header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ប៉ៃលិនៈ សមាជិកក្រុមប្រឹក្សាឃុំម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីឆបោកប្រាក់ប្រជាពលរដ្ឋជិត១០ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌប៉ូលិសខេត្តប៉ៃលិន តែបែរជាយកលុយគេទៅលេងល្បែង និងផឹកស៊ីអស់។ ការឃាត់ខ្លួនក្រុមប្រឹក្សាឃុំរូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាង៥០នាក់ ដែលក្នុងនោះ មានទាំងមេភូមិម្នាក់ផង។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យជាក្រុមប្រឹក្សាឃុំនោះ មានឈ្មោះ អេង ឡុង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជាសមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងរស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ចំណែកជនរងគ្រោះម្នាក់ ក្នុងចំណោមជិត៥០នាក់ មានឈ្មោះ គង់ ស្រី ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរជាមេភូមិអូររអិល ឃុំស្រុកកើតហេតុខាងលើ បានមកដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច ទើបធ្វើការឃាត់ខ្លួនមកសាកសួរតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីការសួរនាំ ជនសង្ស័យបានទទួលស្គាល់ និងសារភាពថា ខ្លួនបានទទួលប្រាក់ពីឈ្មោះ គង់ ស្រី ចំនួន៨៩,៥០០ដុល្លារ (ប្រាំបីម៉ឺនប្រាំបួនពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិក) ស្មើនឹងចំនួន៤៩នាក់ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលខេត្តប៉ៃលិន។ ចំពោះប្រាក់ទាំងនោះ ជនសង្ស័យបានយកទៅចាញ់ល្បែងនៅកាស៊ីណូ និងផឹកស៊ីអស់ហើយ គ្មានលុយសងវិញទេ។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន បន្តចំណាត់ការតាមនីតិវិធី។

សម្រាប់ករណីនេះ ប្រជាពលរដ្ឋសង្ឃឹមថា តុលាការរកយុត្តិធម៌ជូនពួកគាត់ ដោយមិនគិតពីបក្ខពួក និងតួនាទីឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post