header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ឥណ្ឌូនេស៊ីៈ មនុស្សជាង១ពាន់នាក់ បានស្លាប់ និងច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយរលកយក្សស៊ូណាមិ វាយប្រហារមកលើកោះស៊ូឡាវេស៊ី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ដែលបង្កឡើងដោយសារការររញ្ជួយដីដ៏ខ្លាំងក្លានោះ។

ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ត្រូវបានគេចេញត្រឹមតែរយៈពេល៣០នាទីប៉ុណ្ណោះ ប៉ុន្តែវាទំនងជាបានមើលស្រាលចំពោះទំហំនៃរលកយក្សស៊ូណាមិ ដែលកើតឡើងតាមក្រោយ។ ហេតុដូច្នេះហើយ តើការស្លាប់របស់ពលរដ្ឋឥណ្ឌូនេស៊ី នរណាជាអ្នកទទួលខុសត្រូវ តើវាជាកំហុសរបស់ទីភ្នាក់ងារភូគព្ភសាស្រ្ត និងឧតុនិយម ឬមួយក៏ជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី?

+តើមានរឿងអ្វីខ្លះ បានកើតឡើងពិតប្រាកដ?

ការរញ្ជួយដីកម្រិត៧.៥រ៉ិចទ័រ បានអង្រួនកោះភាគកណ្តាលស៊ូឡាវេស៊ី នៅវេលាម៉ោង៦និង០៣នាទី ម៉ោងក្នុងស្រុក កាលពីថ្ងៃសុក្រ និងបន្តកើតមានឡើងនូវរលករញ្ជួយជាច្រើនលើកច្រើនសារទៀត។

ទីភ្នាក់ងារភូគព្ភសាស្រ្ត និងឧតុនិយមឥណ្ឌូនេស៊ី បានចេញនូវសេចក្តីប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ក្រោយការរញ្ជួយដីដំបូង ដោយប្រកាសឲ្យដឹងពីរលកសមុទ្រកម្ពស់ពីកន្លះម៉ែត្រ ទៅ៣ម៉ែត្រ។ ប៉ុន្តែពួកគេបែរជាដកចេញសេចក្តីប្រកាសអាសន្ននេះវិញ រយៈពេលត្រឹមតែកន្លះម៉ោងក្រោយមកប៉ុណ្ណោះ។

ទីក្រុងប៉ាលូ ដែលជារដ្ឋធានី នៃកោះស៊ូឡាវេស៊ី ស្ថិតនៅតាមឆកសមុទ្រដ៏តូចមួយ រងការវាយប្រហារដោយសារតែរលកយក្សស៊ូណាមិ កម្ពស់រហូតដល់ទៅ៦ម៉ែត្រ។ ការកញ្ជ្រោលឡើងនៃទឹករលកបានបោកផ្តាច់អគារ និងបង្កឲ្យមានការបំផ្លិចបំផ្លាញសកល។ មនុស្សរាប់រយនាក់ បានជួបជុំគ្នាក្នុងពិធីបុណ្យមាត់សមុទ្រ ហើយវាបានក្លាយជាស្ថានភាពដ៏តក់ស្លុតជាទីបំផុតមួយ ពេលដែលរលកស៊ូណាមិ បោកបក់មកដល់។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី បាននិយាយថា ភាគច្រើននៃជនរងគ្រោះនៅទីក្រុងប៉ាលូ ត្រូវបានសម្លាប់ដោយសារតែរលកស៊ូណាមិ។

+តើពលរដ្ឋនៅទីនោះ បានដឹងពីរលកយក្សស៊ូណាមិដែរឬទេ?

ក្រុមអ្នករិះគន់ជាច្រើន បានចោទប្រកាន់ទីភ្នាក់ងារភូគព្ភសាស្រ្ត និងឧតុនិយម សម្រាប់ការដកចេញសេចក្តីប្រកាសឆាប់រហ័សពេក បើទោះបីជាទីភ្នាក់ងារមួយនេះ បានអះអាងថា រលកយក្សស៊ូណាមិ បានកើតឡើងទៅហើយ ខណៈសេចក្តីប្រកាសអាសន្ននៅមានសុពលភាព។

លោកស្រី ឌ្វីកូរីតា កាណាវ៉ាទី ប្រធានទីភ្នាក់ងារភូគព្ភសាស្រ្ត និងឧតុនិយម បានិយាយប្រាប់កាសែត Jakarta Post ថា ការសម្រេចចិត្តបញ្ចប់សេចក្តីប្រកាសអាសន្ននេះ ត្រូវបានធ្វើឡើង ក្រោយទីភ្នាក់ងារទទួលបានព័ត៌មានពីរលកយក្សស៊ូណាមិ ដែលរួមទាំងការសង្កេតការណ៍ជាក់ស្តែងបង្កើតឡើងដោយក្រុមការងាររបស់ទីភ្នាក់ងារភូគព្ភសាស្រ្ត និងឧតុនិយម នៅក្នុងទីក្រុងប៉ាលូ ផងដែរ។

លោកស្រីបន្តថា ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ បានបញ្ចប់នៅវេលាម៉ោង៦និង៣៧នាទី ក្រោយរលកទី៣ និងចុងក្រោយគេ បានវាយប្រហារមកលើកោះ។ លោកស្រី បាននិយាយផងដែរថា គ្មានរលកយក្សស៊ូណាមិ បន្ថែមទៀតនោះទេ ក្រោយការប្រកាសអាសន្នបានបញ្ចប់។

យោងតាមការអះអាងពីក្រសួងទំនាក់ទំនង បានឲ្យដឹងថា មានបញ្ហាធំជាងនេះ ថ្វីត្បិតតែការប្រកាសអាសន្ន ត្រូវបានបញ្ជូន ហើយក៏ដោយសារតែការប្រកាសអាសន្នពីរលកយក្សស៊ូណាមិនេះ ត្រូវបានគេបញ្ជូនទៅកាន់អ្នកស្រុកតាមសារជាអក្សរ ដែលពួកគេប្រហែលជាមិនទទួលបាននោះទេ។

អ្នកនាំពាក្យម្នាក់ របស់ទីភ្នាក់ងារគ្រោះមហន្តរាយ បាននិយាយថា ការរញ្ជួយដីនេះ បានកាត់ផ្តាច់ចរន្តអគ្គិសនី និងខ្សែទំនាក់ទំនង ហើយគ្មានស៊ីរ៉ែនប្រកាសអាសន្ននៅតាមបណ្តោយឆ្នេរនោះទេ។

វិដេអូមួយដែលគេបានចែករំលែកតាមព័ត៌មានសង្គម បង្ហាញពីស្ថានភាពដ៏តក់ស្លុតបំផុត។ នៅក្នុងវិដេអូនេះ គេឃើញបុរសម្នាក់ ស្រែកយំ និងស្រែកប្រាប់មនុស្សនៅតាមបណ្តោយឆ្នេរថា រលកយក្ស កំពុងខិតជិតមកដល់ហើយ។

+តើឥណ្ឌូនេស៊ី មាននូវប្រព័ន្ធប្រកាសអាសន្នមុនគេពីរលកស៊ូណាមិដែរឬទេ?

ជាការពិតណាស់ថា ប្រព័ន្ធប្រកាសអាសន្នមុនគេពីរលកយក្សស៊ូណាមិ របស់ឥណ្ឌូនេស៊ី បច្ចុប្បន្នបង្កើតជាបណ្តាញស្ថានីយ៍រលករញ្ជួយ១៧០កន្លែង ស្ថានីយ៍វាស់កម្រិតល្បឿនរលករញ្ជួយ២៣៨កន្លែង និងឧបករណ៍ស្ទង់រលករញ្ជួយ១៣៧កន្លែង។

ប៉ុន្តែយោងតាមសម្តីរបស់លោក រ៉ាម៉ាត ទ្រីយ៉ូណូ ប្រធានមន្ទីររលកស៊ូណាមិ និងការរញ្ជួយដីនៃទីភ្នាក់ងារភូគព្ភសាស្រ្ត និងឧតុនិយម បានឲ្យដឹងងថា ប្រព័ន្ធដែលប្រើប្រាស់បច្ចុប្បន្នមានកំណត់នៅឡើយ។ លោក ទ្រីម៉ាត បាននិយាយថា ឧបករណ៍បច្ចុប្បន្នរបស់ពួកយើង មានភាពខ្វះខាតច្រើនណាស់។

លោកបន្តថា ការពិតណាស់ថា នៅក្នុងចំណោមឧបករណ៍ចាប់សញ្ញារញ្ជួយដី១៧០គ្រឿង ដែលយើងមាន យើងមានថវិការថែរក្សាត្រឹមតែ៧០គ្រឿងប៉ុណ្ណោះ។

លោកបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ យើងពិតជាដឹងថា ការពិតនោះ គឺប្រព័ន្ធមួយនេះ ដឹងពីរលកស៊ូណាមិ ដោយសារតែការប្រកាសអាសន្ន ត្រូវបានបញ្ជូនចេញរួចទៅហើយ ប៉ុន្តែអ្វីដែលខកខាននោះ គឺឧបករណ៍ស្ទង់រលករញ្ជួយលើទំហំនៃរលកយក្សស៊ូណាមិ។

ទីភ្នាក់ងារភូគព្ភសាស្រ្ត និងឧតុនិយម បានប្រកាសឲ្យដឹងថា ឧបករណ៍ស្ទង់រលករញ្ជួយជិតបំផុតនឹងទីក្រុងប៉ាលូ គឺស្ថិតនៅឆ្ងាយរហូតដល់ជាង២០០គ.មឯណោះ។

ឧបករណ៍ស្ទង់រលករញ្ជួយ ដែលវាស់ពីការផ្លាស់ប្តូរនៃកម្រិតនីវ៉ូទឹកសមុទ្រ បានកត់ត្រាតែរលកសមុទ្រកម្ពស់៦សង់ទីម៉ែត្រ ហើយកម្ពស់រលកស៊ូណាមិ ត្រូវបានគេប៉ានស្មានថា មានតិចជាងកន្លះម៉ែត្រប៉ុណ្ណោះ។

លោក ទ្រីយ៉ូណូ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា យើងគ្មានទិន្នន័យនៅទីក្រុងប៉ាលូនោះទេ ហេតុដូច្នេះហើយ យើងត្រូវតែប្រើប្រាស់ទិន្នន័យដែលយើងមាន ហើយយើងធ្វើការហៅទូរស័ព្ទ ដោយផ្អែកលើទិន្នន័យមួយនេះ។

លោកបន្តថា បើសិនជាយើងមាននូវឧបករណ៍ស្ទង់រលករញ្ជួយ ឬទិន្នន័យត្រឹមត្រូវជាងនេះ នៅក្នុងទីក្រុងប៉ាលូ ពិតណាស់ថា យើងនឹងទទួលបានលទ្ធផលល្អជាងនេះ។ នេះគឺជាអ្វីមួយដែលយើងត្រូវតែធ្វើការវាយតម្លៃសម្រាប់ពេលអនាគត។

+តើគួរតែអាចជួយសង្រ្គោះអាយុជីវិតពលរដ្ឋឥណ្ឌូនេស៊ី បានច្រើនជាងនេះឬ?

វាអាចទៅរួច បើសិនជាឥណ្ឌូនេស៊ី ពិតជាមានប្រព័ន្ធប្រកាសអាសន្នរលកស៊ូណាមិទំនើបជាងនេះ ដែលរួមទាំងបណ្តាញពោងសញ្ញាប្រកាសអាសន្នទាំង២១ ដែលអាចបញ្ជូនការប្រកាសអាសន្ន ដោយផ្អែកលើទិន្នន័យដែលប្រមូលបានដោយឧបករណ៍ចាប់សញ្ញាក្នុងសមុទ្រជ្រៅ។

ទោះបីជាយ៉ាងណាក៏ដោយ គ្មានពោងណាមួយក្នុងចំណោមពោងផ្តល់សញ្ញាអាសន្នទាំងអស់នេះ ដែលត្រូវបានបរិច្ចាគជូនដោយសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងម៉ាឡេស៊ី ក្រោយកើតរលកយក្សស៊ូណាមិ ក្នុងមហាសមុទ្រឥណ្ឌាឆ្នាំ២០០៤ ដែលបានសម្លាប់មនុស្សជិត២៥ម៉ឺននាក់ ដំណើរការនោះទេ។ ពោងមួយចំនួន រងការខូចខាត ហើយមួយចំនួនទៀត ត្រូវបានគេលួចយកទៅអស់។ ដូច្នេះហើយ បើសិនជារដ្ឋាភិបាលឥណ្ឌូនេស៊ី មានឧបករណ៍ទាំងអស់នេះ ក៏ដូចជាមានប្រព័ន្ធប្រកាសអាសន្នពីរលកយក្សស៊ូណាមិល្អជាងនេះ ម្ល៉េះមិនមានមនុស្សស្លាប់ដល់ថ្នាក់ច្រើនបែបនេះនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post