header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រា បានចូលទៅ​ម៉ាស្សា​សុខភាព​ អស់រយៈពេល​ជិត២ម៉ោង​ ស្រាប់តែឃើញរត់ចុះមកវិញ​ទាំងអាក្រាតកាយ​ ​ស្រែក​ឡូឡា​ចោទថា ស្ត្រី​ម្នាក់ ដែលជាអ្នកម៉ាស្សា​ក្នុងបន្ទប់នោះ​ បានលួចយកលុយ ១០០ដុល្លារ​ ហើយក៏ប្រកែកគ្នាបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២៖២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌល​ម៉ាស្សា​សុខភាពមួយកន្លែង យីហោ ស្ពាញសេនធ័រ (SPINE CENTER) ខាងក្រោយផ្សារទំនើប​សុវណ្ណា​ ស្ថិតតាមផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

ប្រភពពីបុគ្គលិក​មជ្ឈមណ្ឌល​ម៉ាស្សា​ខាងលើ​ បានប្រាប់មកភ្នាក់ងារ​ CAM POST បានឲ្យ​ដឹងថា  កាលពីម៉ោង៧ព្រឹកថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ បុរសវ័យចំណាស់ខាងលើ ​ក៏បានចូលមកមជ្ឈមណ្ឌល​ម៉ាស្សា​សុខភាព យីហោ ស្ពាញសេនធ័រ (SPINE CENTER) កើតហេតុខាងលើ ដើម្បីម៉ាស្សាព្យាបាលដោយចលនា អស់រយៈពេល​ជិត៣ម៉ោង ហើយក៏ត្រលប់ទៅផ្ទះវិញបាត់ ដោយមិនមានបញ្ហាអ្វីនោះទេ លុះវេលាម៉ោង១១យប់ថ្ងៃ​ដដែល បុរសវ័យចំណាស់ខាងលើ មិនដឹងទៅផឹកស្រា​ស្រវឹង​នៅឯណានោះទេ បានត្រឡប់មក​ម៉ាស្សា​សុខភាព​ម្ដងទៀត ដោយ​បុគ្គលិក​បានរៀបចំបន្ទប់មួយនៅជាន់ទី៤ ឲ្យគាត់ លុះពេលម៉ាស្សាព្យាបាលដោយចលនា អស់រយៈពេល​ជិត២ម៉ោង​ ស្រាប់តែឃើញបុរសវ័យចំណាស់រូបនោះរត់ចុះមកវិញ​ទាំងអាក្រាតកាយ​ ​រួចស្រែក​ឡូឡា​ថា​ ស្ត្រី​ម្នាក់ដែលជាអ្នកម៉ាស្សា​ឲ្យគាត់នៅក្នុងបន្ទប់នោះ​ បានលួចយកលុយរបស់គាត់​ ១០០ដុល្លារ​ ហើយគាត់ក៏រត់ឡើងទៅ​ស្លៀកពាក់​ខោអាវ​វិញ រួចចុះមកសួររកមើល​ស្ត្រី ដែលម៉ាស្សាអោយគាត់នោះ​ ហើយស្រែក​ឡូឡា​ចោទប្រកាន់ថា ស្ត្រីម៉ាស្សានោះជាអ្នកលួច​ ទើបគាត់រត់ដេញតាមចុះមក​ដូច្នេះ​ បង្កការភ្ញាក់ផ្អើលដល់កម្លាំងល្បាតប៉ុស្តិ៍នគរបាលទំនប់ទឹក ចុះមកសាកសួរ។

បុរសវ័យចំណាស់ខាងលើ​(មិនស្គាល់ឈ្មោះ​)​ បានប្រាប់រៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់ក៏ជាមន្ត្រីប៉ូលិ​សធ្វើការនៅ​ក្រសួងមហាផ្ទៃ​ដែរ តែមិនបានប្រាប់ពីអង្គភាពណា​ ឬការិយាល័យណានោះទេ​ ហើយគាត់បន្តទៀតថា​ ដំបូងឡើយ​គាត់បានមក​ម៉ាស្សា​នៅមជ្ឈមណ្ឌល​ខាងលើ​ នៅបន្ទប់ជាន់លើ​ ដោយបានអោយ​ស្ត្រីជាបុគ្គលិក​មជ្ឈមណ្ឌល​ម៉ាស្សានោះ​ ធ្វើការម៉ាស្សា​អោយ​ រហូតអស់រយៈពេល​ជាង១ម៉ោង​រួចហើយ​ គាត់ក៏ក្រឡេកឃើញ​ស្ត្រីម៉ាស្សានោះ​ យកលុយរបស់គាត់​ចំនួន១០០ដុល្លារ​ (ដោយមិនបានបញ្ជាក់ថាលុយ​គាត់ទុក​កន្លែងណា​ ឬចំណុចណា​នោះទេ​) ហើយស្ត្រីម៉ាស្សានោះ​បានចុះមកជាន់ក្រោម​ ទើបគាត់​ស្ទុះ​រត់ចុះមក​ដេញចាប់​ប្រផាប់​ប្រភីង អោយអ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​នោះ​ បានដឹងដែរ​ តែ​ស្ត្រីម៉ាស្សានោះ​ប្រកែក​ ទើបគាត់​ចង់ប្ដឹងពីស្ត្រីម៉ាស្សាម្នាក់នោះ​ លួចលុយរបស់គាត់​ ដូច្នេះ​ក្មួយប៉ូលិសជួយនាំនាងទៅប៉ុស្តិ៍ផង។

ចំណែកឯស្ត្រី​ដែលរងការចោទប្រកាន់ពីបុរសខាងលើ​ ជាបុគ្គល​មជ្ឈមណ្ឌល​ម៉ាស្សាខាងលើ​ (មិនស្គាល់ឈ្មោះ​ទេ)​ បានបញ្ជាក់ប្រាប់សមត្ថកិច្ចវិញថា​ រូបគាត់សុំ​បដិសេធ​ទាំងស្រុង ចំពោះការចោទប្រកាន់មកលើគាត់បែបនេះ ទាំងដែលគាត់មិនបាន​ប៉ះពាល់​លុយ ​ឬរបស់មានតម្លៃរបស់​បុរសនោះ​បន្តិចឡើយ​ ព្រោះពេលចូលដល់ក្នុងបន្ទប់ម៉ាស្សា​កើតហេតុនោះ​ បុរសចំណាស់ខាងលើ​ បានយករបស់ទ្រព្យមានតម្លៃ​ទៅទុកដាក់ស្រួលបួល​ដែរ​ ហើយគាត់ក៏មិនបានដឹងថាទុក​ឯណាដែរ បន្ទាប់មករូបគាត់​បានចូលមក​ម៉ាស្សាដោយចលនាជូន​បុរសវ័យចំណាស់នោះ​ តាមធម្មតា​ដូចភ្ញៀវដទៃទៀតដែរ អស់រយៈពេល​ជិត២ម៉ោង រួចហើយក៏បានបើកទ្វារចេញមកធម្មតា តែបែរជា​បុរសវ័យចំណាស់បានរត់ចុះមកតាមគាត់ពីក្រោយទាំងអាក្រាតកាយ ទើបគាត់ ប្រញាប់​ចុះមកដល់ក្រា​ម​ ហើយបុរសនោះក៏ស្រែកឡូឡា​ ចោទដាក់​គាត់ថា​ លួចយកលុយ​អស់ចំនួន១០០ដុល្លារ​ទៅវិញ​ ហើយចំពោះការចោទប្រកាន់មកលើគាត់បែបនេះ រូបគាត់សុំ​បដិសេធ​ទាំងស្រុង ។

មន្ត្រីប៉ូលិសល្បាតដែលចុះមកសាកសួរនោះ​ បានបញ្ជាក់ដែរថា​ នេះគ្រាន់ជាការ​អះអាង​រៀងៗខ្លួន​ប៉ុណ្ណោះ ដូច្នេះ​បើសិនជាមានករណីនេះពិតមែន​ សូមលោកពូ​ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល​ទំនប់ទឹកបាន​ បន្ទាប់ពីទទួលបណ្ដឹងភ្លាមមេរបស់គាត់​នឹងបញ្ជាឲ្យអោយគាត់នាំ​ស្ត្រីរូបនោះ​ ទៅសាកសួរបំភ្លឺនៅប៉ុស្តិ៍យោងតាមពាក្យបណ្ដឹងរបស់ពូផងដែរ តែបើពូ​នៅតែស្រែកឡូឡាថាស្ត្រីខាងលើ​ លួចលុយរបស់​ ដោយរំខានដល់អ្នកដទៃទាំងយប់​ សមត្ថកិច្ចបានត្រឹមចុះមកសម្របសម្រួល​ កុំឲ្យមានការ​ភ្ញាក់ផ្អើល​សិនប៉ុណ្ណោះ​ ព្រោះមិនមែនករណីជាក់ស្ដែង​ ទើបព្យាយាម​ពន្យល់​អោយពូ​ ទៅប៉ុស្តិ៍​ដាក់ពាក្យ​បណ្ដឹងជាមុនសិន។

ទោះជាមានការ​ពន្យល់ណែនាំរបស់សមត្ថកិច្ច​មូលដ្ឋាន​ក៏ដោយ​ ក៏បុរសចំណាស់ខាងលើ​ នៅតែ​ស្រែកថា​ បើគាត់ទៅដាក់ពាក្យបណ្ដឹង​ ស្ត្រីម៉ាស្សានោះទៅណាបាត់​ អ្នកណាទទួលខុសត្រូវ? គាត់មិនទៅទេ​ ចង់អោយសមត្ថកិច្ចឃាត់ខ្លួនស្ត្រីម៉ាស្សានោះយកទៅប៉ុស្តិ៍ទើបគាត់ទៅ​ ព្រោះខ្លាច​ស្ត្រីម៉ាស្សានោះរត់បាត់​ ។ រីឯក្រុមអ្នកយកព័ត៌មានយើងក៏បានជួយពន្យល់ប្រាប់គាត់​ ឲ្យទៅប៉ុស្តិ៍​ដាក់ពាក្យ​បណ្ដឹងសិនទៅ​ ទើបសមត្ថកិច្ចគេអនុវត្ត​តាមនីតិវិធីច្បាប់​បាន​ តែបុរសចំណាស់នោះ​ ស្រែកដាក់អ្នកយកព័ត៌មានយើង​ហើយស្រែកជេទៀត​។

ក្រោយពេលកើតហេតុ ដោយសារតែនិយាយមិនស្ដាប់គ្នា​ សមត្ថកិច្ចក៏ជិះចេះទៅល្បាតក្នុងភូមិសាស្ត្របាត់ ហើយបុរសចំណាស់នោះ​ នៅតែស្រែកឡូឡា​នៅមុខហាង​នោះទៀត​ មួយសន្ទុះក្រោយមក បានស្រែកប្រាប់ថា ទៅប៉ុស្តិ៍ដាក់ពាក្យ​បណ្ដឹង ស្រាប់តែបាត់សូន្យមិនដឹងទៅណាបាត់នោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post