header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្មេងទំនើងចំនួន២ក្រុម ប្រដាប់ដោយដែកបំពង់ទីប និងដាវ បានជិះម៉ូតូដេញវាយគ្នាតាមដងផ្លូវ តែត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក ស្ទាក់ក្របួចឃាត់ខ្លួនបាន៦នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍ភ្លាមៗផងដែរ ខណៈ​បក្ខពួក​២នាក់ទៀត ជិះរត់បាត់ស្រមោល កាលពីវេលាម៉ោង១ទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យ​រុស្ស៊ី​) ស្ថិតតាមបណ្ដោយផ្លូវ៤៣០ ក្រុម១៩ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

នគរបាលប៉ុស្តិ៍ទំនប់ទឹក ប្រាប់ខេមប៉ុស្តិ៍ថា​ ជនសង្ស័យមានចំនួន៦នាក់ រួមមាន ៖

ភាគីម្ខាងមានចំនួន៣នាក់ ទី១ឈ្មោះ ល័ក្ខ ជាហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាបុគ្គលិកខារ៉ាអូខេព្រីន ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដកហូតបានដំបងដែកមួយប្រវែង១,១០ម៉ែត្រ, ទូរស័ព្ទដៃម៉ាក Nokia ១គ្រឿង, ទី២ឈ្មោះ គៀត សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំតុទូ ពុំប្រើប្រាស់ថ្នាំញៀន ដកហូតបានដំបងដែកទីបប្រវែង១,២០ម៉ែត្រ និងទី៣ឈ្មោះ ហឿន ជឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដកហូតបានម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BG-6816។

ចំណែកភាគីម្ខាងទៀត មានចំនួន៣នាក់ ទី១ឈ្មោះ សាំង ភក្តី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាសន្តិសុខ ជាសិស្សសាលាផ្សារដើមថ្កូវ ស្នាក់នៅក្នុងខណ្ឌមានជ័យ ដកហូតបានដាវ១ដើម ប្រវែង០,៦០ម៉ែត្រ, ទី២ឈ្មោះ ឈាង លី ភេទប្រុស អាយុ១៧ឆ្នាំ ដកហូតបានម៉ូតូ១គ្រឿង និងទី៣ឈ្មោះ ឡាញ់ គីមហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានចុះល្បាតក្នុងភូមិសាស្ត្រ បានប្រទះឃើញជនសង្ស័យចំនួន៨នាក់ ជិះម៉ូតូចំនួន៣គ្រឿង ម៉ាកហុងដាសេ១២៥ ចំនួន២គ្រឿង និងម៉ូតូម៉ាក ហុងដាប៊ីត ចំនួន១គ្រឿង បានឈប់ម៉ូតូដោយដៃមានកាន់ដំបង និងដាវ វាយកាប់គ្នា ហើយសមត្ថកិច្ចចូលទៅឃាត់ខ្លួនបានជនសង្ស័យទាំង២ភាគី ចំនួន៦នាក់ រួមនឹងដំបង២ដើម និងដាវ១ដើម ម៉ូតូ១គ្រឿង។ ចំណែកជនសង្ស័យ២នាក់ទៀត គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក ធ្វើការសាកសួរ និងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់បន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post