header ads

Sponsor

រិទ្ធី

ក្រោយពីមានករណីពុលដោយសារបរិភោគត្រីក្រពត មនុស្សចំនួន១១នាក់ ក្នុងនោះស្លាប់២នាក់ នៅខេត្តព្រះសីហនុ១នាក់ និងខេត្តកោះកុង១នាក់ ហើយអ្នកដែលបានពុលចំនួន៩នាក់ទៀត បានកំពុងសម្រាកនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ ព្រឹត្តិការទាំងពីរផ្សេងគ្នាបានកើតឡើងចន្លោះពីថ្ងៃទី២៥ ដល់ ២៧ ខែតុលា​ ឆ្នាំ២០១៨។

នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានប្រកាសជូនសាធារណជនទាំងអស់សូមកុំបរិភោគត្រីក្រពតដែលមានជាតិពុល ដោយសារវាមានជាតិពុលនៅក្នុងខ្លួនវាដែលអាចបណ្តាលឱ្យស្លាប់បាន។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតនេះ មិនអាចកម្ចាត់ចោលបានទេ ទោះបីជាបានចម្អិនកម្តៅខ្ពស់យ៉ាងណឬដាក់ក្នុងកំរិតកកយ៉ាងណាក៏ដោយ។ 

នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានបញ្ជាក់ថា ក្រសួងសុខាភិបាលតែងតែធ្វើការណែនាំ និងរំលឹកចំពោះវិធានការការពារករណីពុលចំណីអាហារ ដែលមានទាំងការពុលបណ្តាលមកពីការបរិភោគត្រីក្រពតនេះផងដែរ។ត្រូវមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការបង្ការការពុលចំណីអាហារ ជាពិសេសការរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនាម័យចំណីអាហារល្អ គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគរហូតដល់អ្នកបម្រើអាហារ ដើរតួនាទីសំខាន់នៅក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារចាប់តាំងពីការរៀបចំចំណីអាហារ របៀបទុកដាក់ និងពេលចម្អិនអាហារ។
បើតាម នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានឱ្យដឹងថានៅប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ ប្រភេទ ក្នុងនោះមាន ៥ ប្រភេទមានជាតិពុល ដូចមានរូបភ្ជាប់មកជាមួយនេះ។ ត្រីក្រពតទាំងនេះ មានជាតិពុលដែលមាន សក្តានុពលខ្ពស់ និងអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ដោយសារជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល ។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែម របស់វា មានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។

នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានបង្ហាញពីរោគសញ្ញាក្រោយបរិភោគក្នុងរយៈពេល ២០នាទី ទៅ២ម៉ោង រួមមាន រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈ ឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅចុងអវៈយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្តាលឲ្យស្លាប់តែម្តង។ នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្តាលមកពីការខ្វិនផ្លូវដង្ហើម។ ក្រោយពីពុលភ្លាមៗ ការធ្វើឲ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) អាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួនយើងបានមួយចំណែក ហើយអ្នកពុលនោះត្រូវប្រញាប់ប្រញាល់មកស្វែងរកការជួយសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។

នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ក៏អំពាវនាវឱ្យបងប្អូនប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នកជាបន្ទាន់ និងសូមប្រាប់គ្រូពេទ្យពីការដែលអ្នកបានបរិភោគត្រីក្រពត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post