
ស្ទឹងត្រែងៈ រថយន្តដឹកឈើប្រណីតប្រភេទធ្នង់ចំនួន២គ្រឿង ក្នុងចំណោម៣គ្រឿង ត្រូវកម្លាំងនគរបាលចរាចរណ៍ជើងគោកខេត្តស្ទឹងត្រែង ស្ទាក់ចាប់ ខណៈកំពុងចរាចរលើកំណាត់ផ្លូវជាតិលេខ៩ កាលពីម៉ោង៨និង៤៥នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ ត្រង់ចំណុចបារ៉ាស់ត្រួតពិន្យ ស្ថិតក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ច ប្រាប់ឲ្យដឹងថា រថយន្តផ្ទុកឈើប្រណីតជាក់ស្តែងចំនួន៣គ្រឿង ជាប្រភេទរថយន្តកាមរីគូទហើម ដោយដឹកចេញពីខេត្តព្រះវិហារ ឆ្ពោះមកកាន់ខេត្តស្ទឹងត្រែង និងអាចបន្តឆ្ពោះទៅប្រទេសវៀតណាម តែមកដល់ចំណុចបារ៉ាស់ត្រួតពិនិត្យចំណុចខាងលើ ក៏ត្រូវកម្លាំងប៉ូលិសចរាចរណ៍ឃាត់បានចំនួន២គ្រឿងភ្លាមៗនៅហ្នឹងកន្លែង ចំណែកមួយគ្រឿងទៀត បើករត់គេចខ្លួនបាត់ បន្ទាប់ពីហេតុការណ៍កើតឡើង។


ក្រោយឃាត់រថយន្តទាំង២គ្រឿងខាងលើ ស្រាប់តែមានរឿងគួរឲ្យភ្ញាក់ផ្អើល ដែលមិននឹកស្មាន ដោយសារមានស្ត្រីម្នាក់ អះអាងថា ជាម្ចាស់រថយន្ត ស្រក់ទឹកភ្នែកលើកដៃដើរសំពះអង្វរសមត្ថកិច្ចគ្រប់ផ្នែកនៅទីនោះ សុំជួយដោះលែងពួកគាត់ ព្រោះបានបង់លុយរត់ការផ្លូវនៅកន្លែងបារ៉ាស់ត្រួតពិនិត្យនេះរួចរាល់អស់ហើយ មុននឹងពួកគាត់ធ្វើដំណើរទៅដឹកឈើចេញពីខេត្តព្រះវិហារ។
ស្ត្រីខាងលើ បានរៀបរាប់ទៀតថា បើអាជ្ញាធរខេត្តដាក់កម្លាំងបិតឈើមិនឲ្យចេញ ចុះហេតុដូចម្តេច ក៏កម្លាំងចម្រុះនៅទីនេះ មិនប្រាប់គាត់ បែរជាយកលុយគាត់ហើយ ពេលគាត់ដឹកឈើចេញ ស្រាប់តែចាប់គាត់ទៅវិញ?
ពាក់ពន្ធករណីខាងលើ នគរបាលចរាចរណ៍នៅទីនោះ បានបញ្ជាក់ថា លោកធ្វើតាមតួនាទី និងបទបញ្ជារបស់លោក អូត ស៊ីវុត្ថា ស្នងការរងទទួលផែនចរាចរណ៍ជើងគោកជំនួស លោកឌៀប ចាន់ធី ដោយមិនឲ្យប៉ះពាល់លុយកាក់ ស៊ីសំណូកសូកប៉ាន់ និងធ្វើបាបកៀបសង្កត់ប្រជាពលរដ្ឋនោះទេ។ ចំពោះរឿងនេះ ម្ចាស់ឈើគាត់បានបង់លុយឲ្យសមត្ថកិច្ចរូបណា សមត្ថកិច្ចរូបនោះ គួរទទួលខុសត្រូវចុះ។







សូមបញ្ជាក់ថា កម្លាំងចម្រុះចាំត្រួតពិនិត្យបទល្មើសនៅទីនោះ រួមមានមានកម្លាំងជំនាញរដ្ឋបាលព្រៃឈើជាប្រធាន កម្លាំងស្នងការនគរបាលខេត្ត កម្លាំងយោធា កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលចរាចរណ៍ សរុបប្រមាណជិត២០នាក់ ប៉ុន្តែមានតែបុគ្គល២ទៅ៣នាក់ប៉ុណ្ណោះ ដែលបានយកលុយពីបទល្មើសមុន លុះចេញដំណើរ បែរចាប់ជាក្រោយ។
តាមបទបញ្ជារបស់ប្រធានគណៈបញ្ជាការឯកភាពខេត្ត លោក ម៉ុម សារឿន បានអនុញ្ញាតឲ្យដាក់ប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសផ្សេងៗ ជាពិសេសបទល្មើសព្រៃឈើចំនួនបីកន្លែងសំខាន់ៗ ទី១លើកំណាត់ផ្លូវជាតិលេខ៩ ពីស្ទឹងត្រែងទៅខេត្តព្រះវិហារ ត្រង់ចំណុចអូរចង្ហារ ទី២លើផ្លូវជាតិលេខ៧៨ ពីស្ទឹងត្រែងទៅខេត្តរតនគិរី ត្រង់ចំណុចក្បែស្ពានស្រែពក និងទី៣ លើផ្លូវជាតិលេខ៧ ពីស្ទឹងត្រែងទៅខេត្តក្រចេះ ត្រង់ភ្នំក្រហមលើផ្លូវអូរពងមាន់។
ជាការកត់សម្គាល់ បន្ទាប់ពីការដាក់ប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសមួយចំនួន ជាពិសេសបទល្មើសព្រៃឈើ មានការថយចុះគួរឲ្យកត់សម្គាល់ បើទោះណា ជានៅមានការឃុបឃិតលួចឲ្យចេញបែបណានីមួយនោះក៏ដោយ៕.