
ភ្នំពេញៈ ពិតជាអភ័ព្វពេកហើយ សម្រាប់នារីម្នាក់នេះ ដែលមានវាសនាខុសពីនារីរាប់ពាន់រាប់ម៉ឺននាក់ សម្រាប់ថ្ងៃឆ្លងទន្លេ គឺជាថ្ងៃដែលនារីគ្រប់រូប ត្រូវការកម្លាំងចិត្តបំផុត ត្រូវការអ្នកមើលថែ ត្រូវការមន្ទីរពេទ្យល្អៗ តែសម្រាប់នារីម្នាក់នេះ សម្រាលកូននៅតាមសំយាបផ្ទះគេ គ្មានឆ្មប គ្មានអ្នកមើលថែទៀត តែក៏សំណាងម្យ៉ាងដែរ ត្រូវបានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ នាំគ្នាមកជួយ។
ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ១៥ កែងនឹងផ្លូវ១១៨ ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមសម្តីប្អូនស្រីម្នាក់ ដែលរស់នៅជិតខាង បានប្រាប់ឲ្យដឹងថា ស្ត្រីឆ្លងទន្លេខាងលើ មានឈ្មោះ សៀក អីម អាយុជាង២០ឆ្នាំ មុខរបរនៅផ្ទះ ប្តីរបស់គាត់ទៅធ្វើការនៅខេត្តកំពង់ចាម ជាងមួយខែ ទើបមកម្តង និងបានមកស្នាក់នៅបន្ទប់ជួលជាន់លើ ជិតកន្លែងកើតហេតុ ។



តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាង បានប្រទះឃើញស្រ្តីខាងលើ សម្រាលបានទារកម្នាក់ នៅមុខផ្ទះគេ លើចិញ្ចើមផ្លូវ ក៏នាំគ្នាជួយមើលថែ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច រួចបានទាក់ទងទៅរថយន្តសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យកាល់ម៉ែត ដឹកទៅមន្ទីរពេទ្យទាំងម្តាយ និងទារក។
ប្រភពដដែល បានបន្តទៀតថា ស្ត្រីខាងលើបានទៅពិនិត្យអេកូ អ្នកគ្រូពេទ្យប្រាប់ថា "បើមិនកើតយប់នឹង ក៏យប់ស្អែក" ខណៈដល់ម៉ោងកើតហេតុខាងលើ ក៏ឃើញឆ្លងទន្លេបានទារកម្នាក់រួចទៅហើយ មានសុខភាពល្អទាំងកូនទាំងម្តាយ។


អ្នកជិតខាងក៏សុំលេខប្តីរបស់គាត់ តេទៅប្រាប់ឲ្យបានដឹង ប្តីរបស់គាត់ប្រាប់ថា ចាំព្រឹកគាត់នឹងឡើងមក ឲ្យប្អូនស្រីជួយមើលផង។
សូមបញ្ជាក់ថា ស្រ្តីឆ្លងទន្លេខាងលើនៅផ្ទះតែម្នាក់ឯង មិនមានឪពុកម្តាយ ឬសាច់ញាតិនៅជិតឡើយ មានតែអ្នកជិតខាងជួយតែប៉ុណ្ណោះ៕


