header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក (CNRP-USA) បានថ្កោលទោសលោក សម រង្ស៊ី យ៉ាងដាច់អហង្ការ ចំពោះអាកប្បកិរិយាប្រមាថម្ដងហើយម្ដងទៀត និងគ្មានសីលធម៌ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការលះបង់របស់លោក កឹម សុខា និងពលរដ្ឋខ្មែររាប់លាននាក់ ដែលបានតស៊ូដើម្បីសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងការគោពសិទ្ធិមនុស្ស។

មូលហេតុដែលនាំឲ្យអតីតអ្នកគាំទ្របក្សប្រឆាំង ចេញមកប្រតិកម្មជាបន្តបន្ទាប់នេះ ដោយសារកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក សម រង្ស៊ី បានបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា។ ការភ្នាល់នោះ លោក សម រង្ស៊ី និយាយថា “បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនោះ សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ខ្លួនឯងនឹងស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ ដោយចូលឲ្យសមត្ថកិច្ច ចាប់ខ្លួន ដើម្បីអនុវត្តទោសនៅក្នុងពន្ធនាគារ”

ជាការឆ្លើយតបនូវការភ្នាល់ជាមួយលោក សម រង្ស៊ី សម្តេចតេជោ ហ៊ុន សែន ក៏បានកំណត់ថា ប្រសិនលោក សម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឲ្យចាប់ខ្លួន ដើម្បីអនវុត្តទោសបន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗតែម្តង។

យោងតាមសេចក្ដីថ្លែងការណ៍របស់ CNRP-USA នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ប្រចាំអាមេរិក ខកចិត្តយ៉ាងក្រៃលែង បន្ទាប់ពីបានឃើញទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា បានផ្តួចផ្ដើមបបួលសម្ដេចតេជោ ភ្នាល់គ្នាលើករណីដោះលែង ឬមិនដោះលែងលោក កឹម សុខា។

អតីតក្រុមអ្នកគាំទ្រ បញ្ជាក់ទៀតថា “ក្រុមគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក សូមថ្កោលទោសយ៉ាងដាច់ អហង្ការចំពោះអាកប្បកិរិយាប្រមាថ ម្ដងហើយម្ដងទៀត ដ៏អគុណធម៌ និងគ្មានសីលធម៌ ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលះបង់របស់លោក កឹម សុខា និងពលរដ្ឋខ្មែររាប់លាននាក់ ដែលបានតស៊ូ ដើម្បីសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងការគោពសិទ្ធិមនុស្ស”

ក្នុងសេចក្ដីថ្លែងថា ក៏បានអំពាវនាវដល់អ្នកនយោបាយខ្មែរ គ្រប់រូប បញ្ឈប់ជាបន្ទាន់នូវចរិតនយោបាយប្រាសចាកគុណធម៌ ហើយងាកមកប្រកាន់ក្រមសីលធម៌ និងគុណធម៌នយោបាយឲ្យបានថ្លៃថ្នូរ និងធ្វើអ្វីៗដោយតម្កល់ប្រយោជន៍ជាតិ និងពលរដ្ឋជាធំ។

ចំពោះការចេញមុខប្រតិកម្មជាហូរហែរពីសំណាកអ្នកគាំទ្រ ក៏ដូចជាមន្រ្តីអតីតបក្សប្រឆាំងនេះ លោក សម រង្ស៊ី បានលើកឡើងថា លោកមិនចាប់អារម្មណ៍ចំពោះ អ្នកណាមិនពេញចិត្តនោះទេ ។ លោកថា សំខាន់អ្នកដែលមានសិទ្ធិបញ្ចេញមតិ គឺមានតែអនុប្រធានគណបក្ស៣រូបប៉ុណ្ណោះ ដូចជា លោក ប៉ុល ហំម, លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ ហើយលោកអះអាងថា តែពួកគាត់ទាំង៣រូប មិនបានបញ្ចេញយោបល់អ្វីទេ ដូច្នេះបញ្ជាក់ថា គឺពួកគេគាំទ្រលោក។

ប៉ុន្តែសម្ដីលោក សម រង្ស៊ី មិនខ្វល់ពីអ្នករិះគន់លោកនោះដែរ លោក គង់ គាំ ដែលជាអ្នកនយោបាយជើងចាស់ របស់អតីតបក្សប្រឆាំង និងជាមនុស្សធ្លាប់ជាជំនិតរបស់លោក សម រង្ស៊ី នោះ ក៏បានចេញមកឆ្លើយតបផងដែរ។

លោក គង់ គាំ បានថ្លែងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១១ វិច្ឆិកាថា តើសុខៗ ស្រាប់តែលើកយកការភ្នាល់ពីការដោះលែងលោក កឹម សុខា ថាជាការរងសម្ពាធអន្តរជាតិ និងដាក់វត្ថុភ្នាល់ គឺការចុះចេញពីតំណែងរបស់នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន ហេតុអ្វី? ។ ខ្លាចលោក កឹម សុខា ត្រូវដោះលែងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ និងយ៉ាងយូរនៅខែមីនា ឆ្នាំ២០១៩ ដោយទុកខ្លួនក្រៅកញ្ចប់ឬ?

លោកចោទជាសំណួរថា តើមានន័យយ៉ាងម៉េចដែលថា មតិលោក កឹម សុខា គ្មានសេរីភាព និងមតិអ្នកផ្សេងមិនយកជាការ មានតែលោក ប៉ុល ហំម មួយទល់ពីរ គឺអ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ទើបអាចវាយតម្លៃថា ល្បែងភ្នាល់នេះ គឺជាគន្លឹះសង្គ្រោះជាតិតែមួយគត់។ លោកអើយ មិនយល់ទេ ជាតិសំខាន់ ឬបុគ្គលសំខាន់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post