អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវលោកជូ សារុន មេបញ្ជាការអាវុធហត្ថខេត្តស៊ីដាច់លុយ និងអង្ករ របស់​មន្ត្រី​អាវុធហត្ថ ខេត្តកំពង់ស្ពឺ និង​ក្រុមអធិការកិច្ច កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ចុះ​ធ្វើ​អធិការកិច្ច គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បាន​បើក​ថវិកា​ឧបត្ថម្ភ អន្តរាគមន៍​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដល់​មន្ត្រី​អាវុធហត្ថ ចំនួន​១២០​នាក់វិញ​ហើយ​ បើកុំតែបែករឿងដល់អ្នកកាសែតមិនបានលុយវិញទេ។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​និយាយ នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨ ​ ដែលកំពុងតែចុះអង្កេតនៅឡើយនោះ។​ ​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បាន​រង​ការចោទប្រកាន់ ពី​មន្ត្រី​នៅក្រោម​ឱវាទ ថាពាក់ព័ន្ធ​ការ​ស៊ីដាច់​អង្ករ​ឧបត្ថម្ភ និង​ស៊ីដាច់​លុយ​ការពារ ការបោះឆ្នោត​ជ្រើស​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦រាប់តោន និងរាប់លានរៀល រួមទាំង​ភាពមិនប្រក្រតី មួយចំនួនថែមទៀត​ផង។ ​

ដោយសារតែ​ផ្ទុះ​រឿងអាស្រូវនេះ តាមបណ្តាញប្រពន្ធ័ផ្សព្វផ្សាយនានា បណ្តាញសង្គម កាសែតក្នុងស្រុករួចមកនោះលោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ឹម ហុង ដឹកនាំ​គណៈកម្មការ​ចំពោះ​កិច្ច ចុះ​ធ្វើ​អធិការកិច្ច ចំពោះ​ករណីនេះ កាលពី​ថ្ងៃទី​០២ និង​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៨​កន្លងមកនោះ។

តាម​ប្រភពពី​មន្ត្រីជាន់ខ្ពស់​ដដែល បាន​បញ្ជាក់ថា អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​បើក​ថវិកា​ឧបត្ថម្ភ​អន្តរាគមន៍ សម្រាប់​ការការពារ ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដល់​មន្ត្រី​អាវុធហត្ថ​ចំនួន​១២០​នាក់ ដោយ​ក្នុង​ម្នា​ក់បាន ១០៥.០០០​រៀល និង​ថវិកា​ឧបត្ថម្ភ សម្រាប់​ការការពារ ការបោះឆ្នោត​ជ្រើសតាំង​ សមាជិក​ព្រឹទ្ធសភា ក្នុង​ម្នាក់ ៧០.០០០ រៀល សរុប​ទាំងអស់ ១៧៥.០០០ រៀល ហើយ​ការបើក​ថវិកា​ឧបត្ថម្ភ​នេះ គឺ​ចាប់ពី​ថ្ងៃទី៤ ខែតុលា រហូតដល់​ថ្ងៃទី ៨ ខែតុលា ឆ្នាំ​២០១៨​។​ ​

ចំណែក​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ដែល​បាន​ជួយ​អន្តរាគមន៍ ក្នុង​រឿងនេះ រហូត​ពួកគាត់​ទទួលបាន​ថវិកា ឧបត្ថម្ភ​អន្តរាគមន៍ ការការពារ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។​ ​

រីឯ​គណៈកម្មការ​ ចំពោះ​កិច្ច ដែល​ចុះ​ធ្វើ​អធិការកិច្ច នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដែល​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេស​នី​យ៍​ត្រី ស៊ឹម ហុង គឺ​នៅ​មិនទាន់​បង្ហាញ លទ្ធផល​នៅឡើយ​ទេ​។ ​

ប្រភព​ច្បាស់​ការណ៍ បាន​ប្រាប់​បន្ត ឲ្យ​ដឹងទៀតថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បាន​ស៊ីដាច់​អង្ករ​ឧបត្ថម្ភ​របស់ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ មណ្ឌល​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ផ្តល់ជូន​អាវុធហត្ថ​រាប់លានរៀល និងច្រើនតោនផង។ ការស៊ីដាច់​លុយ​ការពារ ការបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា និង​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦​។ ​

ប្រភព​ដដែល បាន​បន្តថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បានឲ្យ​មនុស្ស​ជំនិត​របស់ខ្លួន ដើរ​ប្រមូល​គាបសង្កត់​អ្នករកស៊ី ដោយ​ក្នុងនោះ​ឲ្យ លោក​វរសេនីយ៍ទោ លឹម ឧសភាជិះរថយន្តដើរ ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញរកស៊ីបទល្មើសព្រៃ ​ឈើ និង​ទំនិញគេចពន្ធនានា នៅលើ​ផ្លូវជាតិ​លេខ​៤ថែមទៀតផង​។ ចំណែក​លោក​វរសេនីយ៍ទោ គង់ វាសនា ហៅ មហាមេឃបានអង្គុយចាំ ប្រមូល​លុយ​ផ្លូវជាតិ​លេខ​៥ ដោយ​ដេញចាប់​ឡាន នៅ​ស្នាក់ការ​អាវុធហត្ថ ៥៥១ នៅ​ស្រុក​ឧដុង្គ​។​ ​

ទាក់ទង​ករណី​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បាន​បដិសេធថា លោក​មិនបាន​ប្រព្រឹត្ត ដូច​ការចោទប្រកាន់​នោះទេ​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor