header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីយោធាក្រសួងការពារជាតិម្នាក់ មានឋានៈជាឧត្តមសេនីយ៍ទោ និងប្រធានក្រុមការងារសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កោះហៅអោយចូលតុលាការកាលពីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ដើម្បីកាត់ទោសក្នុងនាមជាជនជាប់ចោទ។

ជនជាប់ចោទឈ្មោះ យី  កុយ ភេទប្រុស អាយុ៥៩ឆ្នាំ ប្រើអត្តសញ្ញាណប័ណ្ណលេខ ០១០៣៨៥៦៩៧ មានទីលំនៅផ្ទះលេខ ២០៦ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

អង្គសវនាការ ដែលដឹកនាំដោយលោកចៅក្រម ហេង កេសរោ ជាចៅក្រមជំនុំជំរះ និងលោក កុល បុន ជាតំណាងអយ្យការ បានផ្ដើមចោទប្រកាន់លោក យី កុយ ពីបទរំលោភកាន់កាប់អចលនវត្ថុអ្នកដទៃ និងពីបទធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ តាមបញ្ញាតិមាត្រា២៥៣ នៃច្បាប់ភូមិបាល និងមាត្រា៤១០នៃក្រមព្រហ្មទ័ណ្ឌ។

នៅក្នុងសវនាការ ជនជាប់ចោទបានឆ្លើយថា នៅអំឡុងឆ្នាំ២០១៦ ខ្លួនបានទិញដីឡូត៍លេខ៥ នៅភូមិត្រពាំងស្វាយ ពីឈ្មោះ សុង ពុយលី ទំហំ២០គុណនិង៣០ ចំណែកដីឡូលេខ៤ នៅជាប់ព្រំគ្នាខ្លួនមិនបានទិញទេ គ្រាន់តែជួយមើលអោយគេប៉ុណ្ណោះ ក្រោយមកខ្លួនក៏វាយបង្គោលរបងចាស់ចំនួន៩ដើមចោល ហើយចាក់ដីចូលនិងធ្វើរបងព័ទ្ធយកដីឡូត៍លេខ៤តែម្ដង។

ពាក់ព័ន្ធនិងករណីនេះ បើតាមរបាយការណ៍របស់សាលាសង្កាត់ភ្នំពេញថ្មី ក៏ដូចពាក្យបណ្ដឹងរបស់ម្ចាស់ដី បានបញ្ជាក់ថា កាលពីថ្ងៃទី២៥មេសា ឆ្នាំ២០១៦ ឈ្មោះ តា រដ្ឋាអមតៈ និង តា សុវណ្ណី ជាម្ចាស់ដី បានលក់ដីឡូត៍លេខ៥ ទៅអោយឈ្មោះ សុង ពុយលី ទំហំ២០គុណនិង៣០ម៉ែត្រ ហើយនៅសល់ដីឡូត៍លេខ៤ ទុកទំនេរចោល។ ក្រោយមកនៅថ្ងៃទី ១៦ មិនា ឆ្នាំ២០១៦ ឈ្មោះ សុង ពុយលី បានលក់ដីឡូត៍លេខ៥ទៅអោយឈ្មោះ យី កុយ តាមលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ១៧០៩ ចុះថ្ងៃទី១៨មេសា ឆ្នាំ២០១៦។ ស្រាប់តែនៅថ្ងៃទី៦ មិនា ឆ្នាំ២០១៧ ឈ្មោះយី កុយ បានលួចវាយបង្គោលរបងបេតុង ហុំព័ទ្ធដីឡូត៍លេខ៤ ហើយចាក់ដីចូលធ្វើរបងបេតុងព័ទ្ធយកដីឡូត៍លេខ៤តែម្ដង ទើបម្ចាស់ដីបានប្ដឹងមកតុលាការតែម្ដង។

រឿងក្ដីនេះគ្មានអ្វីស្មុគ្រស្មាញពិបាកយល់ទេ ក្នុងសវនាការជនជាប់ចោទបានឆ្លើយសារភាពអស់ហើយថា គាត់បានទិញតែដីឡូត៍លេខ៥ទេ ចំណែកដីឡូត៍លេខ៤គាត់ចាំអោយគេប៉ុណ្ណោះ។

ដើមបណ្ដឹងបានស្នើអោយចៅក្រម តុលាការផ្ដន្ទាទោស ជនជាប់ចោទតាមច្បាប់ និងទាមទារជំងឺចិត្តជាប្រាក់ចំនួន៩ម៉ឺនដុល្លារចំពោះការឈ្លានពាននិងបំផ្លិចបំផ្លាញយ៉ាងងងើលនោះ។

ចំណែកជនជាប់ចោទបានស្នើអោយចៅក្រមទាត់ចោលការចោទប្រកាន់របស់តំណាងអយ្យការ និងចៅក្រមសើបអង្កេតចោលទាំងស្រុង។

ចៅក្រមជំនុំជំរះ លោក ហេង កេសរោ បានសម្រេចប្រកាសសាលក្រមនេះនៅថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០១៨ខាងមុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post