
ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បើករថយន្ត CAMRY មួយគ្រឿង អែបស្ដាំមិនស៊ីញ៉ូ ស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូ Duke ឌុបគ្នាមកបុកពីក្រោយ ខ្ទាតចូលកង់បី Pass App បណ្តាលឲ្យក្រឡាប់សង្កត់លើម៉ូតូ របួសធ្ងន់ស្រាល២នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៖៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចមុខក្លឹបមីតណាយ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


អ្នកឃើញហេតុការ បានប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក TOYOTA CAMRY ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2A-4568 បើកបរដោយជនជាតិម្នាក់ បានធ្វើដំណើរពីកើតមកលិចក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តបើកអែបស្តាំ ដើម្បីដឹកមនុស្សស្រី២នាក់ទៀត ដោយមិនបានស៊ីញ៉ូ ស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Duke ពាក់ស្លាកលេខភ្នំពេញ 1CP-4334 ធ្វើដំណើរស្របទិសគ្នា ពីកើតទៅលិច បានបុកពីក្រោយ ហើយក៏ខ្ទាតចូលរ៉ឺម៉ក់កង់បី Pass App ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 1F-5712 បណ្ដាលឲ្យក្រឡាប់សង្កត់ម៉ូតូ Duke នោះ ខូចខាតបែកកញ្ចក់ Pass App និងខូចខាតម៉ូតូយ៉ាងដំណំផងដែរ ចំណែកម្ចាស់ម៉ូតូទាំង២នាក់ ម្នាក់របួសស្រាល និងម្នាក់ទៀតរបួសជើងធ្ងន់ រីឯរថយន្តខូចខាតកាងឆ្វេងខាងក្រោយបន្តិចបន្តួចប៉ុណ្ណោះ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចឲ្យភាគីទាំងបី ដោះស្រាយគ្នាមួយជំហានសិន តែមិនត្រូវគ្នា ទើបសមត្ថកិច្ចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែង និងយករថយន្តក៏ដូចជាម៉ូតូ និងរ៉ឺម៉កកង់បីឥណ្ឌាយកទៅរក្សាទុកនៅផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕







