
ភ្នំពេញៈ ក្នុងរយៈពេល៥ឆ្នាំ ក្រសួងមហាផ្ទៃ បានធ្វើជំរឿនជនអន្ដោប្រវេសន៍ បានចំនួន៤៦.៧៧៦គ្រួសារ មនុស្សមានចំនួន១៧៦.៨១២នាក់ (ស្រី៧៩.៧២៨) ក្នុងនោះ មានជនបរទេសអន្ដោប្រវេសន៍កាន់កាប់ប្រើប្រាស់ឯកសារមិនប្រក្រតី ចំនួន២០.២១៨គ្រួសារ មានមនុស្សចំនួន៧៣.៣៩៧នាក់ (ស្រី៣៥.៨៨៨នាក់) មាន៥សញ្ជាតិ ដែលកំពុងដំណើរការដកហូតតាមអនុក្រឹត្យរបស់រដ្ឋាភិបាល។
យោងតាមរបាយការណ៍សង្ខេប ស្ដីពីសមិទ្ធផលសំខាន់មួយចំនួនៗ របស់ក្រសួងមហាផ្ទៃរយៈពេល៥ឆ្នាំ បានបញ្ជាក់ថា រយៈពេល៥ឆ្នាំ សមត្ថកិច្ចអនុវត្តនីតីវិធីឃាត់ខ្លួននិងបណ្ដាញជនបរទេស ដែលរស់នៅកម្ពុជាខុសច្បាប់ ស្ដីពី អន្ដោប្រវេសន៍ ចំនួន១៣.៧០១នាក់ មាន៨៥សញ្ជាតិ។
របាយការណ៍បន្ដថា ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះធ្វើអធិការកិច្ចពលករបរទេស នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានា តាមបណ្ដាខេត្ដ-ក្រុង សំដៅពិនិត្យភាពស្របច្បាប់របស់ពលករ ហើយជាលទ្ធផលបានរកឃើញពលករបរទេស ប្រកបមុខរបរខុសច្បាប់ ចំនួន៧.៣៤២នាក់ បានធ្វើការផាកពិន័យ គិតជាប្រាក់ស្មើរនឹង ៣.៦៤០.៩០០.០០០រៀល៕