ភ្នំពេញៈ ជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទ IPhone X ពីបុរសជនជាតិចិនម្នាក់ ខណៈជិះម៉ូតូដូចគ្នាបានសម្រេច រួចជិះគេចខ្លួន តែត្រូវជនរងគ្រោះជិះម៉ូតូដេញបុកបណ្តាលឲ្យដួលទាំងពីរនាក់ រួចយកបានទូរស័ព្ទបានមកវិញ ទាំងខ្លួនរងរបួស ចំណែកជនសង្ស័យរត់ចោលម៉ូតូបាត់។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨៖១០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខខារ៉ាអូខេ The Moon តាមបណ្តោយផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នា២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1G-4900 ទិសដៅពីជើងទៅត្បូង ខណៈនោះក៏មានបុរសជនជាតិចិនម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Step ពណ៌សលាយខ្មៅពាក់ ស្លាកលេខ 1Z-7621 មកពីក្រោយហើយបានស្រែកចោរៗ ហើយបានជិះម៉ូតូដេញពីក្រោយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុជនរងគ្រោះ បានសម្រេចចិត្តជិះម៉ូតូទៅបុកតែម្ដង បណ្តាលឲ្យដួលទាំពីរនាក់ហើយ ជនរងគ្រោះបាន ស្រវេស្រវាយកទូរស៏ព្ទមួយគ្រឿងម៉ាក IPhone X ពីជនសង្ស័យបានមកវិញ ទាំងខ្លួនរងរបួសដែរនោះ ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរកន្លែងហេតុ ចុះមកមើល ទើបដឹកថា ជាករណីឆក់ទូរសព្ទ័។ ចំណែកសង្ស័យបានរត់ឡើងជិះម៉ូតូមួយគ្រឿងទៀត ដែលជាបក្ខពួក និងជាអ្នកបិតគូទពីក្រោយបាត់ស្រមោល បន្សល់ម៉ូតូមួយគ្រឿង ដែលជិះធ្វើសកម្មភាពនៅនឹងកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែងនៅក្បែរកន្លែងកើតហេតុនោះដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកនិងបានយកម៉ូតូទាំពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួល ដើម្បីទុកស្រាវជ្រាវបន្ត៕