header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ ជាហេតុការណ៍ដ៏រន្ធត់ ដោយសារអំណាចព្រះអគ្គីបានឆេះក្លឹបកម្សាន្ត ដែលមិនទាន់បើកដំណើរការនៅឡើយ បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងរបួសធ្ងន់២នាក់ បើទោះបីជាមានការអន្តរាគមន៍ពីសមត្ថកិច្ចយ៉ាងសស្រាក់សស្រាំយ៉ាងណាក្ដី។ គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ ៤កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២៖០៦នាទីរសៀល នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ខាងលិចផ្សារអំពិលដាំទឹក ប្រមាណ១៥០ម៉ែត្រ ស្ថិតក្នុងភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ច គ្រោះអគ្គិភ័យខាងលើ បានឆេះក្លឹបកម្សាន្ត “ឌី ក្លឹប” ដែលមិនទាន់ដំណើរការ មានទំហំ៣០ម៉ែត្រ គុណនឹង៥០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់នៅក្នុងក្លឹប និងបុរស២នាក់ផ្សេងទៀត រងរបួសធ្ងន់។ ចំណែកក្លឹបវិញ ត្រូវខូចខាតផ្នែកខាងក្នុងអស់ទាំងស្រុងតែម្ដង។

សមត្ថកិច្ចបន្តថា មូលហេតុបណ្ដាលឲ្យមានអគ្គិភ័យនេះ មកពីជាងដំឡើងម៉ាស៊ីនត្រជាក់តភ្លើង បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះជាអណ្ដាតភ្លើង ហើយរាលដាលដល់មនុស្សភ្លាមៗតែម្ដង។ ភ្លាមៗនោះដែរ បន្ទាប់ពីទទួលដំណឹងពីករណីឆេះក្លឹប កម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ ដោយប្រើប្រាស់ទឹកអស់ចំនួន១៦គ្រឿង រួមមានរថយន្តខេត្តកណ្តាល ៥គ្រឿង, រថយន្តខេត្តកំពង់ឆ្នាំង ២គ្រឿង, រថយន្តខេត្តកំពង់ស្ពឺ ១គ្រឿង, រថយន្តរោងចក្រថៃយ៉ា ២គ្រឿង, នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ ៤គ្រឿង និងរថយន្តរាជធានីភ្នំពេញ ២គ្រឿង ទើបអាចគ្រប់គ្រងបាននៅវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃដដែល។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ ឬពីទំហំនៃការខូចខាតជាសាច់ប្រាក់អស់ប៉ុន្មានឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post