header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ក្រោយពីរកឃើញកំហុសជាច្រើនលើកច្រើនសារ ពីសំណាក់ក្រុមហ៊ុនអនាម័យ គីម ជ្រា របស់លោក ជា គួង បញ្ហាសំរាមក្លាយជាជំងឺរាំរ៉ៃ អស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ដែលបានបង្កឡើងរបស់ក្រុមហ៊ុន គីម ជ្រា លោក ជា គួង។

ជាក់ស្តែងនៅចុងឆ្នាំ២០១៦កន្លងទៅ ក្រសួងបានធ្វើការស្រាវស្វែងរកឃើញកំហុសជាច្រើនរបស់ក្រុមហ៊ុនវិនិយោគមួយនេះ កំហុសទាំងនោះរួមមានសំខាន់ៗដូចជាៈ ការរឹងរូសមិនចូលរួមសហការជាមួយអាជ្ញាធរ ធ្វើដូចជា អាងដាវអាជ្ញាសឹកនរណាម្នាក់នៅពីក្រោយខ្នង មិនបានគោរពទៅតាមបទដ្ឋានច្បាប់វិនិយោគរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចជាការបង្កក់សំរាមទុកខាងមុខផ្សារបានលុងរហូតដល់បីលើក ហើយក្នុងមួយលើកៗបង្កក់សំរាមទុកចោលចាប់ពី១០ ថ្ងៃទៅ១៥ថ្ងៃ បង្កក់សំរាមឲ្យស្អុយរលះរលួយក្លាយជាមហាសមុទ្រដង្កូវ និងតាមទីសាធារណៈនានាទូទាំងក្រុងបានលុង។

បណ្តាលឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យមុខមាត់បរិស្ថាន សោភ័ណភាពក្រុងរងការរិះគន់ពីទីក្រុងស្អាតក្លាយជាទីក្រុងសំរាមពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលមកទស្សនាកំសាន្ត។ ជាពិសេស ក្រុមហ៊ុនមួយនេះ មិនគោរពទៅតាមសៀវភៅបន្ទុក និងយកឡេះទំលាក់កំហុសទៅអ្នកនេះអ្នកនោះ។ ទី១-កោសលុបសៀវភៅបន្ទុក, ទី២-ចេញប័ណ្ណយកថ្លៃភាស៊ីអនាម័យខុសប្រក្រតី, ទី៣-ប្រើប្រាស់ឡូគោ(Logo) ក្រុមហ៊ុនលើប័ណ្ណយកថ្លៃសំរាមខុសគោលការណ៍។ល។

ដោយសារតែរកឃើញកំហុសទាំងនេះហើយ ទើបបានជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរខេត្តចាត់វិធានការណ៍ចំពោះក្រុមហ៊ុន គីម ជ្រា ឲ្យបញ្ឈប់តែម្តង។

ជាក់ស្តែងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តរតនគិរី បានចេញដីកាលេខ029/18ដក ដែលចុះហត្ថលេខា និងប្រថាប់ត្រាដោយលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ចេញដីកាសម្រេចស្តីពីការដកហូតសិទ្ធិ និងបញ្ចប់កិច្ចសន្យាដាក់ទុនវិនិយោគអាជីវកម្មប្រមូលសំអាតអនាម័យ និងដឹកជញ្ជូនសំរាមពីក្រុមហ៊ុន គីម ជ្រា នេះតែម្តង។

សូមបញ្ជាក់ថា ចន្លោះនៃការដកហូតនេះ រដ្ឋបាលខេត្តរតនគិរី ក៏បានចាត់វិធានការណ៍ផ្ទេរសិទ្ធិនិងប្រគល់ទៅឲ្យស្ថាប័នចំនួនបួនជាអ្នកទទួលបន្ត។ ស្ថាប័នទាំងបួនរួមមាន៖ ទី១-សាលាក្រុងបានលុង។ ទី២-មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទី៣-មន្ទីរបរិស្ថាន និងទី៤-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។

មន្ទីរទាំងបួនខាងលើនេះ ជាអ្នកចាត់ចែងប្រមូលភាស៊ី ប្រមូលនិងដឹកជញ្ជូនសំរាមជាបណ្តោះអាសន្ន។ ហើយសេចក្តីសម្រេចនេះ បានបើកកិច្ចប្រជុំជាបន្ទាន់មួយ នៅសាលសាលាក្រុងបានលុង កាលពីព្រឹកម៉ោង៨៖០០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ដែលដឹកនាំដោយលោក ងិន ណែល អភិបាលក្រុងបានលុង ដោយបង្កើតគណៈកម្មការផ្សព្វផ្សាយ និងសេចក្តីប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទូទាំងក្រុងបានលុង ជាពិសេសបងប្អូនជាអាជិវករលក់ដូរក្នុងផ្សារបានលុង ដែលកំពុងប្រើប្រាស់សេវាបង់ថ្លៃសំរាម ត្រូវតែបញ្ឈប់ការបង់ថ្លៃសំរាមទៅឲ្យក្រុមហ៊ុម គីម ជ្រា របស់លោក ជា គួង តទៅទៀត គឺត្រូវបន្តបង់ថ្លៃសំរាមប្រចាំខែមកឲ្យក្រុមការងារអង្គភាពទាំងបួនវិញ។ ដោយមានវិក័យបត្តិត្រឹមត្រូវពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត គិតចាប់ពីថ្ងៃទី១ ខែតុលានេះតទៅ។

ដោយឡែក ប្រភពពីប្រជាពលរដ្ឋជាអាជីវករលក់ដូរក្នុងផ្សារបានលុង បានខ្សឹបប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី១៩ ខែតុលានេះថា កូនចៅលោក ជា គួង ជាស្ត្រីម្នាក់ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែតុលា ឃើញគេនៅដើរទារភាស៊ីពីអ្នកលក់ក្នុងផ្សារដូចដើម ពួកគាត់ថា ពុំឃើញអាជ្ញាធរមានសមត្ថកិច្ចទៅចុះទប់ស្កាត់ ឬបង្កា្របទៅលើកូនចៅលោក ជា គួង ម្នាក់នេះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post