
ភ្នំពេញៈ បុគ្គលិកម្នាក់ ដែលធ្វើការនៅភោជនីយដ្ឋាន សេវេនប្រាយ ឃីន័ បានយកសោររថយន្តរបស់ថៅកែ មកបើកថយក្រោយ ស្រាប់តែជាន់ហ្គែបន្ថែម បណ្តាលឲ្យបុកទៅយុវជនម្នាក់ យ៉ាងពេញទំហឹង ស្លាប់ភ្លាមៗនៅនឹងកើតហេតុ កាលពីវេលាម៉ោង១១៖១៥នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១០៨ មុខភោជនីយដ្ឋាន សេវេនប្រាយ ឃីន័ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពបុរសរងគ្រោះខាងលើមានឈ្មោះ ច័ន្ទ មេសារ អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ម្តុំទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកឯអ្នកបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។
ប្រភពព័ត៌មានពីសាក្សីនៅនឹងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ ដែលជាបុគ្គលិកធ្វើការនៅភោជនីយដ្ឋាន សេវេនប្រាយ ឃីន័ បានឡើងទៅបើករថយន្តរបស់ថៅកែរបស់ខ្លួន ខណៈពេលនោះ ស្រាប់តែបុគ្គលិករូបនេះ បានថយរថយន្តមកក្រោយយ៉ាងលឿន បណ្តាលឲ្យបុកម៉ូតូរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយពីបង្កហេតុ បុគ្គលិកខាងលើ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សុល់ទុកតែរថយន្តរបស់ថៅកែហាងនៅនឹងកន្លែង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទាក់ទងហៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកឯសាកសពជនរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕




