header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ និស្សិត​ក្រីក្រម្នាក់ បានស្លាប់ភ្លាមៗមួយរំពេច ក្រោយចេញពីរៀន ជិះម៉ូតូត្រឡប់ទៅផ្ទះ ត្រូវរថយន្តកុងតឺន័រកៀរឲ្យដួល ហើយបុកអូសជាង២០ម៉ែត្រ កិនដើមទ្រូង និងក្បាលស្លាប់យ៉ាងអាសូរ។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមុខរោងចក្រ W&D (ជិតសាលាបឋមសិក្សាភូមិឫស្សី) តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពឈ្មោះ ម៉េង ឈុនលី ភេទប្រុស អាយុ១៩ឆ្នាំ (នៅលីវ)​ ជនជាតិខ្មែរ មុខរបរសិស្សសាកលវិទ្យាល័យបញ្ញាសាស្រ្ត (ឆ្នាំទី១) និងធ្វើការក្រៅម៉ោងនៅកន្លែងរៀននោះដែរ ដោយស្នាក់នៅជាមួយពូក្នុងបុរីពិភពថ្មី (ចំការដូង) និងមានស្រុកកំណើត នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

តាមសំដីពូសាក​សព បានប្រាប់​ឲ្យដឹងថា ដោយសារគ្រួសារក្មួយរបស់គាត់ មានជីវភាពក្រីក្រ គាត់ក៏យកមកឱ្យរស់នៅជាមួយគាត់ ដើម្បីអោយរៀនបន្តនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ហើយក្មួយរបស់គាត់បានឆ្លៀតធ្វើការក្រៅម៉ោងនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រ ។ ពេលចប់ម៉ោងក្មួយរបស់គាត់ជិះម៉ូតូមកផ្ទះរបស់គាត់ ដែលរស់នៅក្នុងបុរីពិភពថ្មីចំការដូងស្រាប់តែមកជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បែបនេះឡើង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយ គេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FA-9822 តាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចមកកើតក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E.3667បើកមកពីខាងក្រោយកៀរម៉ូតូជនរងគ្រោះ​ឲ្យដួល ហើយអូសចម្ងាយប្រហែលជាង២០ម៉ែត្រកិនចំដើមទ្រូង និងបែកក្បាល​ខ្ទេច រួមទាំងមួកសុវត្ថិភាពទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្រោយពីបុកហើយរថយន្តបង្ក បានបន្ថែមល្បឿន បើករត់រហូតទៅដល់ផ្លូវ៥០ម៉ែត្រ កែងផ្លូវ៦០ម៉ែត្រ រួចប្លុងរថយន្តចោល ហើយដាក់មេប្រូចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៍ក្រុង ចុះមកវាស់វែង រួចយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើឯកសារប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post