header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៤នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយពីមានរថយន្ត Morning មួយគ្រឿង បើកបរដោយប្រុសស្រី២នាក់ប្ដីប្រពន្ធ ក្នុងល្បឿនលឿន ហើយជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់៤ត្រឡប់ផ្ងាជើងទ្រមេឃ ប្រពន្ធរបួសធ្ងន់​បែកមុខបែកមាត់​ និងក្បាល​ រីឯប្ដីបែកក្បាល និងខ្ទាតរបាំងថ្មទៅកណ្ដាលផ្លូវម្ខាងទៀត បន្តិចក្រោយមកស្រាប់តែតែមានបុរស២នាក់ទៀត ជិះម៉ូតូយ៉ាងលឿនទៅបុកបន្ថែម បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូក។

គ្រោះថ្នាក់ដ៏រន្ធត់នេះ ​បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចនៅមុខ​ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈក្បែរអគ្គស្នងការនគរបាលជាតិ ស្ថិតនៅលើកំណាត់ផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍បានរៀបរាប់ប្រាប់ឲ្យភ្នាក់ងារ​ខេមប៉ុស្តិ៍​ថា​ មុន​ពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក Morning ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AP-0292 បើកបរដោយបុរសនារីរូបស្រស់២នាក់ប្ដីប្រពន្ធ​ ធ្វើដំណើរចុះពីលើស្ពានអាកាសក្បាលថ្នល់​ ទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនយ៉ាងលឿន លុះមកជិតដល់កន្លែងកើតហេតុ​ ស្រាប់តែ​វ៉ាក់អឺ​ម៉ូតូមួយគ្រឿង ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់៤ត្រឡប់​ ក្រឡាប់​ផ្ងាជើងទ្រមេឃ ខូចខាតខ្ទេចស្ទើរទាំងស្រុង ហើយបុរសនារី២នាក់ប្ដីប្រពន្ធ​ រងរបួសធ្ងន់ និងធ្វើឲ្យ​របាំងថ្មបាក់អស់២កង់ខ្ទាតទៅកណ្ដាលផ្លូវម្ខាងទៀត មួយសន្ទុះក្រោយមកមានបុរស២នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1BH-2286 ឌុបគ្នា​ ក្នុងល្បឿនយ៉ាងលឿន​ ពីជើងទៅត្បូង​ ក៏ទៅជ្រុលបុករបាំងថ្ម ដែលខ្ទាតមកកណ្ដាលផ្លូវនោះបន្ថែមទៀត បណ្ដាលឲ្យបុរស២នាក់នោះ របួសធ្ងន់​ម្នាក់សន្លប់ស្ដូកស្ដឹង​ និងម្នាក់ទៀតបែកក្បាល​ហូរឈាម។

ក្រោយកើតហេតុបុរសនារីទាំង២នាក់ប្ដីប្រពន្ធ​ បានឡើងរថយន្ត​គិលាសង្គ្រោះគ្លីនិកឯកជន​ រស្មី​ទៅមន្ទីរពេទ្យជាមួយគ្នា​ ចំណែកឯបុរសទាំង២នាក់ ដែលរបួសធ្ងន់ដែរនោះ​ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន​ មហានគរ​ មកដឹកយកទៅសង្គ្រោះផងដែរ​។

ចំណែក​រថយន្ត និងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះទៅធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ​លើ​ការ​ខូច​ខាត​ទ្រព្យសម្បត្តិ​រដ្ឋតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post