header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមាជិកសភា និងជាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានអះអាងថា របបដឹកនាំបែបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានគេហៅ ឬឲ្យឈ្មោះនោះធ្វើតាមតែសម័យកាលរបស់អ្នកដឹកនាំប្រទេសប៉ុណ្ណោះ។ ការលើកឡើងនេះ បន្ទាប់ពីបក្សប្រឆាំងអះអាងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនបានអនុវត្តន៍ពេញលេញដូចបណ្តាប្រទេសលើសកលលោកនោះទេ គឺមានការរឹតត្បិត ពិសេសលើបក្សប្រឆាំង និងសង្គមស៊ីវិលជាដើម។

លោក អ៊ូ ច័ន្ទរ័ត្ន មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២ ខែតុលានេះថា ប្រជាធិបតេយ្យ បានក្លាយជាប្រធានបទមួយក្នុងការជជែកគ្នាឡើងវិញ និងមានការបកស្រាយខុសគ្នាខ្លះ ក្នុងសង្គមខ្មែរ ក្រោយពីការបោះឆ្នោតជាតិ ដែលខ្វះការគាំទ្រពីមតិជាតិ និងអន្តរជាតិ នាអាណត្តិ ២០១៨នេះ។ លោកបញ្ជាក់ថា មានអ្នកខ្លះមានប្រសាសន៍ថា នេះជា "ប្រជាធិបតេយ្យបែបកម្ពុជា" ដែលនេះ ធ្វើឲ្យលោកនឹកឃើញដល់ របប "កម្ពុជាប្រជាធិបតេយ្យ" របស់ខ្មែរក្រហម។

លោកក៏បានលើកឡើងផងដែរថា ប្រហែលជាក្រុមអ្នកដឹកនាំខ្មែរក្រហម បកស្រាយ និងរៀបចំគោលការណ៍ប្រជាធិបតេយ្យរបស់ពួកគាត់មួយបែបផ្សេងទៀតដែរ ដែលមានលក្ខណៈខុសគ្នាខ្លាំង ឬផ្ទុយពីប្រទេសប្រជាធិបតេយ្យក្នុងពិភពលោកទាំងមូលតែម្តង។

លោកគូសបញ្ជាក់ថា «ទោះជាយ៉ាងនេះ ក៏មិនប្លែកពេកទេ ព្រោះប្រទេសមួយចំនួន ដែលដឹកនាំតាមបែបផ្តាច់ការ ក៏ហៅខ្លួនឯងថា "ប្រជាធិបតេយ្យ" ឬ "សាធារណរដ្ឋ" ដែរ ដូចជា សាធារណរដ្ឋប្រជាមានិតចិន (People's Republic of China) ជាដើម»

លោកបន្ថែមថា បើតាមអត្ថន័យ នៃពាក្យ "ប្រជាធិបតេយ្យ" (democracy) គឺមិនខុសគ្នាទេ។ ហើយលទ្ធិប្រជាធិបតេយ្យ មានមាគ៌ាដ៏ពិតប្រាកដ ដែលប្រទេសភាគច្រើនក្នុងពិភពលោកយល់ថា អាចនាំរាស្ត្ររបស់គេទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។ វាមិនខុសគ្នាពីមាគ៌ារបស់ព្រះពុទ្ធសាសនារបស់ព្រះពុទ្ធអង្គទេ គឺមានមាគ៌ាតែមួយគត់ ដើម្បីនាំមនុស្សឲ្យចាកផុតសេចក្តីទុក្ខ គឺអដ្ឋង្គិកមគ្គ (Noble Eightfold Path)។ ដូច្នេះវាអាស្រ័យលើបុគ្គលទាំងឡាយ ថាតើអាចគោរពប្រតិបត្តិបានប៉ុណ្ណា។

យ៉ាងណាក្តី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា កំពុងអនុវត្តន៍យ៉ាងពេញលេញនូវលទ្ធិប្រជាធិបតេយ្យ មិនដូចក្រុមបក្សប្រឆាំងមួយចំនួន ធ្វើការប្រឆាំង គ្រាន់តែបម្រើមនោគមន៍វិជ្ជាពីបរទេសតែប៉ុណ្ណោះ។

លោកបន្តថា ដំណើរការប្រជាធិបតេយ្យ អាចប្រព្រឹត្តទៅដោយរលូន និងមានការរីកចម្រើន លុះត្រាតែស្របតាមបំណងប្រាថ្នារបស់ប្រេជាជន ស្របតាមការសម្រេចចិត្តរបស់ប្រជាជន នោះទើបហៅថា លទ្ធិប្រជាធិបតេយ្យ។ ម៉្យាងទៀត រាល់ការប្រឆាំង ដែលបម្រើមនោគមន៍វិជ្ជាបរទេស រំលោភឆន្ទៈរបស់ប្រជាជន មិនមែនជាការប្រឆាំងបែបប្រជាធិបតេយ្យនោះទេ តែផ្ទុយទៅវិញ គឺជាឧបសគ្គនៃដំណើរការលទ្ធិប្រជាថិបតេយ្យទៅវិញទេ។

អ្នកនាំពាក្យបក្សកាន់អំណាច ក៏បានលើកឡើងថា ការប្រឆាំងដែលដើរផ្ទុយពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនដាច់ខាត មិនអាចទទួលបានជ័យជំនះ និងសម្រេចផលតាមការចង់បានឡើយ។ ជាក់ស្តែង លោក សម រង្ស៊ី ដែលជាអាយ៉ងដាច់ថ្លៃរបស់បរទេសតាំងពីឪពុកមក ធ្វើសកម្មភាពនយោបាយប្រឆាំងនឹងផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន កុំថា ឡើយតស៊ូជាងម្ភៃឆ្នាំ ទោះមួយជីវិតក៏នៅតែអត់បានការដដែល ពីព្រោះវាផ្ទុយពីបំណងប្រាថ្នារបស់ប្រជាជន។

លោកបញ្ជាក់ថា «ប្រជាជន ត្រូវការសន្តិភាព ស្ថិរភាពនយោបាយ និងជីវភាពរស់នៅ ប្រកបដោយសេចក្តីសុខក្សេមក្សាន្ត មិនមែនត្រូវការអសន្តិសុខ និងសង្គ្រាមនោះឡើយ»

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post