header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ដែលត្រូវបានប្រជាពលរដ្ឋដេញចាប់ខ្លួន ហើយស្វាគមន៍ឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ខណៈបក្ខពួកគេម្នាក់ទៀត ជិះម៉ូតូរត់គេចខ្លួនបាត់ បន្ទាប់ពីពួកគេនាំគ្នាជិះម៉ូតូតាំងពីស្ទឹងមានជ័យ ទៅចូលលួចលុយនៅក្នុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៤៖៣០នាទី ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នោះ ដោយសារសភាពរបួសគ្រាំក្នុងធ្ងន់ធ្ងរពេក ក៏បានស្លាប់ នៅព្រឹកថ្ងៃទី២៧ ខែតុលានេះ ខណៈដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ជនសង្ស័យចាប់ខ្លួនបាននោះ មានឈ្មោះ ចែម រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរដើរលួច ស្នាក់នៅបន្ទប់ជួលលេខ៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ញ៉ូវ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិសង្កាត់ជាមួយគ្នា បានរត់គេចខ្លួនបាត់។ រីឯជនរងគ្រោះឈ្មោះ កយ តាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈក្រុមគ្រួសារកំពុងលង់លក់ក្នុងដំណេក ស្រាប់តែនៅវេលាម៉ោងខាងលើ ក៏ឮសូរសំឡេងកំប៉ុងធ្លាក់ប្រ៉ាវ ទើបភ្ញាក់ដឹងខ្លួន ស្រាប់តែឃើញជនសង្ស័យម្នាក់ ស្ទុះរត់ចេញពីក្នុងផ្ទះ ឡើងជិះម៉ូតូ ដែលមានបក្ខពួកឈប់រង់ចាំខាងមុខស្រាប់ រួចបើករត់គេច ទើបស្រែកឆោឡោផ្អើលអ្នកភូមិចេញមកស្ទាក់តាមផ្លូវ ធ្វើឲ្យជនសង្ស័យភ័យ បើកទៅបុកពលរដ្ឋម្នាក់ ធ្លាក់ជនសង្ស័យខាងលើ ត្រូវពលរដ្ឋស្រវាចាប់បានវាយទ្រមខ្លួន។ ចំណែកជនសង្ស័យម្នាក់ទៀត ជាបក្ខពួកក៏លើកម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបើករត់គេចខ្លួនបាត់។

ជនសង្ស័យម្នាក់ ដែលចាប់ខ្លួនបាន គឺជាអ្នកគាស់ទ្វារផ្ទះចូលលួចលុយ សម្ភារៈ ហើយរបស់ទ្រព្យទាំងនោះ ត្រូវបានម្ចាស់យកវិញ មានលុយជាង១ពាន់ដុល្លារ ប្រាក់រៀលជាង៧ម៉ឺនរៀល។

ក្រោយពីការស្វាគមន៍របស់ពលរដ្ឋហើយនោះ ជនសង្ស័យត្រូវបានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ  ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ប៉ុន្តែដោយសារការវាយតប់ បណ្តាលឲ្យគ្រាំក្នុងខ្លាំងពេក ហើយបានស្លាប់ ខណៈដឹកជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បន្ទាប់មក សមត្ថកិច្ចក៏ដឹកសពជនសង្ស័យតាមរថយន្តសាមុយត្រឡប់មកវិញ យកទៅពិនិត្យកោសល្យវិច័យនៅវត្តពោធិ៍ចិនតុង នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post