header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តីវ័យក្រោម២០ឆ្នាំម្នាក់ បានយកទារកទើបតែ​កើតបាន៥ថ្ងៃ ទៅផ្ញើនឹងស្រ្តីម្នាក់ ជាអ្នកដើររកទិញម្ហូប បែរម្តាយទារកខាងលើគេចខ្លួនបាត់ អស់រយៈពេល១ម៉ោងចាំបាត់ៗ ទើបឆោឡោបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅមុខរោងចក្របឺរី ផ្លូវទំនប់កប់ស្រូវ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមពលរដ្ឋនៅកន្លែងកើតហេតុ បានអះអាងថា មុនភ្ញាក់ផ្អើល ស្រ្តីវ័យក្មេង មានអាយុក្រោម២០ឆ្នាំ បានពកូនទើបកើត មកចូលកន្លែងលក់ដូរ មុខរោងចក្របឺរី ហើយមិនដឹងថា យ៉ាងដូចម្តេច ឬមានបញ្ហាអ្វី បែរជាយកទារក ដែលទើបនឹងកើត ទៅផ្ញើស្រ្តីម្នាក់ ដើររកទិញម្ហូប ឲ្យជួយពមើល គ្រាប់ប្រាប់ថា ទៅរកទិញមួកមួយភ្លែត បែរជាគេចខ្លួនបាត់រហូត។

តាមស្រ្តីឈ្មោះ ឱម ពៅ អាយុ៣៨ឆ្នាំ មានប្តីឈ្មោះ ឡូយ ភួន អាយុ៣៧ឆ្នាំ មុខរបររត់ឌុប ស្នាក់នៅផ្ទះជួលទល់មុខ កន្លែងកើតហេតុ តែក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិពងទឹក ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង បានឲ្យដឹងថា គាត់ទើបកូនខ្ចីលើកទីមួយ បាន១៧ថ្ងៃហើយ បានកូនស្រី ហើយមុនកើតហេតុនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ គាត់បានមករកទិញម្ហូប ខណៈដែលដើរមកដល់កន្លែងលក់ត្រី ក៏ជួបស្រ្តីវ័យក្មេងម្នាក់ អាយុ១៧-១៨ឆ្នាំតែប៉ុណ្ណោះ មានពបីកូនក្នុងដៃ​ មកនិយាយពឹងឲ្យជួយ បីកូនឲ្យគាត់បន្តិច ស្រ្តីវ័យក្មេងរូបនោះក៏បានបញ្ជាក់ដែរ គាត់ទើបសម្រាលកូនបាន៥ថ្ងៃទេ គាត់ទៅរកទិញមួកមួយភ្លែតទេ គ្រាន់តែហុចទារកខាងលើឲ្យជួយបីហើយ ក៏ដើរទៅបាត់ ដោយថា ម្តាយក្មេងទៅរកទិញមួក​ ហើយស្រ្តីដូចគ្នាចេះយកអសារគ្នា កូនខ្ចីដូចគ្នា មានទាំងសម្ភារៈ កំប៉ុងទឹកដោះគោផង មួយថង់ដៃយួរ សុខចិត្តទៅអង្គុយបីកូនតូច មើលជូនស្រ្តីវ័យក្មេង លើគ្រែលក់ដូរដែលទំនេរ ក្បែរនោះ ដោយចាំបាត់ៗ អស់រយៈពេល១ម៉ោងទៅហើយ នៅម៉ោង៦គត់ មិនឃើញម្តាយទារករូបនេះ វិលមកយកកូនវិញសោះ មិនអស់ចិត្ត ដើរទៅអើតមើលកន្លែងលក់មួក តែមិនឃើញ ទើបនាំគ្នាឆោឡោ ផ្អើលទាំងសន្តិសុខ ទាំងប៉ូលិសមូលដ្ឋានចុះទៅសាកសួរដល់កន្លែងកើតហេតុ ក៏រកម្តាយក្មេងមិនឃើញ មិនដឹងថា មានចេតនាយកមកបន្លំលេស ផ្លុងចោល ឬយ៉ាងណា។

ដោយចាំម្តាយទារក ខាងលើយូ​រពេក ទ្រាំលែងបាន ម្យ៉ាងអាណិតក្មេងផង សមត្ថកិច្ចហៅនាំស្រ្តីទទួលបញ្ញើទារករូបនេះ ទៅសាកសួរនៅប៉ុស្តិ៍ និងអនុញ្ញាតឲ្យយកទារកម្នាក់នេះជួយបីបាច់រក្សាជាបណ្តោះអាសន្ន ជៀសវាងម្តាយក្មេងវិលវិញ កើតមានបញ្ហាចោទប្រកាន់ដោយប្រការណាមួយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post