header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ ខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសហការរៀបចំពិធីប្រកាសសម្ពោធជាផ្លូវការច្រកទ្វារព្រំដែនទ្វេភាគីបុសមន-ហ្វឿកតឹន ខាងផ្នែកកម្ពុជាស្ថិតនៅភូមិវាល ឃុំបុសមន ស្រុករំដួល ស្វាយរៀង និងខាងផ្នែកវៀតណាម ស្ថិតនៅភូមិថាញ់តៃ ឃុំថាញ់ឡុង ស្រុកចូវថាញ់ ខេត្តតៃនិញ ដែលត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរសម្រេចដំឡើងកម្រិតពីច្រកទ្វារតំបន់ព្រំដែន ទៅជាច្រកទ្វារព្រំដែនទ្វេភាគី កាលពីពេលកន្លងទៅ ។ 

ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ផាម វ៉ាន់តឹន អនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ និងមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្ដមបណ្ឌិត គឹម ធា សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម អ៊ឹម ហេន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ឯកឧត្ដម ង្វៀន យីចៀន អនុប្រធានគណៈកម្មាធិការជាតិកិច្ចការព្រំដែនវៀតណាម ឯកឧត្ដម ង្វៀន វ៉ាន់ណាម មេបញ្ជាការរងយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ឯកឧត្ដម ង្វៀន មិញតឹន អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្តតៃនិញ ព្រមទាំងឯកឧត្ដម លោកជំទាវជាថ្នាក់ដឹកនាំ តំណាងកងកម្លាំង មន្ទីរ-អង្គភាព អាជ្ញាធរជាប់ព្រំដែន សមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែន និងបងប្អូនអាជីវករ ពាណិជ្ជករ នៃខេត្តទាំងពីរយ៉ាងច្រើនកុះករ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការអបអរសាទរយ៉ាងក្រៃលែង ចំពោះពិធីសម្ពោធជាផ្លូវការនូវច្រកទ្វាព្រំដែនទ្វេភាគីរបស់ខេត្តទាំងពីរនៅថ្ងៃនេះ ហើយឯកឧត្ដម ក៏ដូចជាឯកឧត្ដមប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ក៏បានបង្ហាញជំនឿយ៉ាងមុតមាំដូចគ្នាថា ក្រោយពីដំណើរការជាច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារព្រំដែននេះ នឹងដើរតួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកបង្កើនទំហំពាណិជ្ជកម្ម ការវិនិយោគ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ព្រមទាំងជួយសម្រួលដល់ការផ្លាស់ប្តូរទំនិញកសិផលរវាងប្រជាពលរដ្ឋ និងអាជីវករ ពាណិជ្ជការតាមតំបន់ព្រំដែន ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកស្ទួយដល់ការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តទាំងពីរឲ្យបានកាន់តែប្រសើរ និងមានទំហំធំជាងមុន ។

ជាមួយនេះ ឯកឧត្ដម ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន អង្គភាព និងកងកម្លាំងមានសមត្ថកិច្ចដែលឈរជើងនៅច្រកទ្វារព្រំដែនទាំងពីរ ត្រូវបន្តសហការគ្នាឲ្យបានកាន់តែល្អប្រសើរ ក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ព្រមទាំងខិតខំសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗរបស់អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងសងខាង រួមគ្នាដោះស្រាយបញ្ហានានា ដែលកើតឡើងតាមព្រំដែនឲ្យបានទាន់ពេលវេលា និងដោយសន្តិវិធី ឈរលើស្មារតីមិត្តភាពជាប្រពៃណី និងភាពជាបងប្អូន សំដៅរួមគ្នាពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ គង់វង្ស យូរអង្វែងផងដែរ ៕ 
ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post