ព្រះវិហារៈ ក្រោយពីបានទទួលព័ត៌មានពីក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំកម្លាំងមន្ត្រីជំនាញ ចុះស្រាវជ្រាវអស់រយៈពេលបីថ្ងៃ ទើបធ្វើការឃាត់ខ្លួនបានមេក្លោងម្នាក់ ពាក់ព័ន្ធនិងករណីរក្សាទុកនូវអាវុធជាតិផ្ទុះដើម្បីប៉ុនប៉ងធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ។
តាមការឲ្យដឹងពីមន្ត្រីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ រស់ សាម៉ន ហៅ ថង ឌី រស់នៅភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយជនសង្ស័យនេះ គឺជាសមាជិករណសិរ្យរំដោះជាតិខ្មែរ។ ហើយវត្ថុតាងដែលរឹបអូសបានរួមមាន ៖ អាវុធខ្លីវែង ម្សៅស ក្រហម និងគ្រឿងផ្ទុះ ព្រមទាំងសម្ភារៈសម្រាប់ធ្វើសឹកសង្គ្រាមជាច្រើនទៀត។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ធ្វើការសួនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អគ្គស្នងការនគរបាលជាតិដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ៕