header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី បានយកពេលវេលាចុងសប្តាហ៏ចុះទៅពិនិត្យមើលទីតាំងភូមិសាស្ត្រមួយចំនួន នៅចំណុចដងនង្គ័លជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ដែលតែងលិចលង់ខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង។

លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួន នៅចំណុចខាងលើនេះ ក៏ទទួលរងផលប៉ះពាល់ដែរពីជំនន់ទឹកភ្លៀងនេះ។ អាជ្ញាធរខណ្ឌពោធិសែនជ័យ ក៏ដូចរដ្ឋបាលរាជធានីភ្នំពេញ មានការខ្វល់ខ្វាយ និងគិតគូពីបញ្ហានេះដើម្បីរកវិធានការរំដោះ ទឹកចេញក្រៅភូមិសាស្ត្រឲ្យមានប្រសិទ្ធភាព។

លោក ឃួង ស្រេង ក៏បានណែនាំឲ្យក្រុមហ៊ុនដូនពេញ ដែលទទួលម៉ៅការដាក់ប្រព័ន្ធលូនៅចំណុចដងនង្គល័លើកំណាត់ផ្លូវសហពន្ធ័រុស្ស៊ី ឲ្យកែលម្អលក្ខណៈបច្ចេកទេស នៃការរៀបអណ្តូងលូដើម្បីធានាឲ្យទឹកហូរបាននិងទាន់ពេលវេលា។

មន្ត្រីផ្នែកលូទឹក នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា នៅតំបន់នេះ ប្រព័ន្ធលូបានភ្ជាប់គ្នាអស់ហើយ។ តែចំណុចត្រូវដោះស្រាយបន្ត គឺការស្តារប្រឡាយចំការឪឡឹក និងប្រឡាយទួលសំពៅឲ្យបានជាប់គ្នា ដើម្បីនាំទឹកទៅកាន់ស្ថានីយ៏បូមទឹក ទួលសំពៅឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្នប្រឡាយទួលសំពៅ, ប្រឡាយតាំងក្រសាំង បានទទួលរងការរំលោភបំពាន ការចាក់ដីលប់ ការបោះសំរាមចូលប្រឡាយ និងមានស្មៅ និងរុក្ខជាតិផ្សេងៗដុះយ៉ាងច្រើនលើពោះប្រឡាយ ដែលជាមូលហេតុចំបងមួយធ្វើឲ្យប្រឡាយគោករាក់ ទឹកហូរមិនទាន់ដែលទាមទារឲ្យមានការស្តារ និងកែលម្អឡើងវិញ។

លោកអភិបាលរាជធានី បានណែនាំឲ្យមានការឆែកមើលឡើងវិញទាំងអស់ ប្រព័ន្ធលូនៅចំណុចដែលមានការស្ទះទឹក និងស្តារប្រព័ន្ធលូចាស់ ដាក់ប្រព័ន្ធលូថ្មី។ លោកអភិបាល ក៏បានណែនាំផងដែរ ឲ្យបើកកិច្ចប្រជុំនៅសប្តាហ៍ក្រោយជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីរិះរកវិធានការឲ្យមានប្រសិទ្ធភាពក្នុងការរំដោះជំនន់ទឹកភ្លៀងនៅចំណុចខាងលើនេះ។ ក្នុងការរៀបចំដាក់ប្រព័ន្ធលូនេះ អាជ្ញាធរត្រូវតែដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋតាមការងារជាក់ស្តែង និងត្រូវវះកាត់ខ្លះទើបការងាររំដោះទឹកនេះសម្រេចបានជោគជ័យ។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រួមជាមួយមន្ទីរសាធារណៈការ បានដំណើរការស្តារប្រឡាយទួលសំពៅ ដែលជាប់ភូមិសាស្ត្រខណ្ឌទាំង២។ ប្រឡាយទួលសំពៅនេះ មានតួនាទីសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងចេញពីតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងតំបន់ជុំវិញ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានកាត់ទទឹងប្រឡាយទួលសំពៅ ចំនួន៥កន្លែង ដែលជាការជួយសម្រួលចរន្តទឹកឲ្យហូរបានលឿន។ ស្របពេលនេះដែរ មន្ទីរសាធារណៈការ និងដឹកជញ្ជូន បានលើកសំណើរទៅសាលារាជធានីភ្នំពេញ ដើម្បីដំណើរការស្តារប្រឡាយស្តឹងមានជ័យ និងប្រឡាយបឹងទំពន់ ដែលស្ថិតក្នុងការថែទាំជាប្រចាំប្រឡាយដែលមានសារសំខាន់ក្នុងការរំដោះទឹកនៅប៉ែកខាងត្បូង និងខាងលិចរាជធានីភ្នំពេញផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post