
កំពង់ស្ពឺៈ កម្មការិនីរោងចក្រកាត់សម្លៀកបំពាក់យីហោ “អេស យ័ន ខេមបូឌា ខូអិលធីឌី” ម្នាក់ត្រូវបានកម្មការិនីរោងចក្រដូចគ្នាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈដែលចូលទៅធ្វើការងារដូចសព្វមួយដង ស្រាប់តែឆ្លងចរន្តភ្លើងជាមួយម៉ាស៊ីនដេរឆក់សន្លប់ស្តូកស្តឹង កុំតែកម្មការិនីដូចគ្នាឃើញទាន់នោះ ចំណែកខាងថៅកែរោងចក្រវិញមិនអើពើទាល់តែសោះ សូម្បីតែកម្លាំងនគរបាលជំនាញខេត្តចុះទៅពិនិត្យ ក៏ថៅកែជនជាតិចិនរូបនោះ មិនអនុញ្ញាតអោយនគរបាលជំនាញចូលទៅពិនិត្យកន្លែងកើតហេតុឡើយ។
ហេតុការណ៍ភ្ញាក់ផ្អើលកម្មការិនីឆក់ខ្សែរភ្លើងរហូតដល់សន្លប់នេះ កើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ “អេស យ័ន ខេមបូឌា ខូអិលធីឌី” មានទីតាំងស្ថិតនៅក្នុង ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។


បើតាមសម្តីរបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ឲ្យដឹងថា ឆ្លងចរន្តភ្លើងពីម៉ាស៊ីនដេរ បណ្តាលឲ្យឆក់កម្មការិនីម្នាក់ រហូតដល់សន្លប់បាត់បង់ស្មារតី កម្មការិនីដូចគ្នាដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក។
លោកឧត្តមសេនីយ៍ស្នងការបានបន្តទៀតថា កម្មការិនីរងគ្រោះឈ្មោះ រឿន ស្រីលីន អាយុ១៩ឆ្នាំ ធ្វើការនៅផ្នែកដេរ មានទីលំនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មុនពេលកើតហេតុនោះកម្មការិនីរងគ្រោះ បានចូលមកបំពេញការងារផ្នែកដេរ ដូចសព្វមួយដង មិនដឹងជាមូលហេតុអ្វី ស្រាប់តែនៅថ្ងៃកើតហេតុនោះ នាងបានចូលបម្រើការងារក៏បានឆ្លងចរន្តភ្លើងចេញពីម៉ាស៊ីនបានឆក់នាង បណ្ដាលឲ្យសន្លប់ ពេលឃើញដូននោះកម្មការិនីម្នាក់ដែលធ្វើការនៅក្បែរនោះស្ទុះទៅជួយ ត្រូវឆរន្តភ្លើងឆក់នាងដែរ បង្កឲ្យមានការភ្ញាក់ផ្អើល នាំគ្នាដឹកកម្មការិនីរងគ្រោះ ជនរងគ្រោះត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីសង្គ្រោះ រហូតដល់ម៉ោង១១ព្រឹកទៅហើយជនរងគ្រោះមិនទាន់ដឹងខ្លួននៅឡើយទេ។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តបានរាយការណ៍ទៅលោកព្រះរាជអាជ្ញាសុំគោលការចុះពិនិត្យនៅក្នុងរោងចក្រកើតហេតុនោះ ប៉ុន្តែត្រូវបានលោកថៅកែរោងចក្រមិនអនុញ្ញាតអោយកម្លាំងជំនាញរបស់លោកចូលទៅពិនិត្យឡើយ ខាងរោងចក្រមានចេតនាចង់លាក់បាំងព័ត៌មានមួយនេះ។
បច្ចុប្បន្នកម្មការរិនីរងគ្រោះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈដែលក្រុមលោកគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការព្យាបាលនោះ៕
