
បន្ទាយមានជ័យៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ឈប់ និងបិទទាំងស្រុងច្រករបៀងអូរបីជាន់ ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បទបញ្ជានេះ ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ បានចេញលិខិតជូនដំណឹងមួយទៅតាមបណ្តាអង្គភាពពាក់ពន្ធ័ចូលរួមអនុវត្តន៍បទបញ្ជានេះ។
សូមបញ្ជាក់ថា ច្រកបៀងអូរបីជាន់ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែន៥០៣ ត្រូវបានបិទទាំងស្រុង រាល់ទំនិញសព្វសារពើពីប្រទេសថៃ ក៏លែងមានការនាំចូលដូចសព្វមួយដង។


ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺច្រករបៀងអូរបីជាន់នេះ បានបើកដំណើរការឡើងវិញក្រោយពីបិទត្រឹមតែមួយដង្ហើមចង្រឹត។ ការបើកដំណើរច្រកនេះ បានធ្វើឲ្យមានមតិរិះគន់បានលើកឡើងថា បទបញ្ជាសម្តេចក្រឡាហោម ស ខេង គ្មានអំណាច និងប្រសិទ្ធភាពគ្រប់ដណ្តប់លើរដ្ឋបាលខេត្តបន្ទាយមានជ័យនោះទេ ឲ្យបិទម៉េចបានបើកច្រករបៀងមួយនេះ ជាប្រភពសេដ្ឋកិច្ចដ៏ធំសម្រាប់ថ្នាក់ដឹកនាំអង្គភាពពាក់ពន្ធ័ រួមនឹងរដ្ឋបាលខេត្តផងដែរ។





ប្រភពដែលអាចជឿទុកចិត្ត បានឲ្យដឹងថា ច្រករបៀងអូរបីជាន់ ក្រោយពីបើកដំណើរការវិញគេឃើញមានទំនិញគេចពន្ធគ្រប់ប្រភេទពីប្រទេសថៃ ត្រូវបាននាំចូល រួមទាំង គោ ក្របី ជ្រូក មាន់ ទា ផងដែរ។ ការបើកឲ្យមានការនាំចូលទាំងនេះ គឺប៉ះពាល់យ៉ាងធ្ងន់ដល់ចំណូលពន្ធរដ្ឋ ប៉ះពាល់ដល់ជីវភាពពលរដ្ឋអ្នកចិញ្ចឹម បំផ្លាញហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ ដូច្នេះគួរតែអាជ្ញាធរនិងអង្គភាពពាក់ពន្ធ័ពិនិត្យឡើងវិញ និងចូលរួមអនុវត្តបទបញ្ជាសម្តេចក្រឡាហោម ឲ្យមានប្រសិទ្ធភាព៕


