
ភ្នំពេញៈ បុរសម្នាក់ បានស្លាប់បង់ជីវិតភ្លាមៗ នៅកណ្ដាលផ្លូវតែម្ដង ខណៈកំពុងជិះម៉ូតូ Today មួយគ្រឿង ត្រូវរថយន្តធុនធំ មិនស្គាល់ម៉ាក មួយគ្រឿង បុកពេញទំហឹង និងកិនបែកក្បាលធ្លាយខួរស្លាប់គួរឲ្យអាសូរ។ ភ្លាមៗនោះ រថយន្តបង្កក៏បានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតមានឡើងនៅវេលាម៉ោង០៩និង៥០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៣៧១ ត្រង់ចំណុចជិតនឹងផ្សារប៉េសេ (PC) ដែលស្ថិតក្នុងសង្កាត់បឹងទំពុនទី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពបុរសរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។



ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍បានដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿង ម៉ាក Today ពាក់ស្លាកលេខភ្នំពេញ 1FK-0880 ធ្វើដំណើរពីកើតមកលិច ក្នុងល្បឿនធម្មតា លុះដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តធុនធំមួយគ្រឿងទៀត មិនចាំម៉ាក បានធ្វើដំណើរបញ្ច្រាសទិសគ្នា ក៏បុកចំពេញទំហឹងបណ្ដាលឲ្យម៉ូតូរបស់ជនរងគ្រោះដួលរួចកិន បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗតែម្ដង ។ ភ្លាមៗនោះរថយន្តបង្កក៏បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់តែម្ដង ។


បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ឲ្យចុះមកកន្លែងកើតហេតុដើម្បីធ្វើការវាស់វែង និងធ្វើកំណត់ហេតុប្រគល់សពឲ្យរថយន្តដឹកសពយកទៅរក្សាទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិរបស់ជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕


