header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់​ថា «ខ្ញុំនិយាយនេះ គឺជាមោទនភាពជាតិខ្មែររួមគ្នានៅថ្ងៃនេះ ហើយចង់ផ្ញើសារទៅអ្នកនយោបាយមួយចំនួន ដែលមានសញ្ជាតិពីរ រស់នៅក្រៅប្រទេស ដែលរត់ទៅពឹងបរទេសមកធ្វើបាបខ្មែរ ចង់ឲ្យរដ្ឋាភិបាលខ្មែរយើង លុតជង្គង់តាមគេប្រាប់ថាឆ្វេង ឆ្វេង ស្ដាំ ស្ដាំ ទៅមិនរួចទេ កុំសង្ឃឹមឲ្យសោះ ។ ថ្នាក់ដឹកនាំខ្មែរ ដែលមានគំនិតជាតិនិយមបម្រើប្រជាពលរដ្ឋខ្មែរ អត់បម្រើឲ្យបរទេសណានោះទេ» ។

លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បែបនេះ ក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសាលារៀនអន្តរជាតិ អាល់រ៉ូសម៉ាន ចំនួន១ខ្នង មាន២ជាន់ ១០បន្ទប់ ស្ថិតនៅភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨ ។

លោកឧត្តមសេនីយ៍ឯក បានថ្លែងរៀបរាប់ សមទ្ធិផលដែលកម្ពុជាមានថ្ងៃនេះ គឺបានដោយសារការចូលរួមពីតួអង្គសំខាន់ៗ រួមមាន សប្បុរសជនដែលមានទឹកចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនចូលរួមនៅក្នុងការកសាង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានជួយសម្របសម្រួល និងជម្រុញការកសាងសមិទ្ធផលនៅថ្ងៃនេះ ។ តួអង្គសំខាន់មួយទៀតគឺសុខសន្តិភាព និងគោលនយោបាយត្រឹមត្រូវ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ដែលបង្កឱកាសឱ្យឲ្យសប្បុរសជនចូលរួមអភិវឌ្ឍ ជួយប្រជាពលរដ្ឋកម្ពុជា និងផ្ដល់សិទ្ធិសេរីភាពនៅក្នុងជំនឿសាសនាផ្សេងៗនៅកម្ពុជា ។ នេះគឺជាស្មារតីនៃការចូលរួម ស្មារតីរួមគ្នានៅក្នុងការកសាងនៅក្រោមដំបូលនៃសន្តិភាព ។ សូមអបអរសាទរនិងអរគុណនូវស្មារតីនេះ ។ លោកថាគោលនយោបាយទាំងអស់ដែលយើងមាននៅថ្ងៃនេះគឺបានមកពីការចូលរួមប្រទេសជាមិត្ត ជាដៃគូរ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺយើងជាខ្មែរ យើងរួមគ្នាធ្វើក្រោមដំបូលសុខសន្តិភាពតែមួយ ។ យើងបានបញ្ចប់សង្រ្គាមនិងកសាងប្រទេសដោយខ្មែរតែមួយ ។ នេះជាស្មារតីជាតិនិយមរបស់យើង ខ្មែរដើម្បីខ្មែរទាំងអស់គ្នា ហើយនៅពេលដែលយើងមានសុខសន្តិភាព ស្ថេរភាពដំណើរការអភិវឌ្ឍចេះតែទៅមុខ ។ ជាក់ស្ដែងតំបន់នេះ ពីមុនយើងគ្មានអីសោះ ប៉ុន្តែថ្ងៃនេះ យើងមានសមទ្ធិផលហើយ២០ទៅ៣០ ឆ្នាំទៅមុខទៀតយើងមានសមិទ្ធផលច្រើនទៀតសម្រាប់កូនចៅជំនាន់ក្រោយ ប៉ុន្តែទាល់តែយើងរួមគ្នាកសាងទៅមុខ ។ ដូច្នេះយើងរួមគ្នាបន្តទៀតដើម្បីថែរក្សាសុខសន្តិភាព រួមគ្នាកសាងប្រទេសយើង ក្នុងនាមជាខ្មែរយើង រួមគ្នាការពារខ្មែរយើង ។

លោកឧត្តមសេនីយ៍ឯក បន្តថា ខ្មែររួមគ្នានៅក្រោមដំបូលសុខសន្តិភាព ចង់ប្រទេសណាផ្សេងធ្វើអី ទៅមិនរួចទេ ។ សំខាន់សម្ដេចតេជោ បានមានប្រសាសន៍ហើយ យើងត្រូវរួមគ្នាឈរឡើងដើម្បីការពារឯករាជ្យ សន្តិភាព និងអធិបតេយ្យភាពរបស់ខ្មែរយើង មិនអោនក្បាលចំពោះនរណាទាំងអស់ ហ្នឹងហើយខ្មែរយើង ។ យើងបានកសាងមកដល់ថ្ងៃនេះមិនមានន័យថាយើងមិនស្វាគមន៍មិត្តភាពជាមួយបណ្តាប្រទេសនោះទេ យើងស្វាគមន៍មិត្តទាំងអស់ដែលជាមិត្តពិតប្រាកដមិនមែនជាមិត្តក្លែងក្លាយនោះទេ ។ មិត្តដែលពិតប្រាកដគឺជួយដោយចិត្តស្មោះដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ យើងទទួលដើម្បីឲ្យប្រជាពលរដ្ឋយើងមានបាន ។ នេះហើយគឺជាគោលគំនិតរបស់យើង ។ បើអ្នកជាមិត្តពិតប្រាកដរបស់កម្ពុជាត្រូវអោយច្បាស់ជាមួយគ្នា កុំនិយាយតែមិត្តតាពាក្យពេចន៍ នៅពីក្រោយមានរូបភាពបំផ្លាញយើង បំផ្លាញសន្តិភាព យើងអត់ទទួលទេ ។ មិត្តដ៏ល្អមួយទៀតគឺជាមិត្តដែលគោរពគ្នាទៅវិញទៅមក មិត្តខ្លះអាងតែប្រទេសធំមើលងាយយើងណាស់ ។ វាមិនសំខាន់ថាអ្នកមានប៉ុន្មាននោះទេសំខាន់យើងធ្វើការជាមួយគ្នាត្រូវគោរពគ្នាទៅវិញទៅមក ព្រោះយើងក៏ជាប្រទេសជាតិមួយដូចគ្នា ។ ខ្មែរបានកសាងប្រទេសមកដល់ថ្ងៃនេះដោយសារយើងរួមគ្នាធ្វើ ។ ខ្មែរយើងសម្រេចជោគវាសនាដោយខ្លួនឯង មិនអាចឲ្យគេបង្គាប់បញ្ជាបាននោះទេ ។ ប្រជាពលរដ្ឋជាង ៨០ភាគរយបានបោះឆ្នោតគាំទ្រសម្ដេចតេជោដឹកនាំប្រទេស ។ ដូច្នេះយើងស្រាប់ប្រជាពលរដ្ឋខ្មែរយើងមិនស្តាប់បរទេសនោះទេ ។

លោកឧត្តមសេនីយ៍ឯកបន្តថា អ្នកដែលរាជរដ្ឋាភិបាលត្រូវស្ដាប់ គឺស្ដាប់ប្រជាពលរដ្ឋខ្មែរ ។ ប្រជាពលរដ្ឋខ្មែរចង់បានអ្វីគឺចង់បានសេចក្តីសុខ សន្តិភាព ។ ដូច្នេះសម្តេចតេជោ ត្រូវធ្វើយ៉ាងណាដើម្បីថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋឲ្យបានដាច់ខាត ។ ប្រជាពលរដ្ឋចង់បានកិត្តិយសជាតិខ្មែរ ចង់បានមោទនភាពជាតិខ្មែរ ចង់បានចេញទៅក្រៅស្មើមុខស្មើមាត់នឹងគេ មិនចង់ឲ្យនៅក្នុងគំនាបរបស់នរណាទេ ។ យើងជាខ្មែរ យើងចង់បានជាតិខ្មែរយើងថ្កុំថ្កើង បរទេសទទួលស្គាល់និងគោរពយើងទៅវិញទៅមក ។ ដូច្នេះសម្តេចតេជោ ត្រូវដឹកនាំប្រទេសមួយដែលមានអធិបតេយ្យភាព ឯករាជ្យជាតិ កិត្តិយសជាតិមិនលល់តួជាមួយបរទេសណាមួយទេ ។ យើងធ្វើយើងរួមគ្នាធ្វើ ។ ខ្ញុំនិយាយនេះគឺជាមោទនភាពជាតិខ្មែររួមគ្នានៅថ្ងៃនេះ ហើយចង់ផ្ញើសារទៅអ្នកនយោបាយមួយចំនួនដែលមានសញ្ជាតិពីររស់នៅក្រៅប្រទេសដែលរត់ទៅពឹងបរទេសមកធ្វើបាបខ្មែរ ចង់ឲ្យរដ្ឋាភិបាលខ្មែរយើងលុតជង្គង់តាមគេប្រាប់ថាឆ្វេង ឆ្វេង ស្ដាំ ស្ដាំ ទៅមិនរួចទេ កុំសង្ឃឹមឲ្យសោះ ។ ថ្នាក់ដឹកនាំខ្មែរដែលមានគំនិតជាតិនិយមបម្រើប្រជាពលរដ្ឋខ្មែរ អត់បម្រើឲ្យបរទេសណានោះទេ ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនសម្តេចតេជោ គឺមិនខុសទេគឺយើងធ្វើតាំងពីប្រទេសយើងនៅទន់ខ្សោយ ឥឡូវយើងរឹងមាំ ពេលចេញទៅណាគេទទួលស្គាល់ជាជាតិមួយដែលមានកិត្តិយសនិងមោទនភាព ។

លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ក៏បាន សូមអរគុណប្រជាពលរដ្ឋចំពោះការទុកចិត្ត និងសូមបន្តទុកចិត្តគាំទ្រសម្តេចតេជោដើម្បីលោកមានឱកាសដឹកនាំបម្រើប្រជាពលរដ្ឋតទៅទៀត ។ ព្រោះកត្តាសំខាន់ដែលដែលធ្វើអោយយើងមានថ្ងៃនេះ គឺសម្ដេចតេជដឹកនាំរាជរដ្ឋាភិបាលគោលនយោបាយត្រឹមត្រូវ មានសុខសន្តិភាព ។ ដូច្នេះការគាំទ្ររបស់ប្រជាពលរដ្ឋគឺការបង្កឱកាសឲ្យសម្តេចជោដែលជាតួអង្គសំខាន់ ដឹកនាំប្រទេសឲ្យរីកចម្រើនមកដល់ថ្ងៃនេះនិងតទៅមុខដើម្បីកូនចៅជំនាន់ក្រោយរបស់យើងផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post