header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កែបៈ ប្រជាពលរដ្ឋ​បានលើកឡើងថា អាជ្ញាធរ​ក្រុង​កែប បានចុះចាប់បង្ក្រាបល្បែងកន្ទុយលេខ មួយកន្លែង ជាទីតាំងកូនកញ្ច្រែងតួចតាច ល្អិតល្អោច អង្ករកំប៉ុក​ ចំណែកពួកមេកន្ទុយលេខធំៗ មិនដែលឃើញបង្ក្រាបម្តងណាឡើយ មិនដឹងថា តើមកពីមូលហេតុអ្វីនោះទេ ។ ចំណុចនេះ ពលរដ្ឋសង្ស័យថា ក្រុមអ្នកមានតួនាទីបង្ក្រាបទាំងនោះ ទំនងជាត្រូវថ្នាំសណ្តំរបស់ពួកមេកន្ទុយលេខទាំងនោះអស់ហើយ ទើបបានជាមើលលែងឃើញ បង្ក្រាបមិនបានយ៉ាងដូច្នេះ ។

ប្រជាពលរដ្ឋបានរាយការណ៍ថា កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកែប បានឃាត់ខ្លួនជនសង្ស័យជាមេកន្ទុយលេខចំនួន២នាក់ ស្ថិតនៅចំណុចផ្សារដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប ។

ប្រភពបន្តថា មេកន្ទុយលេខ​កំប៉ិកកំប៉ុក​ដែលបង្ក្រាបបានយកស្នាដៃរបស់អាជ្ញាធរនេះ មានឈ្មោះ អុឹង សាយ ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះអ៊ឹង ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ អ្នកទាំង២នាក់ ជាបងប្អូនបង្កើត នឹងគ្នា រស់នៅភូមិដំណាក់ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្តកែប ។ ការចុះបង្ក្រាបរបស់អាជ្ញាធរ​កើតឡើង ខណៈដែលមេឆ្នោតទាំងពីរនាក់នេះកំពុងអង្គុយកត់កន្ទុយលេខនៅចំណុចផ្សារដំណាក់ចង្អើរ ក្រុងកែប​នេះតែម្តង ។

វត្ថុតាងដែលអាជ្ញាធរចាប់យករួមមានៈ ក្រដាសកត់លេខជាច្រើនសន្លឹក, កាបូបយួរដាក់កន្ទុយលេខ១, កាបូបដាក់លុយ, ទូរស័ព្ទដៃ ដែលមានកត់កន្ទុយលេខរួចហើយ ទុកបញ្ជូនឲ្យមេនៅភ្នំពេញ១គ្រឿង, ប្រាក់ដុល្លារ៣២ដុល្លារ និងលុយខ្មែរ135,000រៀល ។

ជនសង្ស័យទាំង២រូបនេះ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូន​ទៅតុលាការខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post