header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ប្រតិបត្តិការរយៈពេលមួយថ្ងៃពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ រួមជាមួយ និងលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ និងរថយន្តពិសោធន៍ប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះពិនិត្យមើលនៅតាមស្ថានីយប្រេងឥន្ធនៈចំនួន ១៣ទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ ៣ ចាប់ពីគល់ស្ពានស្លាគូ មកដល់អង្គតាសោម និងចាប់ពីអង្គតាសោម ចូលមកទីរួមខេត្ត ក្នុងក្រុងដូនកែវ នៅតាមបណ្តោយផ្លូវជាតិលេខ ២ ។

ក្នុងនោះមន្ត្រីជំនាញកាំកុងត្រូល បានរកឃើញថា ម្ចាស់ស្ថានីយប្រេងឥន្ធនៈនៅក្នុងខេត្តតាកែវ ចំណោម១៣ស្ថានីយ មានស្ថានីយប្រេងឥន្ធនៈចំនួន ៩ គឺនៅតែខុស និងក្លែងបន្លំភ្នែករបស់បងប្អូនប្រជាពលរដ្ឋ ដោយស្ថានីយចាក់ប្រេងរបស់ពួកគាត់ គឺមិនមានអនុលោម ភាពផ្នែកបរិមាណ និងខ្លះទៀត ថែមទាំងមិនមានអនុលោមភាពផ្នែកគុណភាពថែមទៀត ដោយក្នុងការចាក់ប្រេងចំនួន ១០០លីត្រ គឺមានខ្លះបាត់ចំនួនប្រេង ចាប់ពីចន្លោះ៧លីត្រទៅ៩លីត្រឯណោះ។

ទន្ទឹមនឹងការកើតមានបញ្ហានេះ កើតឡើង មន្ត្រីជំនាញសាខាកំាកុងត្រូលខេត្តបានអញ្ជើញ រាល់គ្រប់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់ នៅក្នុងខេត្ត មកប្រជុំផ្សព្វផ្សាយអប់រំ ណែនាំ អំពីការក្លែងបន្លំជាមួយ នឹងម្ចាស់ស្ថានីយអស់រយៈពេលជាច្រើនខែ និងការអប់រំណែនាំក្នុងការចុះពិនិត្យនៅតាមស្ថានីយជាលើកទី១ ម្តងរួចមកហើយ ។

លោក ប៉ោ លាងគង់ បានអះអាងថា នឹងបង្ហាញឈ្មោះម្ចាស់ស្ថានីយប្រេងទាំងនេះ នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដើម្បីឲ្យមហាជនបានដឹងច្បាស់ មិនតែប៉ុណ្ណោះ នឹងយកប្រេងសាំង ប្រេងម៉ាស៊ូត លើស្ថានីយដែលមិនអនុវត្តតាមនោះ ទៅពិនិត្យបន្តនៅឡាបូ ក្នុងអគ្គនាយកដ្ឋានកាំកុងត្រូលថែមទៀត នៅពេលមានលទ្ធផលយ៉ាងណា មន្ត្រីជំនាញ និងចុះអនុវត្តច្បាប់ផ្ទាល់ជាមួយ នឹងម្ចាស់ស្ថានីយតែម្តង ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានប្រាប់ឲ្យក្រុមអ្នកសារព័ត៌មានបានដឹងនៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកាថា ឆ្លងកាត់ការត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈនៅក្នុងខេត្តតាកែវ នេះ គឺបានពិនិត្យទៅលើស្ថានីយចាក់ប្រេងចំនួន ១៣ទីតាំង ក្នុងនោះមាន ៤ទីតាំងគឺអនុវត្តត្រឹមត្រូវទៅតាមស្តង់ដារ ដែលក្រសួងបានកំណត់ ដោយឡែក ចំពោះម្ចាស់ស្ថានីយប្រេងឥន្ធនៈចំនួន៩ គឺត្រូវបានរកឃើញថា ក្នុងនោះមាន ២ស្ថានីយ មិនអនុលោមភាពផ្នែកបរិមាណផង និងគុណភាពផង បានន័យថា មិនគ្រប់លីត្រ ហើយ ប្រេងសាំងធម្មតា ដាក់ស្លាកថា ប្រេងសាំងស៊ុបព៊ែរ បន្លំភ្នែកអតិថិជន និង៧ស្ថានីយទៀត មិនអនុលោមទៅលើបរិមាណ ដោយប្រេងចាក់មិនគ្រប់ រង្វាស់រវង្វល់ ដោយក្នុងប្រេងចំនួន ១០០លីត្រ បាត់ប្រេងចាប់ពីចន្លោះ ៧លីត្រ ឡើងទៅ ៩លីត្រ ដែលនេះ គឺជាចំណុចក្លែងបន្លំភ្នែករបស់អតិថិជនមួយ និងការកេញចំណេញពីម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងនោះ ។

លោក ប៉ោ លាងគង់ បានបញ្ជាក់ឲ្យដឹងថា ចំពោះស្ថានីយប្រេងឥន្ធនៈទាំង៩នោះ មាន ៥ ស្ថានីយដែលខុសទៅលើបរិមាណ និងគុណភាពធ្ងន់ធ្ងរ ដោយក្នុងការចាក់ប្រេងចំនួន ១០០លីត្រ គឺមានខ្លះបាត់ចំនួនប្រេង ចាប់ពីចន្លោះ ៧លីត្រទៅ ៩លីត្រ ទី០១ ស្ថានីយប្រេង ឈាវ លាំង ស្លាគូ, ទី០២ ស្ថានីយប្រេង ជៀក ច្រូវ, ទី០៣ ស្ថានីយប្រេង សុភក្តិ តាកែវ, ទី០៤ ស្ថានីយប្រេងដំណាក់សេក និងទី០៥ ស្ថានីយប្រេងឥន្ធនៈអង្គតាសោម ។

ដោយឡែក ០៤ទីតាំងទៀត ខុសលើបរិមាណដែរ តែមានកម្រិតទៀបបំផុត ដែលចាក់ប្រេង ១០០លីត្រ បាត់ប្រេងចាប់ ១លីត្រ ទៅ៣លីត្រ រួមមាន ទី០១ ស្ថានីយប្រេង តេឡាអង្គតាសោម, ទី០២ ស្ថានីយប្រេង ១មករា, ទី០៣ ស្ថានីយប្រេង ម៉ារីយ៉ាន ទី៤ វណ្ណៈស្រីនាង ស្លាគូ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post