header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នាព្រឹកថ្ងៃ​ព្រហស្បតិ៍​ ទី១៨ ខែតុលា​ ឆ្នាំ២០១៨នេះ​ កម្លាំងសណ្ដាប់ធ្នាប់(ប្រជាការពារ)សាលាខណ្ឌមានជ័យ​ សហការជាមួយសង្កាត់ពាក់ព័ន្ធ បានចុះធ្វើការអប់រំណែនាំ និងផ្សព្វផ្សាយជូនដល់បងប្អូនអ្នកលក់ដូរ ដបសាំង ឬធុងសាំង អ្នកលក់​របស់របរ​តាមរទេះចល័ត ក៏ដូចជាអ្នកប៉ះកង់ម៉ូតូតាមរទេះ ឲ្យបានជ្រាបថា "គឺចាប់ពីថ្ងៃនេះតទៅ រដ្ឋបាលខណ្ឌមានជ័យ មិនអនុញ្ញាតិឲ្យបងប្អូនលក់ដបសាំង ឫធុងសាំង និងសំភារៈផ្សេងៗ នៅលើតាមបណ្ដោយ​មហាវិថី​សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ​) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ តទៅទៀតទេ" ។

ការចុះណែនាំនិងផ្សព្វផ្សាយខាងលើនេះ ដោយបានទទួលបទបញ្ជាពីលោក ពេជ្រ កែវមុនី អភិបាលនៃ គណៈអភិបាលខណ្ឌមានជ័យ និងលោកឡុង ង៉ែត អភិបាលរងខណ្ឌ បានចាត់តាំងឲ្យលោក ជា ណារិន អនុប្រធាន​ការិយាល័យ​ផែនការ និងអភិវឌ្ឍន៍​ខណ្ឌមានជ័យ​ ជាអ្នកដឹកនាំផ្ទាល់។

ក្រុមការងារ​រៀបចំសណ្ដាប់ធ្នាប់បានបញ្ជាក់ថា ក្នុងករណីបងប្អូនអាជីវករ មានភាពរឹងទទឹង មិនគោរពតាមការណែនាំរបស់សាលាសង្កាត់ និងសាលាខណ្ឌ កម្លាំងមានសមត្ថកិច្ចនឹងធ្វើការរឹបអូសសម្ភារៈបងប្អូន ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារៈរបស់បងប្អូនឡើយ។

ជាមួយគ្នានេះ​ក្រុមការងាររៀបចំសណ្ដាប់សង្ឃឹមថា បងប្អូនអ្នកលក់ដូរនៅតាមទីតាំងខាងលើនឹងចូលរួម សហការជាមួយអាជ្ញាធរ ដោយភាពទទួលខុសត្រូវ ដើម្បីបញ្ជៀសនូវបញ្ហាផ្សេងៗដែលកើតឡើងជាយថាហេតុ អំពីដបសាំង ឫធុងសាំង ពិសេសរក្សាបានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណភាពល្អសម្រាប់រាជធានីភ្នំពេញយើងទាំងអស់គ្នា ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post