដែលជាប្អូនថ្លៃក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ ពីដំណើររឿងថា នៅមុនពេលកើតហេតុ​ គឺម្ដាយរបស់គាត់បានធ្វើខួបកំណើតប្រពន្ធទី៤ របស់បងថ្លៃរបស់គាត់ (បងថ្លៃរបស់គាត់គឺលោកគ្រូភូ​ យ៉ុងនៀន ហៅ​ កៃ​យី) លុះដល់ម៉ោងជាង១០​យប់​ ថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០១៨នេះ​ ម្ដាយរបស់​គាត់ក៏សំរានលក់ទៅ ហើយនៅពេលភ្ញាក់ឡើងមកម៉ោងប្រហែល១២យប់ទៅហើយ ដោយម្ដាយគាត់ដែលមានជម្ងឺបេះដូងស្រាប់ផង បែរជា​មាន​អាការៈ​​មិនស្រួល​ ព្រោះមិនបានលេបថ្នាំ ដែលពេទ្យឲ្យ​ញាំឲ្យបាន​ទៀងទាត់​ ទើបភ្លាមៗនោះម្ដាយគាត់បានទូរស័ព្ទមកគាត់ អោយប្រញ៉ាប់មកយកគាត់ទៅផ្ទះផង ព្រោះកំពុងមាន​អាការៈតឹងដើមទ្រូង​តិចៗហើយ ដោយមិនទាន់មានអ្នកណាជួយទេ។ លុះពេលមកដល់ ក៏មិនទាន់អាចជួយបានទៀត បែរជាលោក​គ្រូផ្សំឱសថបុរាណ ភូ យ៉ុងងៀន ដែលជាកូនប្រសារ ស្រវឹងស្រា​ បានចាក់សោរទ្វារជាប់ មិនអោយម្តាយក្មេកដែលមានជម្ងឺបេះដូង ចេញមកក្រៅទេ ធ្វើឲ្យអ្នកគ្រប់គ្នាបានត្រឹមតែ​​អន្ទះសា​ ខណៈដែលលឺតែសំឡេងអ្នកម្តាយស្រែក​ដង្ហើយហៅ ពីក្នុងផ្ទះអោយជួយ​គាត់ផង​ ព្រោះគាត់តឹងដើមទ្រូងណាស់ ចង់ស្ទះដង្ហើមហើយ។

បុរសដែលជាកូនបង្កើតស្ត្រីដែលជាប់ក្នុងផ្ទះបានអោយដឹងទៀតថា រូបគាត់ផ្ទាល់បានទាក់ទងរាយការណ៍ប្រាប់ទៅ​លេខប្រចាំបញ្ជា​ 012 999 999 ​ដើម្បីសុំសមត្ថកិច្ចចុះ​មកជួយផង​ ដោយរងចាំយូពេក​ ប្អូនប្រុសគាត់ក៏ទាក់ទងទៅវិទ្យុABC រីឯគាត់ក៏ទាក់ទងទៅប៉ុស្តិ៍ទួលទំពូង​ សមត្ថកិច្ចប៉ុស្តិ៍ទួលទំពូងក៏ប្រាប់អោយទាក់ទងទៅប៉ុស្តិ៍បឹងត្របែក ហើយរងចាំមួយសន្ទុះក្រោយ​ ក៏ឃើញមាន​មេបញ្ជាការរង​អាវុធហត្ថខណ្ឌ​ចំការមន​ បើករថយន្ត​មកកន្លែងកើតហេតុ​ដែរ​ ហើយចុះមកមើលបានបន្តិចក៏បើករថយន្តចេញទៅវិញបាត់ ទើបក្រុមអ្នកសាព័ត៌មាន​ទាក់ទងប្រាប់លោក​ យិន​ សាន​ អធិការនគរបាលខណ្ឌចំការមន សុំកម្លាំងចុះមកជួយ​អន្តរាគមន៍​ផង​ ព្រោះម្ចាស់ផ្ទះបានចាក់សោរទ្វារជាប់ មិនអោយស្ត្រីដែលជាម្ដាយក្មេក​ មានជម្ងឺបេះដូង ចេញមកក្រៅទេ ហើយបន្តរងចាំ​ទាំង​អន្ទះសាក្នុងចិត្តផងដែរ ពាក់ព័ន្ធ​នឹងករណីនេះ អភិបាល​រាជធានី​ភ្នំពេញ ក៏បានចេញបញ្ជា​ឲ្យ​ប៉ូ​លិ​ស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​មាន​អ្នក​ប្រចាំការ​២៤​ម៉ោង​ លើ​២៤​ម៉ោង ដើម្បី​រង់ចាំ​ទទួល​ពាក្យបណ្តឹង និង​ត្រៀមលក្ខណៈ​អន្តរា​គម​ន៍បាន​ទាន់​ពេល ជុំវិញ​បញ្ហា​សន្តិសុខ និង​បម្រើ​​ការងារ​ជូន​ប្រជាពលរដ្ឋ នៅ​ពេល​ពួក​គាត់​ត្រូវការ​បន្ទាន់ ​តែរហូត ទើបឃើញមាន​សមត្ថកិច្ច​ខណ្ឌចំការមន​​ មានទាំង​កម្លាំងអន្តរាគមន៍​ កម្លាំងល្បាត និង​មានទាំងលោកមេប៉ុស្តិ៍ ចុះមកកន្លែងកើតហេតុ​ បន្តបន្ទាប់គ្នា​ជិត១០នាក់ដែរ។

ប្រជាពលរដ្ឋ​ដែលនៅកន្លែងកើតហេតុ ព្រមទាំងសាច់ញាតិ​ក្រុមគ្រួសារ​ដែលកំពុង​តែ​អន្ទះសា​ រងចាំជួយ​ម្ដាយ​ បែរមានអារម្មណ៍​រីករាយ​យ៉ាងខ្លាំង ព្រោះរងចាំទាក់ទង​រាប់ម៉ោងហើយ កម្លាំងសមត្ថកិច្ចទើបចុះមកដល់កន្លែងកើតហេតុ បានធ្វើការសួរនាំដំណើររឿងហេតុរួចរាល់អស់ហើយ​ ក៏ប្រាប់អោយប្អូនប្រុសទាក់ទងទូរស័ព្ទទៅបងស្រីបង្កើត ដែលជាប្រពន្ធ​លោកគ្រូ​ រួចធ្វើការទាក់ទងគ្នា ដោយប្រាប់ថា អោយក្រុមអ្នកសារព័ត៌មាន​ ចេញពីមុខផ្ទះគាត់អោយអស់សិន ទើបគាត់ព្រមចុចបើកសោរទ្វារ អោយចេញ ដោយសារការ​ទទូចស្នើរសុំពីសាច់ញាតិនិងសមត្ថកិច្ចប្រាប់មកដូចគ្នាដែរ​ ទើបធ្វើឲ្យក្រុមអ្នកសារព័ត៌មាន នាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុត្រឡប់ទៅគោលដៅវិញរៀងៗខ្លួន ដោយរងចាំមើល​ទាំងអស់គ្នា​ បើមិនមានពាក្យបណ្ដឹង​ តើសមត្ថកិច្ចអាចធ្វើអ្វីបានទៅលើបុរសអាងទឹកលុយ ភូ​ យ៉ុងនៀន ហៅ​ កៃ​ យី មានប្រពន្ធ៤នាក់ រស់នៅជាមួយគ្នានៅក្នុងផ្ទះល្វែង​ស្កឹមស្កៃ​កម្ពស់៧ជាន់ មុខរបរ​គ្រូផ្សំឱសថបុរាណ តែមានកាំភ្លើង​ប្រើប្រាស់​ យកមកគំរាម​សាច់ញាតិ​ក្រុមគ្រួសារ​នេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor