header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ បន្ទាប់ពីពួកគេមានជម្លោះក្នុងពិធីរាំធុងបាស់នៅវត្តចំថ្ងៃបុណ្យភ្ជុំធំ។ ជនសង្ស័យទាំងពីរ ត្រូវបានឃាត់ខ្លួននៅក្នុងទឹកដីខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។

សមត្ថកិច្ចខេត្តក្រចេះ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ១៥រោច ខែភត្របទ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៩៖៣០នាទី ជនសង្ស័យមានគ្នាចំនួន៤នាក់ បាននាំគ្នារាំលេងកម្សាន្តនៅចំណុចវត្តគីឡូ៦៣ ភូមិដូនមាស៣ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ លុះរាំលេងបានប្រហែល៣បទ ស្រាប់តែជនរងគ្រោះបានឌឺដង និងចង្អុលមុខក្រុមជនសង្ស័យនៅក្នុងវង់រាំ ហើយក៏ជិះម៉ូតូចេញមកក្រៅ។ ឃើញដូចនេះ ជនសង្ស័យទាំង៤ ក៏ជិះម៉ូតូដេញតាមពីក្រោយ ពេលជិះទៅដល់ក៏ដកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះ ត្រូវចំកញ្ចឹងក ដួលបោកក្បាលទៅនឹងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិត ក្រោយពេលយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។ ក្រោយពេលកើតហេតុ កម្លាំងផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ បើកការស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញា។

រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៧៖០០នាទីព្រឹក កម្លាំងសមត្ថកិច្ចខេត្តក្រចេះ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាជនដៃដល់។ ដោយឡែក ជនសង្ស័យចំនួន២នាក់ទៀត ជាអ្នកឌុបជនដៃដល់ បានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង៤ រួមមាន ១.ឈ្មោះ រុំ រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដូនមាស ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ, ២.ឈ្មោះ សួន ពិសី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (អ្នកទាំង២ ជាជនដៃដល់)។ ចំណែកឈ្មោះ ពុធ ចំរើន (ហៅវ៉េត) ភេទប្រុស អាយុ១៨ឆ្នាំ និង៤.ឈ្មោះ ផាង ទ្រា ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង២ រស់នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាអ្នកឌុបបានរត់គេចខ្លួនបាត់។ ចំណែក ជនរងគ្រោះឈ្មោះ អុល ហេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជំនុំពុល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត បន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post