header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ​យប់កាន់បិណ្ឌ៨ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនករណី ជាក់ស្ដែង​ក្រោមតំណក់ភ្លៀង​រលឹម​ស្រិចៗ​ផង គ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើង ដោយជនជាតិម៉ាឡេស៊ី​២នាក់ បើករថយន្តម៉ាក TACOMA ប្រដេញគ្នាជាមួយ​រថយន្ត LAND CRUISER បើកបរដោយជនជាតិជប៉ុន២នាក់ទៀត ក្នុងល្បឿនយ៉ាងលឿន​ បានវ៉ាជែងគ្នាមិនផុត​ ក៏ជ្រុលទៅបុកចំ​បញ្ឆិត​ពីមុខ បណ្ដាលឲ្យ​រេចង្កូតទៅបុកតូបយាមរបស់សន្តិសុខ ខ្ទេចអស់ និងបុកបាក់ដើមចំប៉ាអស់១ដើមទៀត បាក់ដាច់ទាំងគល់ រួចបន្តទៅបុកផ្ទប់ជាប់និងបង្គោលភ្លើង ​បាក់អស់ចំនួន១ដើម និងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ​មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ដ៏សាហាវដូចរឿងកុននេះ បានកើតឡើងកាលពី ម៉ោង០៣ ទៀបភ្លឺ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវ៦៣ កែងផ្លូវលេខ៤០០ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ (ជិតវិទ្យាល័យជាស៊ីមបឹងកេងកង)។

ប្រភពពីសន្តិសុខយាមសណ្ឋាគារទល់មុខកន្លែងកើតហេតុ​បានប្រាប់ភ្នាក់ងារ​ CAM POST ថា នៅមុនកើតហេតុ​ គេឃើញ រថយន្តមួយគ្រឿង​ ម៉ាក TOYOTA TACOMA ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AQ-5114 បើកបរដោយជនជាតិម៉ាឡេស៊ី​២នាក់ ធ្វើដំណើរពីត្បូងទៅជើង ដោយឃើញបើកប្រដេញគ្នា ជាមួយរថយន្តមួយគ្រឿងទៀត LAND CRUISER ពណ៍ខ្មៅ​ ពាក់ស្លាកលេខ​ឧត្ដរមានជ័យ​ 2A-0205 ក្នុងល្បឿនយ៉ាងលឿន​ដូចគ្នា ខណៈពេលមកដល់ចំណុចកើតហេតុ​ដែលជាផ្លូវបែកជាបួន មិនព្រមបន្ថយល្បឿនទេ រថយន្ត TACOMA បានបន្ថែមល្បឿន​ ដើម្បីវ៉ាជែងអោយផុត ស្រាប់តែរថយន្ត​ LAND CRUISER បានបន្ថែមល្បឿន​ដែរ​ ហើយរថយន្តទាំងពីរគ្រឿងរេចង្កូតមកអែបក្បែរគ្នា ហើយរថយន្ត LAND CRUISER ក៏បានបុករថយន្ត TACOMA ប៉ះបញ្ឆិត​ចំខាងមុខ បណ្ដាលឲ្យរថយន្ត LAND CRUISER ទាញចង្កូតមកវិញជ្រុល ឡើងទៅលើចិញ្ចើមផ្លូវ បុករះតូបយាមរបស់សន្តិសុខ ខ្ទេចអស់ទាំងស្រុង និងបុកដើមចំប៉ា បាក់ដាច់ត្រឹមគល់ អស់១ដើម​រួចរថយន្តមិនទាន់អស់ល្បឿន បន្តទៅបុកផ្ទប់បង្គោលភ្លើងថ្ម ពេញទំហឹង​ បណ្ដាលឲ្យ​បាក់បង្គោលភ្លើងចំនួន១ដើម​ ​ចំណែកឯរថយន្ត​បោកជាប់នឹងបង្គោលភ្លើងអែបទៅជាប់របងផ្ទះវីឡា រងការខូចខាតយ៉ាងដំណំ និងបែកកញ្ចក់ខាងមុខចំហៀងខាងស្ដាំ និងខ្ទាត​កម្ទេចកំទី​បាក់បែក​ របាត់របាយពេញផ្លូវ ចំណែកឯរថយន្ត​ TACOMA ខ្ទាតវិលក្បាលត្រលប់ក្រោយ១ជុំ រងការខូចខាតខាងមុខចំហៀងខាងស្ដាំយ៉ាងដំណំ​ផងដែរ​តែសំណាងល្អ​មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត​ រាយការណ៍​ប្រាប់សមត្ថកិច្ច​ជំនាញ ចុះមកធ្វើការវាស់វែង រួចស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ សងថ្លៃខូចខាតទ្រព្យសម្បត្តិរដ្ឋ តាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post