header ads

Sponsor

រិទ្ធី

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសយល់ព្រមចាប់ផ្តើមឡើងវិញនូវប្រតិបត្តិការរុករក អដ្ឋិធាតុទាហានអាមេរិក នៅក្នុងប្រទេសកម្ពុជា។ យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនសមាជិកព្រឹទ្ធសភា ឯកឧត្តម ដុក អេរិកសុន (Doug Ericksen) និងតំណាងរាស្រ្ត ឯកឧត្តម វីនសុន បាយ្ស (Vicent Buys) រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអា  មេរិក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។

ក្នុងលិខិតនោះ សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាព សេដ្ឋកិច្ច-សង្គម និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាសព្វថ្ងៃ និងសេចក្តីប្រាថ្នារបស់ឯកឧត្តមដែលចង់ឱ្យបន្តឡើងវិញនូវកម្មវិធីរុករកអដ្ឋិធាតុឈ្លើយសឹក និងទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្រ្គាម (POW/MIA) នៅក្នុងប្រទេសកម្ពុជា។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងលិខិតថា  ជាការពិតយើងតែងតែមានបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យទាំងអស់ជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួម និងគោរពគ្នាទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការលើកម្មវិធី POW/MIA តាំងតែពីមុនពេលកម្ពុជា និងសហរដ្ឋអាមេរិកតភ្ជាប់ ទំនាក់ទំនងឡើងវិញ នៅទស្សវត្ស១៩៩០ គឺជាទាហរណ៍បញ្ជាក់ច្បាស់អំពីការខិតខំរបស់យើងដើម្បីគោលដៅនេះ ហើយក៏ជាការឆ្លុះបញ្ចាំងនូវការរួមមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយនឹងក្រុមគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួន ដែលបានរងទុក្ខផ្លូវចិត្តយ៉ាងធំធេងដោយការបាត់បង់របស់គេ។

សម្តេចតេជោបន្ថែមថា កម្មវិធី POW/MIA បានប្រព្រឹត្តទៅដោយជោគជ័យអស់ជាង៣០ឆ្នាំមកហើយ មុនពេលត្រូវផ្អាក បន្ទាប់ពីកម្ពុជាត្រូវបានដាក់ទណ្ឌកម្មយ៉ាងអយុត្តិធម៌ ដោយគ្រាន់តែបានស្នើសុំឱ្យសហរដ្ឋអាមេរិកផ្តល់ការពិចារណាបន្ថែម ចំពោះករណីកម្មវិធីធ្វើមាតុភូមិនិវត្តខ្មែរនៅអាមេរិក ដោយឈរលើមូលដ្ឋានមនុស្សធម៌ប្រហាក់ប្រហែលគ្នាដែរ។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្អាកជាបណ្តោះអាសន្ននូវកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 ដល់មន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជា អដ្ឋិធាតុរបស់ទាហានអាមេរិក ដែលបាត់បង់ជីវិតនៅលើដីកម្ពុជាទាំងអស់មានប្រមាណ ៨០នាក់ ហើយបច្ចុប្បន្នរកឃើញ ៤០នាក់ហើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post