
ភ្នំពេញៈ សមត្ថកិច្ចបានឃាត់ខ្លួនមន្ត្រីប្រៃសណីយ៍ម្នាក់ បន្ទាប់ពីបើករថយន្ត Prius ទៅបុកជាមួយម៉ូតូ Let’s ដែលបើកបរលឿនដូចហោះ ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជន៣នាក់ ខ្ទាតបោកនឹងកញ្ចក់រថយន្ត រងរបួសធ្ងន់ធ្ងរនៅម្ដុំក្ដាន់២។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៣៖៥០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ នៅចំណុចមុខសួនច្បារក្ដាន់២ លើផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ R6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្ត្រីចរាចរណ៍ខណ្ឌដូនពេញ ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ថា អ្នកបើកបររថយន្ត Prius ស្លាកលេខ ភ្នំពេញ 2AL-3029 មានឈ្មោះ ចាន់ ភក្ដី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរជាមន្ត្រីប្រៃសណីយ៍។ ចំណែកយុវជន៣នាក់ ដែលរងរបួសធ្ងន់ធ្ងរនោះ កំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់ ដូច្នេះមិនទាន់ស្គាល់អត្តសញ្ញាណឡើយ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿងម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-3029 ធ្វើដំណើរទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។ លុះមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច ស្រាប់តែឃើញយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Let's ពាក់ស្លាកលេខ ភ្នំពេញ 1CH-5344 ជិះឌុបគ្នា ធ្វើដំណើរបញ្ច្រាសទិសចរាចរណ៍គ្នា ពីកើតមកលិច ក្នុងលឿនដូចហោះ ក៏ជ្រុលទៅបុកចំរថយន្តនោះពេញទំហឹងតែម្ដង បណ្ដាលឲ្យយុវជនទាំង៣ ខ្ទាតទៅបោកនឹងកញ្ចក់រថយន្ត រងរបួសធ្ងន់ទាំង៣នាក់ ហើយត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកឯម៉ូតូ និងរថយន្ដ រងការខូចខាតខ្ទេចយ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងឃាត់ខ្លួនបុរស ដែលជាអ្នកបើករថយន្ដ រួមទាំងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់៕







