header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជន​ម្នាក់ និងបក្ខពួក លួចប្រើប្រាស់គ្រឿងញៀននៅក្នុង​ដីឡូត៍ទុកចោលមួយកន្លែង ចៃដន្យ​ត្រូវប៉ូលិសចុះដេញចាប់ ទើបខំរត់គេចធ្លាក់ប្រឡាយទឹក ហើយឡើងមកជាន់ទ្វារដែកផ្លោះរបងគេចខ្លួន ដោយសំលៀកបំពាក់សើម និង​ប្រឡាក់​ភក់ បានលូកដៃកាន់ប្រអប់ខ្សែភ្លើង ដើម្បីទប់ខ្លួន តែបែរជាឆ្លងចរន្តភ្លើងឆក់ជាប់​នៅលើទ្វារដែកនោះ​ ស្លាប់គួរឲ្យអាសូរ​តែម្ដង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ នៅចំណុចផ្ទះលេខ១១៩ តាមបណ្ដោយផ្លូវ២៧១ (ជាប់នឹងហាង Pizza Company ទល់មុខវិទ្យាល័យជាស៊ីម​សាមគ្គី​) ស្ថិតក្នុងក្រុមទី២ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្មេងប្រុសរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ស៊ូ មុនី អាយុ១៤ឆ្នាំ មុនរបរសិស្ស មានទីលំនៅម្ដុំសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ភ្នំពេញ និងត្រូវជាកូនប្រុសធម៌របស់អ្នកនាង ស៊ូ សារ៉ា ប្រធានក្រុមតារាបង្ហាញម៉ូត (Pop Model Cambodia)។

សាក្សីនៅកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មិនដឹងថា ​ក្មេងប្រុសរងគ្រោះមានបញ្ហាអ្វីនោះទេ គ្រាន់តែឃើញរត់ចេញមកទាំងភ័យ​ស្លន់ស្លោ ឡើងមកផ្លោះរបងកម្ពស់ជាង២,៥០ម៉ែត្រ​ ដោយឃើញជើងជាន់ទ្វារដែកដែលចាក់សោជាប់ ហើយដៃខាងឆ្វេងលូកទៅកាន់បង្គោលភ្លើងតែចំប្រអប់ភ្លើង៤៥៤-៦១០ ដើម្បីទប់ខ្លួន​ឡើងមកលើរបងថ្មឲ្យផុត តែគាប់ជួនសំលៀកបំពាក់កំពុងសើម ហើយប្រឡាក់ភក់ពេញពាក់កណ្តាលខ្លួនផង ក៏ត្រូវឆ្លងចរន្តឆក់បណ្ដាលឲ្យស្លាប់ទាំងសភាពបែបនេះតែម្ដង។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្មេងប្រុសម្នាក់នេះ បានទៅពួនប្រើប្រាស់ថ្នាំញៀនជាមួយមិត្តភ័ក្តិនៅក្នុងដីឡូត៍មាន​ព័ទ្ធរបងចាក់សោទុកចោលមួយកន្លែង​ លុះពេលដឹងថា សមត្ថកិច្ចចុះមកបង្ក្រាប ក៏នាំគ្នារត់ចែកជើង និងដេញចាប់បានបក្ខពួកម្នាក់។ ប៉ូលិសថា ជនរងគ្រោះភ័យពេក បានរត់ធ្លាក់ប្រឡាយទឹកស្អុយ បណ្ដាលឲ្យប្រឡាក់​ភក់ ​និងសើមសំលៀកបំពាក់ ខណៈពេលកំពុងរត់គេចខ្លួនពីសមត្ថកិច្ច តែ​ដោយសារតែភ័យខ្លាចសមត្ថកិច្ចចាប់បាន និងមិនបានប្រុងប្រយ័ត្ន​ ទើបប្រញាប់ឡើងផ្លោះរបងប៉ះខ្សែភ្លើង ក៏ត្រូវឆក់ស្លាប់ភ្លាមៗបែបនេះ។

ក្រោយកើតហេតុ ក្រុមគ្រួសារបានមកឃើញកូនជាទីស្រឡាញ់របស់ខ្លួនស្លាប់ក្នុងសភាពបែបនេះ ក៏ស្រែកទ្រហោយំ​ពេញកន្លែងកើតហេតុ។ ដោយធ្វើអ្វីមិនបាន ក្រោយមកក៏រង់ចាំសមត្ថកិច្ចផ្នែកកោសល្យវិច័យ ធ្វើការត្រួតពិនិត្យរួច ទើបដឹងថា ជនរងគ្រោះបានស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ហើយក៏មានប្រើប្រាស់សារធាតុញៀនផងដែរ។

បច្ចុប្បន្ន​សពជនរងគ្រោះខាងលើ ​ត្រូវបានសមត្ថកិច្ច​ធ្វើកំណត់ហេតុ រួច​ប្រគល់ជូន​សាច់ញាតិ​ក្រុមគ្រួសារ យកទៅគេហដ្ឋានម្ដុំសំណង់១២ ខណ្ឌទួលគោក ដើម្បី​រៀបចំធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post