header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ របាំងថ្មពុះចែកទ្រូងផ្លូវ៥កង់ បានបាក់ខ្ទាត​របាត់របាយពេញផ្លូវ​ ដោយសាររថយន្តធុនធំមួយគ្រឿងដឹកអង្ករ លើសទម្ងន់ បើកឡើងស្ពានអាកាសក្បាលថ្នល់មិនរួច ហើយដាច់ហ្វ្រាំង រអិលថយក្រោយវិញបុករបាំងថ្ម ប៉ុន្តែពិតជាសំណាងល្អ មិនបណ្តាលឲ្យនរណារម្នាក់រងរបួសនោះទេ។

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ត​ ទី១៨ ខែតុលា ឆ្នាំ២០១៨ នៅលើស្ពានអាកាសក្បាលថ្នល់(ខាងត្បូង) ស្ថិតក្នុងភូមិព្រែកតានូ១​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មុខគ្លីនិកសម្ភពក្បាលថ្នល់) ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ប្រាប់ឲ្យ​ភ្នាក់ងារ CAM POST ដឹងថា​ មុនពេលកើតហេតុ គាត់ឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿង មិនស្គាល់ម៉ាក ពាក់ស្លាកលេខព្រះសីហនុ 3A-0882 បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ រថយន្តបានបន្ថែមល្បឿនឡើងស្ពានអាកាសក្បាលថ្នល់ ខណៈដែលកំពុងឡើងជិតដល់ពាក់កណ្តាលស្ពានហើយ បែរជាបើកឡើងលែងរួច ព្រោះរថយន្តដឹកលើសទម្ងន់ ហើយស្រាប់តែដាច់ហ្វ្រាង រអិលថយចុះមកក្រោមវិញ ស្របពេលដែលមានរថយន្តធុនតូចមួយគ្រឿងទៀត​ កំពុងបើកមកពីក្រោយ ដល់គល់ស្ពានហើយ ចំណែកគន្លងផ្លូវម្ខាងទៀតស្ងាត់មិនទាន់មានអ្នកបើកឆ្លងកាត់ទេ ទើបតៃកុងរថយន្តធុនធំនោះ មានស្មារតី​ច្បាស់លាស់ក្នុងការសម្រេចចិត្តភ្លាមៗ កាច់ចង្កូតវិលរថយន្តទៅបុក​របាំងថ្មពុះចែកទ្រូងផ្លូវលើស្ពានអាកាសក្បាលថ្នល់ បណ្ដាលឱ្យបាក់ខ្ទេចអស់ចំនួន៥ផ្ទាំង ហើយនេះពិតជាសំណាងហើយ ​ដែលរថយន្តកល់ជាប់របាំងថ្ម លែងរអិលចុះទៀត និងមិនគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ។ ចំណកតៃកុងរថយន្តឃើញសភាព​ខូចខាត​ច្រើនពេក​ ក៏បានគេចខ្លួនបាត់ពីកន្លែងកើតហេតុមុនសមត្ថកិច្ចចុះមកដល់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌចុះមក និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងបិតផ្លូវម្ខាងមិនឲ្យ​ធ្វើចរាចរណ៍ជាង៤ម៉ោង ដើម្បីយករថយន្តស្ទូចមានទំហំធំ​មកស្ទូចទើបបាន ព្រោះរថយន្តបង្កហេតុ​មានផ្ទុកអង្កររាប់តោនទៀត ហើយស្ទូចដាក់លើរថយន្តកុងតឺន័រ រួចដឹកយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយលើការខូចខាតសម្បត្តិរដ្ឋតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post