កាលពីម្សិលមិញ ថ្ងៃទី ០៣ តុលា ឆ្នាំ ២០១៨ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើសុំក្រសួងព័ត៌មាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាត់វិធានការផ្អាកការប្រើប្រាស់ និងផ្សព្វផ្សាយ លើបទចម្រៀងរបស់លោក ម៉ៅ ហាជី នៃផលិតកម្មថោន បទ « ភ្ជុំបិណ្ឌនឹកស្រុក » ដោយក្រសួងការងារ លើកឡើងថា អត្ថន័យ និងឃ្លាមួយចំនួនធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ និងផ្ដល់កិច្ចគាំពារដល់កម្មករ និយោជិត ត្រង់ឃ្លា «កម្មករនិយោជិត មិនទាន់បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលធ្វើឲ្យកម្មករ និយោជិត មិនបានទៅស្រុកកំណើតទៅលេងម៉ែពុក បានត្រឹមតែស្រក់ទឹកភ្នែក ហើយបានទូរសព្ទប្រាប់ម៉ែពុក បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ បានអាចទៅលេងស្រុកកំណើត» ។
ជាការឆ្លើយតបពីលោក ងួន សុបិន ដែលជាអ្នកនិពន្ធបទចម្រៀងនេះ ដោយលើកឡើងថា បទចម្រៀងនេះបានចេញលើទីផ្សារយូរឆ្នាំហើយ ហើយវាដូចជាអត់មានប្លែកទេបង គាត់គិតតែមួយជ្រុង…ខ្ញុំកំពុងឆ្ងល់…ថាតើសុំបិទរឿងអី…ហើយបទខ្ញុំហ្នឹងមិនមែនទើបនឹងចេញទេ គឺចាញ់តាំងយូរហើយ បើចង់បិទ ក៏មិនបិទតាំងពីយូរ ហេតុអីទើបមកប្រតិកម្មឥឡូវនេះ គឺតាំងលោក នៅជាបុគ្គលិករបស់ថោនម្ល៉េះ ប៉ុន្តែបច្ចុប្បន្នលោកបានចាកចេញពីផលិតកម្មនេះប្រមាណ ២ឆ្នាំហើយ”។ សុបិន្ត បន្តថាបទចម្រៀងនេះ មិនសំដៅជាទូទៅទេ គឺគ្រាន់ចង់បង្ហាញរឿងរ៉ាវខ្លះ ដែលថា អាចមានរោងចក្រខ្លះបើក ខ្លះអាចមិនបើកប្រាក់ខែទាន់ឲ្យកម្មករប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ លោក ប៉ា ចន្ទរឿន ដែលគ្រូបង្រៀនមុខវិជ្ជាសីលធម៌ ម្នាក់ ក៏មានការលើកឡើងផងដែរ ដោយសរសេរនៅលើគណនីហ្វេសប៊ុក លោកថា ៖
បទ "ភ្ជុំបិណ្ឌនឹកស្រុក" ច្រៀងដោយ ម៉ៅ ហាជី គឺជាចម្រៀងដ៏ពីរោះមួយ។ ក្នុងនាមខ្ញុំគ្រូបង្រៀនមុខវិជ្ជាសីលធម៌, ការសិក្សាវប្បធម៌ និងការគិតត្រិះរិះ ខ្ញុំបានស្តាប់ចម្រៀងនេះជាច្រើនដង ប៉ុន្តែខ្ញុំនៅតែរកចំណុចដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ, សីលធម៌, គុណធម៌ និងវប្បធម៌របស់ខ្មែរមិនឃើញ។ ជាគោលការណ៍ ទស្សនវិជ្ជា, អក្សរសិល្ប៍, ចម្រៀង...ឆ្លុះបញ្ចាំងពីថតភាពណាមួយរបស់សង្គម។ ដូចគ្នាដែរ បទ "ភ្ជុំបិណ្ឌនឹកស្រុក" របស់ ម៉ៅ ហាជី គ្រាន់តែឆ្លុះបញ្ចាំងពីតថភាពមួយជ្រុងនៃជីវិតរបស់កម្មករប៉ុណ្ណោះដោយមិនបានធ្វើអ្វីខុសឡើយ។ ដូច្នេះការហាមចាក់ផ្សាយបទចម្រៀងនេះគឺមិនត្រឹមត្រូវឡើយពីព្រោះវាបានរំលោភសិទ្ធិផ្នែកសិល្បៈរបស់ពលរដ្ឋ។
បទ « ភ្ជុំបិណ្ឌនឹកស្រុក »
ទោះយ៉ាងណារហូតមកដល់ថ្ងៃនេះ យើងនៅមិនទាន់ទទួលបានចំណាត់ការយ៉ាងណាពី រដ្ឋមន្ត្រី នៃក្រសួងទាំងពីរ នៅឡើយដែរ៕