
ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានអះអាងថា ក្រុមប្រឆាំងបានប្រកាន់រើសអើង សិទ្ធិសេរីភាព នយោបាយ និងការបញ្ចេញមតិ សម្រាប់ជាតិសាសន៍ខ្លួន។
លោក សុខ ឥសាន បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៤ តុលា យ៉ាងដូច្នេះថា កន្លងទៅពួកអគតិមួយចំនួនបាននិយាយវាយប្រហារមកលើកម្ពុជាថា មានការរឹតត្បិតខាងសិទ្ធិសេរីភាពខាងនយោបាយ និងការបញ្ចេញមតិ ។ ប៉ុន្តែបើគេសង្កេតមើលលើសភាពការណ៍ជាក់ស្តែងនៅក្នុងប្រទេសសរអាថ្មីៗនេះ គេនឹងឃើញថា នៅប្រទេសមហាអំណាចមួយនេះ ពោរពេញទៅដោយការរើសអើងខាងសិទ្ធិសេរីភាពខាងនយោបាយ និងការបញ្ចេញមតិ។
លោកគូសបញ្ជាក់ថា "នៅក្នុងចំណោមជនជាតិខ្មែរ ដែលបានមករស់នៅក្នុងសរអារាប់សិបឆ្នាំហើយ ក៏មានការរើសអើងនយោបាយ និងការបញ្ចេញមតិ តួយ៉ាងជាក់ស្តែង នោះពួកក្រុមជនជាតិខ្មែរ ដែលប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា បែរទៅរើសអើងជាមួយនឹងបងប្អូនខ្មែរ ដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយនាំគ្នាជេរប្រមាថអ្នកគាំទ្ររាជរដ្ឋាភិបាល ហើយសុទ្ធតែគំរាមកំហែងថា នឹងថតរូបកត់ឈ្មោះទុកឲ្យរបបក្រុងវ៉ាស៊ិងតោនចាប់បញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញ។
លោកបន្តថា តើនេះឬ ជាចរិតជនរស់នៅប្រទេសដែលហៅថា ប្រទេសស៊ីវីឡៃនោះ? នេះគឺជាការរើសអើងខាងនយោបាយ និងរំលោភសិទ្ធិខាងកងការបញ្ចេញមតិ។
លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា "គ្រាន់តែប្រកាន់និន្នាកានយោបាយខុសគ្នា ជេរប្រមាថគេ មើលងាយគេ ប្រមាថគេ គំរាមកំហែងគេ។ តើចរិតបែបនេះ ជាអ្នកប្រជាធិបតេយ្យឬ ? តាមពិតបើមានចរិតបែបនេះ គឺជាជនបាតផ្សារ ដែលជាពាក្យសាមញ្ញ ដែលខ្មែរតែងតែនិយមប្រើ "។
ទោះបីមានការលើករបស់អ្នកនាំពាក្យបក្សកាន់អំណាចដូច្នេះក្តី លោក យ៉ែម បុញ្ញាឫទ្ធិ អតីតអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងថា កម្លាំងជាតិមួយនឹងធ្លាក់ឱនថយយ៉ាងឆាប់រហ័ស នូវពេលជួបប្រទះវិបត្តិសេដ្ឋកិច្ច អតិផរណាខ្ពស់ សង្គមវឹកវរ ដែលប្រទេសនីមួយខិតខំដោះស្រាយ ចៀសវាងឱ្យខាងតែបាន ដើម្បីជាផលប្រយោជន៍ដល់ប្រជាជាតិ និងមាតុភូមិ។
លោកបន្តថា កម្លាំងជាតិមួយ ដែលចេញពីរាស្ត្រ ចេញពីចិត្តដោយគ្មានការបង្ខិតបង្ខំណាមួយ ក្នុងការចូលរួម ប្រកបដោយការទទួលខុសត្រូវ ចាប់ផ្ដើមពីការលុបបំបាត់វប្បធម៌លាបពណ៌ មួលបង្កាច់ ជេរប្រមាថ ដែលនាំឱ្យមានការបែកបាក់ដល់សង្គមជាតិយើង។
លោកក៏បានលើកឡើងថា កម្លាំងជាតិមួយ ដែលចេញពីការផ្សះផ្សាជាតិ អហិង្សា ខ្មែរតែមួយ មិនគុំកួនសងសឹក មិនយកខ្មែរណាជាសត្រូវ នឹងនាំឱ្យមានស្ថិរភាព មានឱកាសរៀបចំសង្គមជាតិ ប្រទេសជាតិអាចរីកចម្រើន និងអភិវឌ្ឍន៍ពិតប្រាកដ ហើយនឹងនាំមកនូវសង្គមយុត្តិធម៌ សង្គមប្រជាធិបតេយ្យ សិទ្ធិសេរីភាព...។
សូមជម្រាបថា តាមការសង្កេតក្រុមប្រឆាំងបានប្រកាន់និន្នាការនយោបាយយ៉ាងខ្លាំង ទោះបីបក្សប្រឆាំងថា ប្រកាសមិនយកខ្មែរណាជាសត្រូវក៏ដោយ៕