ព្រៃវែងៈ កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រៃវែង បានបំបែកសំណុំរឿង ខាងលើត្រឹមតែ១៨ថ្ងៃបន្ទាប់ពីកើតហេតុរួច ដោយតាមចាប់ជនសង្ស័យរហូតដល់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅក្នុងព្រៃតែម្តង ពេលនោះជនសង្ស័យបម្រុងលូកយកគ្រាប់បែកដាក់នៅក្នុងហោប៉ៅខោ បម្រុងនិងបោក តែត្រូវកម្លាំងជំនាញបានស្ទុះចាប់ទាន់ពេល។
ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពសម្លាប់ ស្រ្តីម្នាក់ បណ្តាលអោយស្លាប់នៅលើគ្រែក្រោមផ្ទះ រស់នៅភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានបំបែកសំណុំរឿងឈានតាមចាប់ជនសង្ស័យ ឈ្មោះ ហ៊ាង គឹមហុង អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ភូមិកោះខ្ជាយ ឃុំជាច ស្រុកកំចាយមារខេត្តព្រៃវែង។ ដកហូតពីជនសង្ស័យមាន គ្រាប់បែកដៃ មិនទាន់ផ្ទុះ ១គ្រាប់ និងទូរស័ព្វដៃម៉ាកAISពណ៌ខ្មៅចំនួន១គ្រឿង។
ចំណែកជនរងគ្រោះឈ្មោះ តិត នឿន ហៅ ណូក ភេទស្រីអាយុ ៥៥ ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។
បច្ចុប្បន្ន ជនសង្ស័យជាឃាតករ រួមទាំងវត្ថុតាងកម្លាំងជំនាញមន្ទីរយុត្តិធម៌ បន្តនិតិវិធីបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ចាត់ការទៅតាមផ្លូវច្បាប់ ក្នុងមាត្រា២០ និងមាត្រា១៩៩ ត្រូវដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨៕