header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្មេងទំនើង៤នាក់ សុទ្ធតែ​ជើងខ្លាំង​ដូចគ្នា គ្រាន់តែងាកមើលមុខផងមិនបាន​ទេ​ ឌឺដងចង់ចាញ់ ចង់ឈ្នះ រហូតឈានដល់ជិះម៉ូតូដេញវាយគ្នា យ៉ាង​អនាធិបតេយ្យ​ ក៏ជ្រុលទៅបុកគ្នាបណ្ដាលឲ្យដួល​ទាំងសងខាង ហើយនៅតែវាយគ្នាទៀត បណ្ដាលឲ្យយុវជនម្នាក់បែកក្បាល​ តែត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនបានទាំង៤នាក់ រួចបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗតែម្ដង។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧:៤០នាទីយប់ ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវ២៧១ (មុខពេទ្យរុស្ស៊ី) ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជនសង្ស័យ​ទាំង៤នាក់មានឈ្មោះដូចជា​ ៖ ភាគី(ក) ជិះម៉ូតូ Suzuki Nex ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ 1GP-4588​ ​ទី១.ឈ្មោះ​ ម៉េង​ ពៅ​ អាយុ១៩ឆ្នាំ មានទីលំនៅ​ភូមិព្រែកទាល់​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​, ទី២.ឈ្មោះ ណេ​ អាយុ១៦ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិព្រែកទាល់​ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងភាគី(ខ) ជិះម៉ូតូ​ Dream 2018 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 1HB-8481 ​ទី១.ឈ្មោះ​ ពៅ​ សិលា អាយុ១៧ឆ្នាំ មានទីលំនៅ​ម្ដុំផ្សារឈូកមាស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង ​ទី២.​ឈ្មោះ វី​ វឌ្ឍនា​ អាយុ១៥ឆ្នាំ មានទីលំនៅ​ម្ដុំបឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

សាក្សីបានរៀបរាប់ប្រាប់ភ្នាក់ងារ​ ខេមប៉ុស្តិ៍​ ថា​ នៅមុនពេលកើតហេតុ គេឃើញក្រុមក្មេងទំនើង២នាក់ ជិះម៉ូតូមួយគ្រឿង​ ម៉ាក Suzuki Nex កំពុងធ្វើដំណើរពីលិចទៅកើត​ ឌុបគ្នាក្នុងល្បឿនយ៉ាងលឿន​ មកពីក្រោយក្រុមក្មេងទំនើងមួយក្រុមទៀត មានគ្នា​២នាក់ដូចគ្នា​ ជិះម៉ូតូ​មួយគ្រឿង​ ម៉ាក​ Dream 2018 រួចជិះដេញវាគ្នាទៅវិញទៅមក តាមផ្លូវ២៧១​ រួចមើលមុខគ្នាលក្ខណៈឌឺដងចង់ចាញ់ចង់ឈ្នះ លុះមកដល់ចំណុចមុខពេទ្យរុស្ស៊ី ស្រាប់តែភាគីក្មេងទំនើង ដែលជិះ Dream បានស្រែកថា ភាគីក្មេងទំនើងជិះម៉ូតូ Nex ជា "ចោរៗ" ហើយក៏បុកគ្នាបណ្ដាលឲ្យដួលម៉ូតូទាំង២គ្រឿងតែម្ដង ហើយក្រុមក្មេងទំនើង ដែលជិះម៉ូតូ Dream បានវាយទៅលើភាគីដែលជិះម៉ូតូ Nex បណ្ដាលឲ្យពកក្បាល​ ហើយភាគីដែលជិះម៉ូតូ Nex ក៏ស្ទុះទៅរើសមួក​សុវត្ថិភាព​ យកមកវាយទៅលើភាគីដែលជិះម៉ូតូ Dream វិញ​ បណ្ដាលឲ្យបែកក្បាលម្នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ​ និងធ្វើឲ្យមានការកកស្ទះចរាចរណ៍ ។

សាក្សីបន្ថែមទៀតថា​ ភ្លាមៗនោះ​គេឃើញកម្លាំងសមត្ថកិច្ចស្លៀកពាក់ស៊ីវិល​ ដែលនៅជិតនោះ ចេញជួយអន្តរាគមន៍ ជួយឃាត់ខ្លួនបណ្ដោះអាសន្ននៅកន្លែងកើតហេតុ ហើយទាក់ទងប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន​​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​២ ចុះមកកន្លែងកើតហេតុ​ ដើម្បីជួយសម្រួលចរាចរណ៍​ ដើម្បីកុំឲ្យមានការកកស្ទះ​ និងឃាត់ខ្លួន​ក្រុមក្មេងទំនើងទាំង៤នាក់នោះ យកទៅប៉ុស្តិ៍​ដើម្បីសាកសួរផងភ្លាមៗ ។

ក្រោយពេលកើតហេតុ​ភាគីទាំងសងខាងយល់ព្រមសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូ Nex ជួយចេញថ្លៃលាង​របួសទៅឲ្យភាគីខាងម៉ូតូ Dream ដែលរងរបួសបែកក្បាល​ ចំនួន​ ៣០ដុល្លារ​ ដើម្បីបញ្ចប់រឿង​ រួចសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានកិច្ចសន្យា អប់រំណែនាំ​ ហៅ​អាណាព្យាបាល​ឲ្យមកយក​ ត្រឡប់ទៅផ្ទះ​វិញ រៀងៗខ្លួន ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post